(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីចូលរួមជាមួយរដ្ឋមន្រ្តីការបរទេស និងអ្នកតំណាងផ្សេងទៀត របស់ប្រទេសសមាជិកអាស៊ាន ក្នុងពិធីសម្ពោធជាផ្លូវការ នូវអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន។
ដំណើររបស់ប្រមុខការទូតកម្ពុជា នឹងត្រូវធ្វើឡើងដើម្បីតបតាមការអញ្ជើញ របស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៉ី ហើយពិធីសម្ពោធនេះ នឹងប្រព្រឹត្តទៅចំខួបលើកទី៥២ឆ្នាំ នៃការបង្កើតអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
ក្នុងឱកាសធ្វើពិធីសម្ពោធនូវអគារថ្មី របស់លេខាធិការដ្ឋានអាស៊ានមួយនេះ ក៏នឹងមានរៀបចំការតម្លើងប្រអប់ពេលវេលា ដើម្បីរក្សាទុកនូវសារលិខិត របស់បណ្តាថ្នាក់ដឹកនាំអាស៊ាន ដែលរៀបរាប់ពីក្តីសង្ឃឹម និងការរំពឹងទុកមកលើអាស៊ាន នៅចំពេលខួបលើកទី៧៥ឆ្នាំ នៃការបង្កើតអាស៊ាន នៅឆ្នាំ២០៤២ ខាងមុខផងដែរ។
ការសម្ពោធអគារលេខាធិការដ្ឋានអាស៊ានថ្មីនេះ បង្ហាញឲ្យឃើញនូវតួនាទីកាន់តែកើនឡើង របស់លេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានា ដែលកំពុងវិវត្តក្នុងសកលលោក និងក្នុងតំបន់ ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ាន ដែលមានសសរស្តម្ភបីគឺ៖
សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌៕