(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបានទទួលផលប្រយោជន៍ ពីសកម្មភាពជាច្រើន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមមេគង្គក្រោម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែសីហានេះ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI) លើកទី១២ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី១-៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក បានឲ្យដឹងថា កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាព ជាបន្តបន្ទាប់នៃគំនិតផ្តួចផ្តើមទិន្នន័យទឹកមេគង្គ រួមមាន ការដាក់ឲ្យដំណើរការស្ថានីយ៍ទទួលទិន្នន័យ និង «ទឹកមេគង្គ» ក្នុងគោលបំណងពង្រឹងតួនាទីសម្របសម្រួល របស់គណៈកម្មការទន្លេមេគង្គ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា កម្ពុជាបានទទួលផលប្រយោជន៍ពីសកម្មភាពជាច្រើន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមនេះ និងរីករាយក្នុងការធ្វើជាសហប្រធានជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំ «ការអភិវឌ្ឍមនុស្ស និង ការតភ្ជាប់សរសរស្តម្ភ» នៅក្នុងឱកាសនៃកិច្ចប្រជុំកិច្ចសន្ទនានយោបាយ LMI លើកទី១ នៅក្នុងខែមេសា នៅទីក្រុងបាងកក។ លោក ក៏បានស្វាគមន៍ការបង្កើតកម្មវិធីទទួលផលសារធារណរបស់ LMI»។
កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាព នៃការពង្រឹងសមត្ថភាពនៅក្នុងអនុតំបន់មេគង្គ តាមរយៈកម្មវិធីចំនួន១៥ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែន និងបញ្ហារួម ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពជាបន្តបន្ទាប់នៃគំនិតផ្តួចផ្តើមទិន្នន័យទឹកមេគង្គ រួមមាន ការដាក់ឲ្យដំណើរការស្ថានីយ៍ទទួលទិន្នន័យ និង «ទឹកមេគង្គ» ក្នុងគោលបំណងពង្រឹងតួនាទីសម្របសម្រួល របស់គណៈកម្មការទន្លេមេគង្គ។ ជាមួយគ្នានេះ កិច្ចប្រជុំបានអនុម័តលើសេចក្តីប្រកាសរួម ស្តីពីខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការគំនិត ផ្តួចផ្តួចផ្តើមមេគង្គក្រោម។
សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) លើកទី១០ មានលទ្ធផលដូចខាងក្រោម៖
កិច្ចប្រជុំបានអរគុណចំពោះជំនួយរបស់ប្រទេសឥណ្ឌា ក្រោមកម្មវិធីឆាប់ទទួលផលរហ័ស (QIPs) នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងបានអបអរសាទរចំពោះជំនួយរបស់ឥណ្ឌា ក្នុងការបង្កើតមជ្ឈមណ្ឌល សម្រាប់អភិវឌ្ឍន៍កម្មវិធី និងបណ្តុះបណ្តាល (CESDT) នៅបណ្តាប្រទេសមេគង្គ។ សម្រាប់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ កម្ពុជានឹងធ្វើជាសហប្រធាន កិច្ចប្រជុំជាមួយឥណ្ឌារៀបចំសន្និសីទ របស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ស្តីពីការអភិរក្សកេរ្ត៍មរតក ដែលនឹងរៀបចំឡើង នៅក្នុងបរិវេណនៃសារមន្ទីរវាយនភ័ណ្ឌ បែបប្រពៃណីអាស៉ី នៅខេត្តសៀមរាប ។
កិច្ចប្រជុំបានអនុម័តផែនការសកម្មភាព MGC ឆ្នាំ២០១៩-២០២២ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១០។ កិច្ចប្រជុំក៏បានឯកភាព ឲ្យកម្ពុជាធ្វើជាសហប្រធាន នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៅឆ្នាំ២០២០ ដែលជាឆ្នាំគម្រប់ខួប២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
ដោយឡែក កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី៩ មានលទ្ធផលដូចតទៅ៖
នៅក្នុងក្របខ័ណ្ឌមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ មានគម្រោងចំនួន១២ កំពុងអនុវត្តក្នុងវិស័យអាទិភាពចំនួន៦ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន កំណើនបៃតង ការអភិវឌ្ឍធនធានទឹក កសិកម្មនិងអភិវឌ្ឍជនបទ និងការអភិវឌ្ឍធនធានមនុស្ស។ សម្រាប់ឆ្នាំ២០១៩ មានគម្រោងចំនួនប្រាំពីរត្រូវបានឯកភាព ដែលក្នុងនោះ មានមួយគម្រោងជារបស់កម្ពុជា។ សាធារណរដ្ឋកូរ៉េ នឹងបង្កើនមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ដល់ចំនួន២លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ និង៣លានដុល្លារអាមេរិក នៅឆ្នាំ២០២០។
កិច្ចប្រជុំបានឯកភាពរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន (Busan) ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានឯកភាពរៀបចំវេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋ កូរ៉េ លើកទី៧ នៅខែកញ្ញា ឆ្នាំ២០១៩ នៅប្រទេសថៃ។ កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាស សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី៩ លើកទី៩។
លើសពីនេះទៅទៀត កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១២ មានលទ្ធផលដូចខាងក្រោមនេះ៖
កិច្ចប្រជុំបានសម្រេចដាក់គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់ទិសដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ឲ្យអនុម័តនៅកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។ វិស័យអាទិភាពស្ថិតក្រោម គំនិតផ្តួចផ្តើមនេះ នឹងគ្របដណ្តប់លើបញ្ហាបរិស្ថាន និងបញ្ហារបស់ទីក្រុង កសិកម្ម និងបរិយាប័ន្ន។
កិច្ចប្រជុំ បានអបអរសាទរការឯកភាពលើព្រឹត្តិការណ៍ចំនួនជាង១០០ សម្រាប់ធ្វើជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ «ឆ្នាំផ្លាស់ប្តូមេគង្គ-ជប៉ុន២០១៩»។ រដ្ឋមន្រ្តីមេគង្គ-ជប៉ុន បានឯកភាពរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ជប៉ុន លើកទី១៣ នៅឆ្នាំ២០២០ នាប្រទេសជប៉ុន។ កិច្ចប្រជុំក៏បានអនុម័ត សេចក្តីប្រកាសសហប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១២ ផងដែរ៕