(បន្ទាយមានជ័យ)៖ មហាឧបដ្ឋានសាលាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មួយខ្នងដែលមានទំហំ ២៦ម៉ែត្រគុណនឹង៣៩ម៉ែត្រ ព្រមទាំងផ្លូវមួយខ្សែត្រូវបានបញ្ចុះបឋមសីលាសាងសង់កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្រោមការចូលរួមពីសំណាក់លោកឧកញ៉ា លីវ ម៉ូវ និងលោកស្រី ហូ សារ៉េត លោក លីវ សុភក្រ្តា លោក លីវ សុផាណ្ណរើន និងលោក ម៉ែន សោភ័ណ អភិបាលរងក្រុងប៉ោយប៉ែត។

លោកឧកញ៉ា លីវ សុភក្រ្តា តំណាងលោកឧកញ៉ា ឡាយ ប៊ុនប៉ា បានឲ្យដឹងថា មហាឧបដ្ឋានសាលាមរតកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៃវត្តស្ទឹងបត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺសាងសង់ឡើងតបតាមការបិណ្ឌបាត និងស្នើសុំរបស់ព្រះចៅអធិការវត្តស្ទឹងបត់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានពីសំណាក់លោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកស្រីឡាយ ឈុននី លោកឧកញ៉ា លីវ ម៉ូវ និងលោកស្រី ហូ សារ៉េតដែលត្រូវចំណាយទឹកប្រាក់លើការសាងសង់ជាង ៥០ម៉ឺនដុល្លារ។

ព្រះគ្រូចៅអធិការវត្តស្ទឹងបត់ព្រះនាម តុល ភួង បានមានសង្ឃដីការថា មហាបដ្ឋានសាលា និងផ្លូវមួយខ្សែដែលមានប្រវែង២០០០ម៉ែត្រ ទទឹង៧ម៉ែត្រសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផល ជាច្រើនទៀត ដែលលោកឧកញ៉ាឡាយ ប៊ុនប៉ា លោកឧកញ៉ា លីវ ម៉ូវ តែងតែជួយអភិវឌ្ឍនៅតំបន់អូរខៃដនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោក ឧកញ៉ា និងលោកស្រី ក៏បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ប្រព័ន្ធទឹកប្រពន្ធភ្លើងជាច្រើនទៀត ដែលជាសមិទ្ធផលអភិវឌ្ឍន៍ចូលរួម ក្នុងការលើកមុខមាត់ថ្មីរបស់ក្រុងប៉ោយប៉ែត ដើម្បីឲ្យប្រជាជនងាយស្រួលក្នុងការធ្វើដំណើរទៅទីសក្ការៈបូជា និងជួបជុំសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយសម្រាប់កសាងទានកុសលផលបុណ្យ ដើម្បីជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាជាតិ ឲ្យស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងគិតសុខទុក្ខលំបាករបស់ប្រជាជន និងខិតខំលើកស្ទួយវិស័យព្រះពុទ្ធសាសនាក៏ដូចជាអភិវឌ្ឍន៍ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក ម៉ែន សោភ័ណ បានលើកឡើងថាក្រោមការដឹកនាំរបសើសម្តេចតេជោ ហ៊ុន សែន ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចនេះ សូមឲ្យបងពុកម៉ែបងប្អូនចូលរួម រក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងសូមឲ្យយុវវ័យសម័យថ្មីត្រូវសឹក្សាពីប្រវត្តិសាស្រ្តកុំជឿ តាមពួកមួយក្រុមតូចដែលនាំឲ្យប្រទេសជាតិដើរថយក្រោយ គឺសូមអោយសួរពុកម៉ែយើងថា មានសម័យណាដែលដូចសម័យនេះ មានផ្លូវមានភ្លើងមានទឹកដើរហើរដោយសេរី។ ជាចុងក្រោយ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព។

ជាមួយនិងពិធីនេះដែលក៏មានការផ្តល់អំណោយដល់ប្រជាពលរដ្ឋ តាជីយាយជីចំនួន ២០០នាក់ក្នុងមួយនាក់ៗទទួលបានអង្ករ១០គីឡូក្រាម មីមួយកេះ និងថវិកាចំនួន២ម៉ឺនរៀល៕