(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ បានជួបប្រជុំដាច់ដោយឡែកពីរគ្នា ជាមួយបងប្អូន អាជីវករទាំងផ្សារឯកជន និងងាជីវករផ្សាររដ្ឋ ដែលកំពុងប្រកបអាជីវកម្មនៅផ្សារសេនជូរីផ្លាហ្សា ដើម្បីផ្សព្វផ្សាយពីគំរោងសាងសង់ផ្សារថ្មីមួយ នៅទីតាំងផ្សារសេនជូរីផ្លាហ្សាបច្ចុប្បន្ន ឱ្យទៅជាផ្សារទំនើប ស្របតាមការវិវឌ្ឍន៍ រីកចំរើននៃសង្គម។
យោងតាមការផ្សព្វផ្សាយក្រុមហ៊ុនសេនជូរីផ្លាហ្សាគ្រុប និងកិច្ចសន្យាជាមួយបងប្អូនអាជីវករនឹងត្រូវបញ្ចប់នៅ អំឡុងឆ្នាំ២០២១, ក្រុមហ៊ុនមានគំរោងសាងសង់ផ្សារសេនជូរីផ្លាហ្សាទាំងមូលឱ្យក្លាយ ជាផ្សារទំនើប ប្រកបដោយសោភ័ណភាពអនាម័យ បរិស្ថាន និងជាផ្សារដែលមានភាពទាក់ទាញ សំរាប់ភាពរីកចំរើននៃអាជីវករគ្រប់រូប និងជាការរួមចំណេកលើកស្ទួយមុខមាត់មូលដ្ឋានផងដែរ។
ក្នុងចន្លោះរយៈពេលជាង ២ឆ្នាំនេះ តាមការឯកភាពពីសាលារាជធានីភ្នំពេញ, សាលាខណ្ឌពោធិ៍សែនជ័យ បងប្អូនអាជីវករផ្សារសេនជូរីទាំងអស់ នឹងត្រូវរើឥវ៉ាន់លក់ដូររបស់ខ្លួន ទៅលក់នៅទីតាំងបណ្តោះអាសន្ត នៅសួរកុមាពោធិ៍ចិនតុង ដើម្បីទុកលទ្ធភាពឱ្យក្រុមហ៊ុនដំណើរការសាសង់តាមគំរោង។
ក្នុងចន្លោះពេលលក់ដូរនៅទីតាំបណ្តោះអាសន្ត រយៈពេល ២ឆ្នាំ និងក្រោយពីវិលចូលមកលក់នៅផ្សារសេនជូរីថ្មី រយៈពេល៥ឆ្នាំ ក្រុមហ៊ុននៅរក្សាតម្លៃឈ្នួលដដែលមិនមានកែប្រែ ឬតម្លើងថ្លៃទេ តែចាប់ពីឆ្នាំទី ៦ទៅ ( ពោលក្រោយពីចូលលក់នៅក្នុងផ្សារទំនើបបាន ៥ឆ្នាំ ក្រុមហ៊ុននឹងតម្លើងថ្លៃឈ្នួល តាមការព្រមព្រាងគ្នាសំរាប់តូបតូច ៣៧,៥ដុល្លារ និងសំរាប់តូបធំ៥០ដុល្លារ) ។
ដោយឡែកសំរាប់អាជីវករផ្សាររដ្ឋ ដែលមានចំនួនតូបច្បាស់លាស់ ពេលចូលលក់នៅសផ្សារទំនើបថ្មី ត្រូវបង់តម្លៃ ១ខែ សំរាប់តូបតូច១០ដុល្លារ និងតូបធំ១៥ដុល្លារ រយៈពេល២០ឆ្នាំ តែអាជីវករផ្សាររដ្ឋ គឺស្ថិតនៅក្នុងការគ្រប់គ្រង និងផ្តល់អាជ្ញាប័ណ្ណពីរដ្ឋបាលខណ្ឌដដែល។
លោក នួន ផារ័ត្ន បានឲ្យដឹងថា ការពិភាក្សាគ្នាថ្ងៃនេះ យើងស្វែងរកភាពប្រសប់គ្នាមួយ គឺទទួលបានភាពឈ្នះឈ្នះទាំងអស់គ្នាពោល គឺភាគីក្រុមហ៊ុនទាំងអាជីវករ។ តែបើបងប្អូនមិនព្រម រយៈពេល ២ឆ្នាំទៀត បងប្អូននឹងអស់សិទ្ធលក់ដូរនៅទីនេះហើយ។
ចំពោះអាជីវករលក់ដូរនៅតាមចិញ្ចើមថ្នល់ ជុំវិញផ្សារដែលមិនមាន នោះជាសមត្ថកិច្ចរបស់អាជ្ញាធរខណ្ឌ ត្រូវចាត់វិធានការបែបណា ឱ្យស្របតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។ ទោះបីយ៉ាងណាក្តី សាលារាជធានីភ្នំពេញ នឹងត្រូវធ្វើការអភិវឌ្ឍន៍ឱ្យបានប្រសើឡើង គឺមិនទុកឱ្យផ្សារមួយនេះ ដែលស្ថិតនៅនឹងភ្នែកច្រមុះនៃភ្ញៀវទេសចរណ៍ បន្តនៅបែបនេះតទៅទៀតបានឡើយ៕