(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ដ្រីជាន់ខ្ពស់មួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហោះសារជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសខួបកំណើតជន្នាយុគម្រប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ។
តាមរយៈ Facebook លោក អ៊ូ ច័ន្ទរ័ត្ន បានបង្ហោះសារយ៉ាងដូច្នេះថា «នៅក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ខ្ញុំសូមចូលរួមអបអរ និងជូនពរឲ្យសម្ដេច ជួបតែសុខភាពល្អ និងជួបតែពុទ្ធពរព្រះបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ»។
ការបង្ហោះសារជូនពរដល់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីសំណាក់អតីតមន្ដ្រីជាន់ខ្ពស់អតីតបក្សប្រឆាំងខាងលើនេះ បានធ្វើឲ្យអ្នកតាមដានស្ថានការណ៍នយោបាយមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ផងដែរ ព្រោះវាជារឿងកម្រមួយក្នុងឆាកនយោបាយខ្មែរ។ អ្នកនយោបាយខ្មែរដែលនៅនៅបក្សផ្សេងគ្នា ជាពិសេសរវាងបក្សកាន់អំណាច និងបក្សប្រឆាំង គឺគេកម្រឃើញមានការល្អូនល្អិន ឬជូនពរគ្នាជាសាធារណៈបែបនោះឡើយ។ អ្វីដែលកាន់តែកម្រទៀត គឺអតីតអ្នកនយោបាយមកពីអតីតគណបក្សសង្គ្រោះជាតិ មិនដែលមានពាក្យពេចន៍ល្អៗទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននោះឡើយ។
សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គល ១១៨រូបមកពីអតីតគណបក្សសង្គ្រោះជាតិដែលជាប់បំរាមមិនឱ្យធ្វើនយោបាយ។ តែពេលថ្មីៗនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានស្នើសុំការប្រោសព្រះរាជទានពីព្រះមហាក្សត្រខ្មែរ ហើយទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញហើយ៕