(កណ្ដាល)៖ ថ្លែងចេញពីបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្ដាំដល់អ្នកបន្ដវេនជំនាន់ក្រោយ កុំឲ្យផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំក្រសួងមហាផ្ទៃ និងរក្សាទុកឲ្យអង្គភាពនគរបាល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃដដែល។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលជាង១ពាន់នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រសិនបើអ្នកដឹកនាំជំនាន់ក្រោយ ហ៊ានតែផ្ដាច់អង្គភាពនគរបាល មិនឲ្យចំណុះក្រោមក្រសួងមហាផ្ទៃនោះ សម្ដេចជឿជាក់ថា ភាពរញ៉ែរញៃនឹងកើតមានឡើងជាក់ជាមិនខានឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា មូលហេតុដែលសម្ដេចក្រើនរំលឹកទុកអង្គភាពនគរបាល នៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ដោយសារតែសម្ដេចផ្អែកលើជោគជ័យ និងបទពិសោធន៍ដែលមានស្រាប់ ដែលបានអនុវត្តតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបានចាត់ទុកថា ក្រសួងមហាផ្ទៃ និងនគរបាល គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងរក្សានូវសន្តិភាព ស្ថេរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រឿងមួយដែលខ្ញុំគួរតែផ្ដាំ មិនថាថ្ងៃនេះ ថ្ងៃស្អែក ឆ្នាំនេះ ឬឆ្នាំក្រោយ អ្នកដែលបន្ដវេន នៅពេលក្រោយ គួររក្សាទុកនៅក្បាលម៉ាស៊ីនក្រសួងមហាផ្ទៃ ឲ្យនគរបាលនៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ បទពិសោធន៍ជោគជ័យរបស់យើង បើសិនជាហ៊ានផ្ដាច់ខ្ញុំគិតថា រញ៉ែរញ៉ៃ គឺទុកកុំរៀបចំមហាផ្ទៃមួយ និងកុំរៀបចំនគរបាលមួយដោយឡែក សូមរក្សាទុកបែបនេះ និងជាវិធីដែលល្អបំផុត។ យោងទៅលើបទពិសោធន៍ដែលយើងធ្លាប់មានក្នុងការគ្រប់គ្រងរដ្ឋ ក្នុងរយៈពេលកន្លងទៅ បើមិនដូច្នេះទេវាក្លាយទៅជាបញ្ហា»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ក្រសួងមហាផ្ទៃ បានដើរតួនាទី២សំខាន់ គឺកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ហើយទាក់ទិនជាមួយកម្លាំងប្រដាប់អាវុធ ស្ថិតនៅមួយផ្នែក នៃកម្លាំងប្រដាប់អាវុធរបស់ជាតិយើង នៅក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនេះ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា បន្ទាប់ពីការបោះឆ្នោតគណបក្សប្រជាជនឈ្នះ នៅឆ្នាំ១៩៩៨ មានមនុស្សមួយចំនួនក៏បានទៅស្នើឲ្យសម្ដេច ដើម្បីរៀបចំក្រសួងសន្ដិសុខជាតិ ឬក្រសួងនគរបាលជាតិ បំបែកចេញពីក្រសួងមហាផ្ទៃ ដោយមើលឃើញថា មានការលំបាក ប៉ុន្ដែសម្ដេចមិនព្រមចំពោះការលើកឡើងគំនិតទាក់ទិនជាមួយបញ្ហា ការបំបែកក្រសួងមហាផ្ទៃទៅផ្សេង និងយកនគរបាលទៅបង្កើតជាក្រសួងមួយផ្សេងនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាល បានយល់ថា ការសម្រេចមិនបំបែកតាមការស្នើសុំនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ព្រោះបើធ្វើក្រសួងមហាផ្ទៃត្រឹមតែ និយាយជាមួយខេត្ត និយាយជាមួយស្ថានភាពធម្មតា គ្មានឧបករណ៍នៅក្នុងដៃ មិនអាចការពារសន្ដិសុខផ្ទៃកើតនោះទេ ហើយបើប្រគល់ឲ្យមានក្រសួងសន្ដិសុខមួយទៀត អាចនឹងមានបញ្ហាច្របូកច្របល់កើតឡើង។

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា នៅប្រទេសមួយចំនួន អង្គភាពនគរបាល មិនស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងមហាផ្ទៃនោះទេ ពោលនៅប្រទេសវៀតណាម គឺក្រសួងនគរបាល ជាអ្នកគ្រប់គ្រងលើនគរបាលតែម្ដង ហើយនៅប្រទេសថៃវិញ ក្រសួងមហាផ្ទៃអត់គ្រប់គ្រងលើនគរបាលទេ គឺនគរបាលក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ដ្រីតែម្ដង៕