(ភ្នំពេញ)៖ កំណាព្យខ្លីមួយដែលជាស្នាដៃនិពន្ធរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «ខ្ញុំជាអប្បមាទ» នាំឱ្យមានការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្តាញសង្គម។ កំណាព្យដែលលោករដ្ឋមន្ត្រីបាននិពន្ធកាលពីថ្ងៃទី១៧ ខែកក្កដា នៅលើរថយន្តតាមផ្លូវទៅកាន់ខេត្តពោធិ៍សាត់មានខ្លឹមសារយ៉ាងដូច្នេះថា។
[...ខ្ញុំជាអប្បមាទនៅពេលប្រឡង បំពេញតាមកម្រងភារកិច្ច
ខិតខំប្រឹងប្រែងធ្វើមិនដែលភ្លេច គឺជាកាតព្វកិច្ចដើម្បីខ្មែរ។
កំណែទម្រង់ឱ្យមានគុណភាព ឱ្យយុវជនយើងជ្រាប និងពូកែ
ជាពូជសាសន៍ធ្លាប់ខ្លាំងនឹងគេដែរ យើងប្រឹងដើម្បីខ្មែរមានកិត្តិយស។
កើតមកជាតិនេះមិនដែលសោកស្តាយ ខ្ញុំសូមអភិប្រាយដើម្បីជាតិ
ហើយសូមកើតមកជាខ្មែរម្តងទៀត ហើយសូមកុំឱ្យឃ្លាតពីអង្គរ។
ខ្ញុំធ្វើដោយការទទួលខុសត្រូវ ប្រឡងនាំមកនូវគុណភាពល្អ
ខ្ញុំនឹងធ្វើដោយចិត្តស្មោះសរ កូនខ្មែរអនាគតល្អជាតិរុងរឿង។...]
កំណាព្យរបស់លោក ហង់ ជួនណារ៉ុន ដ្បិតខ្លីត្រឹមតែ៤ល្បះ តែបានបង្កប់នូវស្មារតីនៃការស្រឡាញ់ និងស្នេហាចំពោះជាតិមាតុភូមិយ៉ាងជ្រាលជ្រៅ។ ជាពិសេសបានក្រើនរំលឹកដល់មន្ត្រី «អប្បមាទ» ទាំងអស់ពង្រឹងស្មារតីនៃភាពត្រឹមត្រូវក្នុងពេលត្រួតពិនិត្យលើការប្រឡង។
ទន្ទឹមនឹងការចាប់អារម្មណ៍ និងកោតសរសើរចំពោះអត្ថន័យអត្ថរសកំណាព្យនេះទៅ ក៏មានអ្នកងឿងឆ្ងល់ចំពោះពាក្យថា «អប្បមាទ» ផងដែរ។ «អប្បមាទ» គឺជាមន្ត្រីត្រួតពិនិត្យដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នៅតាមមណ្ឌលប្រឡងនីមួយៗ។
លោកទេសរដ្ឋមន្ត្រី ឱម យិុនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាអង្គភាពមួយបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មដើម្បីពង្រឹងគុណភាពនៃការប្រឡងបាក់ឌុបក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏បានចូលខ្លួនជួយស្រាយនូវចម្ងល់ និងពន្យល់ទៅលើពាក្យ «អប្បមាទ» នេះផងដែរ។
លោក ឱម យ៉ិនទៀង បានពន្យល់ថា អប្បមាទ ជាភាសាអង់គ្លេស គឺ vigilance, care, consciousness, watchfulness ដែលជាពាក្យផ្ទុយនឹងពាក្យ ប្រមាទ។ អប្បមាទនេះ ជាការមិនប្រមាថ ការមិនមើលស្រាល ជាការមិនធ្វេស, មិនប្រហែស ឬ មិនធ្វេសប្រហែស; ការប្រុងប្រយ័ត្នជានិច្ច, ការប្រុងមិនឲ្យភ្លាំងភ្លាត់, ការប្រយ័ត្ន មិនធ្វើអំពើអាក្រក់។ ធ្វើការដោយ អប្បមាទ គឺធ្វើការតាមច្បាប់...។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងអប់រំ រៀបចំ «អប្បមាទ» ពេលប្រឡងបាក់ឌុប មានយ៉ាងច្រើន ៣នាក់ ក្នុងមួយមណ្ឌល ក្តាប់សភាពការណ៍ទូទៅនៃដំណើរការប្រឡងសំណេរ, មើលប្រធានមណ្ឌល+គណៈកម្មការនានា (កណ្តាល, ត្រួតពិនិត្យអគារ,អនុរក្ស) ហើយស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំរបស់គណ:មេប្រយោគទូទាំងប្រទេស និងអាចរាយការណ៍ផ្ទាល់ទៅរដ្ឋមន្ត្រីផងដែរ។
លោកបន្តថា សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បង្កើតរចនាសម្ព័ន្ធថ្មីមួយ គឺបង្កើតឱ្យមានជំនួយការ «អប្បមាទ» ១ រូប មើល២បន្ទប់ប្រឡង ទូទាំងប្រទេស ដែលមានមាន ២០២មណ្ឌល និងមាន ៤,៨០៩បន្ទប់ប្រឡង។ ដូច្នេះជំនួយការ «អប្បមាទ» មានចំនួនសរុប ២,៤០៥នាក់ យកចេញពីនិស្សិត គរុនិស្សិត និងបន្ថែមគណ:មេប្រយោគទូទាំងប្រទេស ១នាក់ទៀត ក្នុងមួយខេត្ត។ ពីមុនមានពី ៣-៥នាក់ ក្នុងមួយខេត្ត សម្រាប់ទទួលមើល «អប្បមាទ» ជំនួយការ «អប្បមាទ» ក្នុងខេត្ត និងរាយការណ៍ផ្ទាល់ទៅរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែសីហា ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៩,២១៧នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ ៤៥,៤១៤នាក់ ស្រី ២៥,៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន៧៣,៨០៣នាក់ ស្រី៣៥,៥៣៨នាក់៕