(ត្បូងឃ្មុំ)៖ ជំងឺគ្រុនឈាមនៅក្នុងខេត្តត្បូងឃ្មុំ នៅក្នុងសប្តាហ៍ទី៣០កន្លងទៅ ក្នុងឆ្នាំ២០១៩នះ បានហក់ឡើង ៤៥ករណីបន្ថែម ស្មើនឹងមនុស្សឈឺជំងឺគ្រុនឈាមចំនួន ២៩៣នាក់។
ចំពោះមុខមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បន្តធ្វើយុទ្ធនាការកាន់តែខ្លាំងក្លាបន្ថែមទៀត ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដោយនៅសប្តាហ៍ទី៣១ បានធ្លាក់មកវិញជាង៥០% នៅសល់ត្រឹមតែ១៦០ នាក់ប៉ុណ្ណោះ។
លោក កែវ វណ្ណៈ បញ្ជាក់ឲ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះថា កក្តា២ ដែលទិន្នន័យជំងឺគ្រុនឈាមកើនឡើងក្នុងសប្តាហ៍មុន នោះគឺ៖
*ទី១៖ អ្នកជំងឺចូលមកប្រើប្រាស់សេវាសាធារណៈ បណ្តាលមកពីគាត់យល់ដឹងអំពីជំងឺគ្រុនឈាម ដោយសារក្រុមការងារចុះអប់រំ តាមភូមិ តាមខ្នងផ្ទះ
*ទី២៖ សេវាឯកជន គាត់ក៏បានយល់ច្បាស់ ក្រោយពីមន្ត្រីសុខាភិបាល បានបណ្តុះបណ្តាលយ៉ាងច្រើនជាបន្តបន្ទាប់។
ទោះបីជាយ៉ាងនេះក្តី នៅសប្តាហ៍ទី៣១នេះ លោក និងមន្ត្រីសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន នឹងបន្តធ្វើយុទ្ធនាការខ្លាំងក្លាបន្ថែមទៀត ក្នុងការកំចាត់ប្រភពមូសខ្លា ដោយដាក់ថ្នាំអាបែត តាមខ្នងផ្ទះ បាញ់ថ្នាំសម្លាប់មូស និងចុះអប់រំបញ្ជា្របការយល់ដឹងឲ្យកាន់តែផុសផុលជាងនេះទៅទៀត។
លោកបញ្ជាក់ឲ្យដឹងទៀតថា នៅដើមសប្តាហ៍ទី៣១នេះ មន្ត្រីសុខាភិបាល បានចុះដាក់ថ្នាំអាបែត បាញ់ថ្នាំសំលាប់មូស និងអប់រំផ្សព្វផ្សាយនៅតាមភូមិ-ឃុំ ក្នុងស្រុកចំនួន៣ ជាបន្តបន្ថែមទៀតគឺ ស្រុកត្បូងឃ្មុំ បាន១ឃុំ និង២ភូមិ, ស្រុកពញាក្រែក ៤ឃុំ និង១០ភូមិ និងស្រុកតំបែរ ២ឃុំ ៥ភូមិ និងស្រុកអូររាំងឪ បានចំនួន២ឃុំ និង៣ភូមិ៕