(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង បាន ណែនាំដល់ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវចងក្រងជាឯកសារអំពីទួលបូរាណ នៅក្នុងខេត្ត ដែលមានបារមីសក្ក័សិទ្ធ ដើម្បីឲ្យពលរដ្ឋបានដឹង ក្នុងការធ្វើពិធីសាសនា បុណ្យទានផ្សេងៗ និងដើម្បីឲ្យលោកគ្រូអាចារ្យ បានរំលឹកគុណបារមីទួលសក្ក័សិទ្ធទាំងនោះ ឲ្យមកជួយបីបាច់ថែរក្សាពលរដ្ឋ ឲ្យមានសេចក្តីសុខនិងសេចក្តីចម្រើន និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ។
ការលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសម្ពោធអាស្រម តាគង់ យាយដើងនិងរាប់បាត្រដល់ព្រះ សង្ឃនិងប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលមានការចូលពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងបន្តថា គោលដៅរបស់ដែលលោកស្រី ធ្វើពិធីនៅថ្ងៃនេះ គឺជិតដល់រដូវភ្ជុំបិណ្ឌ និងមានពិធីបុណ្យផ្សេងៗទៀត ដែលត្រូវតែនឹកដល់គុណបារមី វត្ថុសក្ក័សិទ្ធ ទួលសក្ក័សិទ្ធ នៅក្នុងខេត្តស្វាយរៀង ព្រោះប្រទេសកម្ពុជា បានចាត់ទុកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ឲ្យជួយប្រោះព្រំសុំសេចក្តី សេចក្តីចំរើន ជាពិសេសបញ្ចៀសគ្រោះថ្នាក់ធម្មជាតិ មានខ្យល់កន្ត្រាក់ រន្ទះបាញ់ និងភ្លើងឆេះផ្ទះ ជាដើម។
លោកស្រី បានបញ្ជាក់ថា ចំណែកគ្រោះថ្នាក់បង្ក ឡើងដោយមនុស្ស គឺគ្រោះថ្នាក់ចរាចរណ៍នេះឯង ដោយសារអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ គឺបើកបរដោយប្រើប្រាស់ល្បឿនលឿន វ៉ា ជែងខ្វះការប្រុងប្រយ័ត្ន ហើយកាលពីថ្ងៃទី៣០ និង៣១ ខែកក្កដា កន្លងទៅនេះ មានកម្មករ-កម្មការិនី ស្លាប់២នាក់ និងរបួសជាង៧០នាក់ ពិតជាមានការសោកស្តាយណាស់ ដែលកើតហេតុការណ៍នេះឡើង។ ដូច្នេះការធ្វើពិធីសាសនា នៅពេលនេះ សូមបារមីវត្ថុ សក្ក័សិទ្ធ តាគង់ យាយដើង និងបារមីពូកែសក្ក័សិទ្ធទាំងអស់ នៅខេត្តស្វាយរៀង ជួយបណ្តុះចិត្តឲ្យចេះស្រឡាញ់គ្នា គោរពច្បាប់ បញ្ចៀសគ្រោះថ្នាក់ទាំងនេះ ចៀសឲ្យឆ្ងាយពីទឹកដីខេត្តស្វាយរៀង ក៏ដូចប្រទេសកម្ពុជាទាំងមូលផងដែរ។
លោកស្រី បានបន្តថា ប្រទេសមានសុខសន្តិភាពហើយ តែប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ដើម្បីធ្វើការងារព្រោះអ្នកវិនិយោគ ត្រៀមមកវិនិយោគនៅខេត្តស្វាយរៀងច្រើនណាស់ បើពលរដ្ឋ ចេះតែជួបគ្រោះចរាចរណ៍ ដែលនាំឲ្យរបួសពិការ តើត្រូវរកកម្លាំងពលកម្មមកពីណា? ដូច្នេះសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ ត្រូវតែអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ បញ្ជ្រាបដល់កម្មករ និងអ្នកបើកបរដឹកកម្មករ និងអ្នកបើកបររថយន្តគ្រប់ប្រភេទ ឲ្យគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួនមួយវិញព្រះសង្ឃ ក៏មានភារកិច្ចចូលរួមចំណែកអប់រំកូនៗ ឲ្យចេះគោរពប្រតិបត្តិមាតាបិតា និងណែនាំពលរដ្ឋថែរក្សាសុខភាព ព្រមទាំងចូលរួមជាមួយសង្គម ឲ្យបានច្រើនផងដែរ៕