(កំពង់ស្ពឺ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី០៥ សីហា ឆ្នាំ២០១៩នេះ បានបន្ដដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ របស់គណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តកំពង់ស្ពឺ និងផ្សព្វផ្សាយ វិធានការ ត្រៀមបង្ការ និងឆ្លើយតបពេលមានគ្រោះមហន្តរាយកើតឡើង។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើង នៅសាលាខេត្តកំពង់ស្ពឺ។
បើតាមលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា គ្រោះមហន្តរាយ៧ខែ ដើមឆ្នាំ២០១៩ នៅទូទាំងខេត្ត បានកើតឡើងនូវគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ១៤៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៨០នាក់ របួស១៧៩នាក់ ខូចខាតរថយន្តចំនួន១០៨គ្រឿង និងទោចក្រយាន្ត៩៧គ្រឿង។
លោកថា ជាការឆ្លើយតប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានកិច្ចសហប្រតិបត្តិការ ជាមួយសាខាកាកបាទក្រហមខេត្ត និងសប្បុរសជននានា បាននាំយកសម្ភារនិងថវិកា ទៅផ្តល់ជូនគ្រួសារដែលរងគ្រោះ ដើម្បីដោះស្រាយបញ្ហាលំបាក ក្នុងគ្រួសារទាន់ពេលវេលា។
អង្គប្រជុំ ក៏បានស្តាប់នូវបទបង្ហាញរបស់បណ្តានាយកដ្ឋាន ចំណុះគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ជុំវិញការផ្តល់ព័ត៌មាន ការត្រៀមបង្ការ និងវិធានការឆ្លើយតបគ្រោះមហន្តរាយ។
ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានលើកសសើរការខិតខំ បំពេញការងាររបស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានខិតខំបំពេញការងារកន្លងមក និងបានណែនាំ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការងារប្រមូលព័ត៌មានពីគ្រោះមហន្តរាយគ្រប់ទីកន្លែងឲ្យបានលឿន ត្រូវធ្វើផែនការត្រៀម បង្ការ ជាមុន និងឆ្លើយតបឲ្យបានទាន់ពេលវលា ដោយប្រើកម្លាំងសរុប មធ្យោបាយសរុប ផ្តោតសំខាន់លើការសង្គ្រោះអាយុជិវិតមនុស្សជាអាទិភាព។
លោកថា ដើម្បីធ្វើបានដូចខាងលើ គ្រប់ថ្នាក់ត្រូវត្រូវមានផែនការត្រៀមទុកជាមុន ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការជាដៃគូ ដោយបានរៀបចំធ្វើជាសៀវភៅផែនការ ក្នុងគោលបំណង ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ និងគៀរគធនធានពីខាងក្រៅសម្រាប់ ត្រៀមឆ្លើយតបធានាលើកិច្ចអន្តរាគមន៍ ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ដោយនៅពេលនេះការងារគ្រោះមហន្ដរាយបានបង្កើតឲ្យមានច្បាប់ ដែលមានជាយន្ដការ និងរចនាសម្ព័ន្ធនៃការគ្រប់គ្រងគ្រោះមហន្ដរាយ ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព៕