(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងរយៈពេល១៣ថ្ងៃ នៃយុទ្ធនាការពាក់មួកសុវត្ថិភាព បានបង្ហាញថា អត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយប្រើប្រាស់ទោចក្រយាន មានការថយចុះ៩នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ថយចុះ៥នាក់ បើធៀប១៣ថ្ងៃមុនយុទ្ធនាការ។

ទន្ទឹងនឹងអ្នកស្លាប់ថយចុះនេះ សម្ដេចក្រឡាហោម ស ខេង នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប។

តាមរយៈ Facebook សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖

«បងប្អូនជនរួមជាតិ ជាទីស្រឡាញ់រាប់អាន! ជាថ្មីម្តងទៀត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរតាមមធ្យោបាយទោចក្រយានយន្តទូទាំងប្រទេស ដែលបានធ្វើឲ្យអត្រាមរណៈមានការថយចុះ។

យោងតាមរបាយការណ៍លទ្ធផល នៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងរយៈពេល១៣ថ្ងៃ (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩) បានបង្ហាញថា អត្រាមរណៈចំពោះអ្នកប្រើប្រាស់មធ្យោបាយទោចក្រយានយន្ត បានថយចុះ៩នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពបានថយចុះ ៥នាក់ បើប្រៀបធៀបរយៈពេល១៣ថ្ងៃ មុនការអនុវត្តយុទ្ធនាការ។

ផ្អែកតាមលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ និងកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ ខ្ពស់របស់កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ សំដៅធ្វើយ៉ាងណាឲ្យអ្នកដំណើរតាមមធ្យោបាយទោចក្រយានយន្តទាំងអស់ ពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា ហើយខ្ញុំក៏សូមការអធ្យាស្រ័យ ចំពោះការដាក់ចេញវិធានការឃាត់ទុកមធ្យោបាយធ្វើដំណើរ ដើម្បីតម្រូវឲ្យបងប្អូនទិញ ឬរកមួកសុវត្ថិភាព មកពាក់ឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យបន្តដំណើរ។

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ប្រកបដោយភាពម្ចាស់ការ និងស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ នៅលើដងផ្លូវ តាមគោលការណ៍ច្បាប់កំណត់។

ទោះបីជាការអនុវត្តយុទ្ធនាការរឹតបន្តឹង ការពាក់មួកសុវត្ថិភាពមួយរយៈនេះ ទទួលបានលទ្ធផលវិជ្ជមានយ៉ាងណាក្តី ក៏ប៉ុន្តែអត្រាមរណៈនៅតែមានចំនួនច្រើន ហើយចំនួនអ្នករបួសនៅតែបន្តកើនឡើង ដោយពុំទាន់មានសញ្ញាថមថយនៅឡើយ។

ក្នុងនាមប្រធានប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប ។

សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែសេចក្ដីសុខ និងសេចក្តីចម្រើន គ្រប់ប្រការ»៕