(កំពត)៖ វេទិកាសន្ទនាជាមួយសង្គមស៊ីវិលក្នុងខេត្តកំពតក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ត្រូវបានរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដោយសហការជាមួយរដ្ឋបាលខេត្តកំពត ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោកស្រី យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីតំណាង មន្ទីរ-អង្គភាព ចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តកំពត បានស្វែងយល់អំពីគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ក៏ដូចជាបានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់នានា ដែលអង្គការសង្គមស៊ីវិលត្រូវបំពេញ ដើម្បីឈានទៅបង្កើតភាពជាដៃគូ សហការប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
នៅក្នុងអង្គវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមជាក់ស្តែង រួមទាំងសំណូមពរមួយចំនួន មកពិភាក្សាយ៉ាងផុសផុលនិងដោយត្រង់ទៅត្រង់មក ដើម្បីសហការស្វែងរកដំណោះស្រាយរួមគ្នា។
ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់ បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសជាមួយរាជរដ្ឋាភិបាល ដោយត្រូវពង្រឹងសាមគ្គីភាពជាមួយគ្នា និងបង្កើតភាពជាដៃគូដោយឆន្ទៈស្មោះត្រង់រវាងគ្នា ព្រមទាំងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន សំដៅចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាព រស់នៅនិងសុខុមាលភាព របស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕