(កំពង់ចាម)៖ ខណៈសល់ត្រឹមតែ១៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងមធ្យមសិក្សាទុតិយភូមិមកដល់, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់សិស្សថ្នាក់ទី១២ ទាំងអស់បង្កើនការសិក្សាឲ្យមានសមត្ថភាពដើម្បីប្រលងជាប់។
លោកអភិបាលខេត្តបានថ្លែងដូច្នេះទៅ កាន់សិស្សថ្នាក់ទី១២ ក្នុងក្រុងកំពង់ចាមជាង៣០០នាក់ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បំប៉នស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ ២០១៩ នៅសាលាគរុកោសល្យភូមិ ភាគខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងសម័យកាលនេះ សិស្សទាំងអស់មានតែការខិតខំប្រឹងប្រែងសិក្សាពីចម្ងាយទេ ដើម្បីពង្រឹងសមត្ថភាពឈានទៅប្រឡងជាប់ កម្រិតមធ្យមសិក្សាទុតិយភូមិ នឹង អាចជាប់បាននិទ្ទេសល្អផងដែរ។
លោកអភិបាលខេត្ត បានថ្លែងប្រាប់សិស្សានុសិស្សទាំងអស់ថា ប្រសិនបើចង់ប្រឡងជាប់ មានតែខិតខំសិក្សាប៉ុណ្ណោះ ព្រោះមានតែសមត្ថភាពផ្ទាល់ខ្លួនទេ ទើបអាចប្រឡងយកជ័យលាភីបាន និងសូមកុំរំពឹងទៅលើជំនឿផ្ដេសផ្ដាស ដូចជាការរត់រកគ្រូទាយ ឬក៏រកគ្រូស្រោចទឹកជាដើម។
លោក អ៊ុន ចាន់ដា ឲ្យដឹងទៀតថា ក្នុងខេត្តកំពង់ចាមមានមណ្ឌលប្រឡងចំនួន១៤ ដោយឡែក ក្នុងក្រុងកំពង់ចាមមាន ១០មណ្ឌល ហើយការត្រួតពិនិត្យក្នុងឆ្នាំនេះ មិនមានមន្ត្រីមកពីអង្គភាពប្រឆាំង អំពើពុករលួយទេ និងខាងក្រុមយុវជន ស ស យ ក ក៏មិនមានចូលរួមពិនិត្យ ដោយផ្ទាល់ដូចឆ្នាំកន្លងទៅដែរ ដោយហេតុថា ក្រសួងអប់រំ បានពង្រឹងការត្រួតពិនិត្យការប្រឡង មធ្យមសិក្សាទុតិយភូមិនេះតែម្តង។ ប៉ុន្តែជាមួយគ្នានោះ ខាងអង្គភាពប្រឆាំងអំពើពុករលួយ នៅតែបន្តត្រួតពិនិត្យពីលើ និងខាងសហព័ន្ធ សហភាពយុវជនកម្ពុជាក៏នៅតែបន្តជួយមើលផងដែរ។
លោកអភិបាលខេត្តបន្តថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នៅតែមានការត្រួតពិនិត្យយ៉ាងតឹងតែង ដូច្នេះសូមឱ្សសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង គឺមានរយៈពេល ១៣ថ្ងៃទៀត ដូច្នេះប្អូនៗ ត្រូវតែបង្កើនល្បឿនក្នុងការសិក្សា ដើម្បីមានសមត្ថភាពប្រលងឲ្យបានជាប់ និងទទួលនិទ្ទេសល្អបានផងដែរ៕
http://image.freshnewsasia.com/2018/117/fn-2019-08-05-15-15-55-0.jp