(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group ជាក្រុមហ៊ុនទទួលសិទ្ធចែកចាយរថយន្តម៉ាកទំនើបៗ និងជាអ្នកនាំចូលផ្ដាច់មុខរថយន្ដសេរីទំនើបម៉ាក Lamborghini Huracán EVO នៅកម្ពុជា បានបង្ហាញរថយន្ដស្ព័រ និងទំនើបចុងក្រោយបង្អស់នៅកម្ពុជាគឺរថយន្តម៉ាក Lamborghini ជាផ្លូវការ។

កញ្ញា ប៊ុត កល្យាណ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន HGB ឲ្យដឹងថា ក្រុមហ៊ុន HGB តែងតែបំពេញបំណងអតិថិជន ពិសេសទៅលើរថយន្តប្រណិតគ្រប់ម៉ូឌែល។ សម្រាប់ការនាំចូលរថយន្ដសេរីទំនើបម៉ាក Lamborghini មកកម្ពុជាដោយសារតែមើលឃើញថា គោលបំណងបន្ទាប់របស់អតិថិជនគឺរថយន្ត Lamborghini ជាជម្រើសរបស់ពួកគាត់។

កញ្ញាបន្ដថា កន្លងមកតាយរយៈការចែកចាយរថយន្ត Roll Roy ធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពស្និតស្នាល ជាមួយអតិថិជនពិសេសម្ចាស់សហគ្រិន ម្ចាស់មុខជំនួញធំៗនៅកម្ពុជា។ បន្ទាប់ពីរថយន្ដម៉ាក Roll Roy រថយន្ដបន្ទាប់គឺរថយន្តស្ព័រ Lamborghini ដូច្នេះហើយបានជាក្រុមហ៊ុនសម្រេចចិត្ត ធ្វើជាតំណាងក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តនេះនៅកម្ពុជា។

កញ្ញាបន្ដថា លក្ខណៈពិសេសរបស់ Huracan EVO គឺម៉ាស៊ីន Lamborghini V10 ចំណុះ ៥.២លីត្រ ដែលត្រូវបានវិវត្ត ដើម្បីផលិតនូវផលិតផលដែលមានថាមពលខ្ពស់ សម្លេងមានអានុភាព ជាមួយឧបករណ៍ដែលគ្រប់គ្រងការហូរចេញចូលហ្គាសដ៏ស្រាល និងរឹងមាំ
ព្រមទាំងប្រព័ន្ធកាត់បន្ថយសម្លេងនឿយហត់ផងដែរ។

លោក Sharad Agarwal ប្រធានក្រុមហ៊ុនរថយន្ដ Lamborghini នៅប្រទេសឥណ្ឌា និងជាប្រធាន
ផ្នែកទីផ្សារឲ្យដឹងថា រថយន្ដសេរីទំនើប Huracán EVO ត្រូវបានបង្ហាញឡើង តាមរយៈការរចនាម៉ូតផ្ទាល់តែម្តង ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺមានប្រព័ន្ធ
កាត់បន្ថយសម្លេងនឿយហត់ ជាមួយនឹងបច្ចេកវិទ្យាដែលបានឆ្លុះបញ្ចាំងនូវ ការកើនឡើងនូវសមត្ថភាពថាមពល និងថាមវន្ត។

លោកបន្ដថា «រថយន្ដ Huracán EVO ផ្តល់ជូនលក្ខណៈពិសេសៗបំផុត ដែលបានទាញយកអារម្មណ៍ម្ចាស់រថយន្ត Lamborghini ហើយបានបង្កើននូវភាពភ្ញាក់ផ្អើលនៅកម្ពុជា។ ពិសេសទៀតនោះគឺ ងាយស្រួលក្នុងការបើកបរ ផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៍ បើកបរដែលពោរពេញដោយ ភាពរហ័សរហួន មិនថានៅក្នុងកាលៈទេសៈ និងទីកន្លែងណាក៏ដោយ»៕