(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីនគរបាល ដែលបញ្ចប់ការសិក្សាទាំងអស់ ឲ្យយកជំនាញរបស់ខ្លួន ទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាឲ្យបាននូវសន្តិសុខជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងរំលឹកបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំស្នើដល់មន្ត្រីដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ យកចំណេះវិជ្ជាទាំងឡាយ ដែលមាននេះយកទៅអនុវត្តន៍ឲ្យបានជាក់ស្តែង ដើម្បីបម្រើសន្តិសុខជាតិរបស់យើង។ កុំភ្លេចថា ក្នុងក្របខណ្ឌក្នុងការឈានឡើងរបស់ខ្លួន រាជរដ្ឋាភិបាលរបស់យើង តាំងពីសាធារណៈរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា រហូតមកដល់រាជរដ្ឋាភិបាល យើងតែងចាត់ទុកថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង»។

បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក៏បានរំលឹកទៅកាន់មន្ត្រីនគរបាលទៀតថា សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយ គឺជាកត្តាដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍមិនអាចធ្វើទៅបានឡើយ បើគ្មានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពទេនោះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «គេមិនអាចមានការអភិវឌ្ឍមួយ ដោយគ្មានស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនោះទេ។ ដូច្នេះតាមរយៈសេនាធិការ នៃរាជរដ្ឋាភិបាល គឺសម្តេចក្រឡាហោម បានលើកចេញដាក់ចេញនូវគោលនយោបាយ ហើយមានការគាំទ្ររួម ពីសំណាក់រាជរដ្ឋាភិបាល នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព នោះហើយជាគោលដៅ ដែលយើងត្រូវឆ្ពោះទៅកាន់ទីនោះ។ ចំណុចនេះនៅតែជាចំណុចស្នូល នៃសកម្មភាពបន្ត សម្រាប់សន្តិសុខផ្ទៃក្នុងរបស់យើង»

សូមបញ្ជាក់ថា ដោយសារតែសន្តិភាព និងស្ថិរភាពសង្គម មានភាពល្អប្រសើរនេះ បើនិយាយអំពីការវិនិយោគវិញ នៅរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាអនុញ្ញាតឲ្យបង្កើតគម្រោងវិនិយោគថ្មី ចំនួន១៥៣ ក្រោមទុនវិនិយោគ ៥,១៨១លានដុល្លារអាមេរិក ដែលគម្រោងនេះបានបង្កើតការងារចំនួន ១៦៧,៣៣០កន្លែង។ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៨ គឺមានចំនួន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន៧៤គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១គម្រោង។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣,៥០០លានដុល្លារអាមេរិក៕