(ប៉ៃលិន)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជនពិការ បានរៀបចំឱ្យមានកម្មវិធីជួយគាំទ្រដល់ជីវភាពរបស់ជនពិការក្រីក្រ តាមរយៈការផ្តល់អំណោយសប្បុរសធម៌ ដោយបានប្រើប្រាស់ថវិកាដែលប្រមូលពីហិបវិភាគទានសប្បុរសធម៌របស់មូលនិធិជនពិការ។ ក្រៅមូលនិធិជនពិការ ក៏មានកម្មវិធីជួយគាំទ្រដល់ជនពិការក្រីក្រចំនួន២ទៀតផងដែរ រួមមាន ការសាងសង់ផ្ទះ និងការផ្តល់ប្រាក់កំចីដែលមានការប្រាក់ទាប។
នេះបើតាមការលើកឡើងរបស់ លោក សៅ ឡែន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ នៅក្នុងពិធីចែកអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ ជូនដល់ជនពិការក្រីក្រចំនួន ៣០គ្រួសារ ដែលរស់នៅក្នុងខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។ កម្មវិធីនេះ ក៏មានការចូលរួមផងដែរពី អភិបាលខេត្តប៉ៃលិន អភិបាលក្រុងប៉ៃលិន ថ្នាក់ដឹកនាំមូលនិធិជនពិការ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្រ្តីក្រោមឱវាទខេត្តជាច្រើន នាក់ផងដែរ។
ថ្លែងក្នុងកម្មវិធីនេះ លោក សៅ ឡែន បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ តាមរយៈការដាក់ចេញនូវយន្តការនានា ដើម្បីការពារសិទ្ធិរបស់ជនពិការ លុបបំបាត់ការរើសអើងគ្រប់រូបភាព ផ្តល់ការស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនពិការ និងបង្កើនឱកាសដល់ជនពិការក្នុងការចូលរួម ក្នុងសកម្មភាពសង្គមគ្រប់វិស័យ។ ជាមួយគ្នានោះ លោកក៏បានកោតសរសើរដល់មន្រ្តីមូលនិធិជនពិការ គ្រប់ជាន់ថ្នាក់ ដែលមានកិច្ចសហការល្អជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការបំពេញភារកិច្ច របស់ខ្លួនកន្លងមក។
បន្ថែមពីលើនេះ លោក សៅ ឡែន និងអភិបាលខេត្តប៉ៃលិន បានចែកអំណោយរបស់ ម.ជ.ព.ជូនជនពិការក្រីក្រចំនួន ៣០គ្រួសារ ដោយក្នុងគ្រួសារនីមួយៗទទួលបានថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិលល២គីឡូក្រាម មីម៉ាម៉ា១កេះ និងសំលៀកបំពាក់១កញ្ចប់។
គូសបញ្ជាក់ថា ចាប់តាំងពីមូលនិធិជនពិការ បានដំណើរការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌ មកដល់បច្ចុប្បន្ននេះ នៅទូទាំង២៥រាជធានី-ខេត្ត មានហិបចំនួន ៧០០ហិប ត្រូវបានដាក់នៅតាមទីសាធារណៈ ដោយបានទទួលថវិកាសរុបចំនួន ៨១៦,៧៩៧,៧០០រៀល ២,៧២៣ដុល្លារ និង៧១,៩៣១បាត សម្រាប់យកទៅរៀបចំកញ្ចប់អំណោយសប្បុរសធម៌ ចែកជូនជនពិការក្រីក្រ នៅតាមសហគមន៍សរុបចំនួន ៧២៤នាក់ រួចមកហើយ៕