(រតនគិរី)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរនគិរី បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទត្រីមាសទី២ និងផែនការអនុវត្តបន្តត្រីមាសទី៣ ឆ្នាំ២០១៩។
ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លន់ សុភាព អភិបាលរងខេត្តរតនគិរី និងជាប្រធានក្រុមការងារបច្ចេកទេសទឹកជនបទ និងអនាម័យជនបទថ្នាក់ខេត្ត។ កិច្ចប្រជុំខាងលើនេះដែរ មានការចូលរួមពីលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តរតនគិរី, អង្គភាពមន្ទីរពាក់ព័ន្ធ, លោកអភិបាលរងស្រុក ក្រុង ការិយាល័យស្រុក ក្រុង មេឃុំ ចៅសង្កាត់ព្រមទាំងអង្គការដៃគូរអភិវឌ្ឍន៍នានាជាច្រើនរូបទៀត។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីលោក អៀម អឿន បានថ្លែងថា ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី មានតួនាទីលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យបានទាន់ពេលវេលា និងសមស្រប ដោយផ្អែកលើផែនការយុទ្ធសាស្ត្រថ្នាក់ជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ។
លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូរអភិវឌ្ឍន៍នានាដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការខិតខំធ្វើឲ្យវិស័យផ្គត់ផ្គង់ ទឹកជនបទ និងការលើកកម្ពស់អនាម័យក្នុងខេត្តឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់ ហើយកិច្ចប្រជុំនេះដែរគឺផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបាននឹងកំពុងអនុវត្តន៍សកម្មភាពទាក់ទង ទៅនឹងវិស័យផ្គត់ផ្គង់ទឹកជនបទ និងអនាម័យជនបទបានជួបពិភាក្សាគ្នា និងផ្លាស់ប្តូរបទពិសោធន៍ដោយបង្ហាញនូវវឌ្ឍនភាព នៃលទ្ធផលការងាររបស់ខ្លួន ដែលបានអនុវត្តន៍កន្លងមកក្នុងនោះ មន្ទីរសុំឲ្យមានការលើកឡើងពីបញ្ហាប្រឈមនានា មកពិភាក្សារកដំណោះស្រាយរួមគ្នាដើម្បីមូលដ្ឋានសម្រាប់រៀបចំផែនការ អនុវត្តន៍សកម្មភាពទាំងនេះបន្តឆ្ពោះទៅសម្រេចគោលដៅ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺនៅឆ្នាំ២០២៣ ឲ្យបាន៩០ភាគរយ និងឆ្នាំ២០២៥ សម្រេចឲ្យបាន១០០ភាគរយ ទាំងផ្នែកទឹកជនបទ និងអនាម័យជនបទផងដែរ។
លោក លន់ សុភាព បានជំរុញឲ្យក្រុមការងារបច្ចេកទេសទឹកជនបទ និងអនាម័យជនបទថ្នាក់ខេត្ត ត្រូវខិតខំបន្ថែមទៀតធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់រូប នៅតាមសហគមន៍ជនបទត្រូវ មានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅ ក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាពស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់រយៈពេលមធ្យម ដែលបានកំណត់ថា នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណ៩០ភាគរយ នឹងត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យយ៉ាងមានប្រសិទ្ធភាពខ្ពស់។
ម្យ៉ាងវិញទៀតចំពោះសកម្មភាពលើកកម្ពស់អនាម័យជនបទនេះ លទ្ធផល ដែលយើងទទួលបាននោះគឺនៅតាមភូមិ ឃុំស្រុកដាច់ស្រយាល ជនបទនិងទីប្រជុំជនផ្សេងៗមានបង្គន់អនាម័យ ប្រជាពលរដ្ឋបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដោយបង្កើនការយកចិត្តទុកដាក់ពីមន្ត្រី អាជ្ញាធរស្រុក និងឃុំសម្រាប់អនុវត្តន៍កម្មវិធី អនាម័យដោយមានការគាំទ្រការឧបត្ថម្ភ ចំពោះគ្រួសារក្រីក្រក្នុងការសាងសង់បង្គន់អនាម័យ អាងស្តុកទឹកនិងអាងចម្រោះទឹកស្អាតជាដើម។
លោកអភិបាលរងខេត្តបន្តថា ការផ្គត់ផ្គង់ទឹកស្អាតនៅតាមមូលដ្ឋាននានាទូទាំងខេត្ត ក្នុងរយៈពេលកន្លងទៅនេះបានទទួលលទ្ធផលល្អ ដែលសមិទ្ធផលទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែង របស់មន្ត្រីជំនាញ និងអង្គភាពមន្ទីរពាក់ព័ន្ធ អង្គការដៃគូរ និងអាជ្ញាធរមូលដ្ឋានផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវទឹកស្អាតប្រើប្រាស់ និងមានអនាម័យល្អ។
ទន្ទឹមនោះដែរលោកអភិបាលរងខេត្ត បានសំណូមពរដល់មន្ត្រីជំនាញ អង្គភាពមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរត្រូវបន្តយកចិត្តទុកដាក់ចូលរួមសហការគ្នាឲ្យបានល្អ ចូលរួមផ្សព្វផ្សាយអនាម័យ និងការថែទាំសុខភាពជូនប្រជាពលរដ្ឋឲ្យយល់ដឹងតាមរយៈការហូបទឹកស្អាតជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់ស្រង់ស្ថិតិឲ្យបានទិន្នន័យច្បាស់លាស់ អំពីការប្រើប្រាស់ទឹកស្អាត បង្គន់អនាម័យ អណ្តូងទឹកស្អាត និងអាងចម្រោះទឹកស្អាតនៅតាមភូមិឃុំដើម្បីដាក់របាយការណ៍ទៅថ្នាក់ជាតិ។
ជាងនេះទៀតអ្នកពាក់ព័ន្ធលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទគ្រប់លំដាប់ថ្នាក់ត្រូវជំនះរាល់ការលំបាកនិងគោរពតួនាទីភារកិច្ចការងាររបស់ខ្លួនឲ្យបានល្អ ជម្រុញការអនុវត្តន៍ផែនការ សកម្មភាព និងផែនការយុទ្ធសាស្ត្រជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឲ្យសម្រេចបាន១០០ភាគរយក្នុងឆ្នាំ២០២៥៕