(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើប្រាស់គ្រឿងស្រវឹងជ្រុល ឈានដល់បង្កហឹង្សាដោយចេតនា បណ្តាលឲ្យរងរបួសស្នាមពលរដ្ឋ រួចបន្តទៅវាយពាង និងដុតផ្ទះបាយប្រជាពលរដ្ឋដ៏ទៃទៀតចោល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៥ និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីកម្លាំងសមត្ថកិច្ច បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា យោងតាមបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ឡេងសំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្តឹងជនសង្ស័យឈ្មោះ អឿន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំដូចគ្នា ដោយសារតែជនសង្ស័យ អឿន សុភា បានធ្វើសកម្មភាពដាល់ចំមុខ ចំនួនពីរដៃ ហើយច្របាច់ករ ទៅលើជនរងគ្រោះ រួចក៏ដើរទៅផ្ទះរបស់ឈ្មោះ ប៉ាត ស៊ីណា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ និងបានយកដំបងឈើជ្រុងប្រវែង៩តឹក ទៅវាយលើពាងទឹក បណ្ដាលឱ្យបែក ពាងចំនួន០១។
ប្រភពបន្តថា ភ្លាមនោះជនសង្ស័យបានយកបំណែកពាង និងដំបង យកគប់ទៅលើផ្ទះ ជនរងគ្រោះបន្ថែមទៀត។ សូមញ្ជាក់ថាកន្លងមកជនសង្ស័យ បានធ្វើសកម្មភាព ដុតផ្ទះបាយ និងវ៉ៃពាងអស់ចំនួន៥ពាងរួចមកហើយ ដែលសកម្មភាពនេះ ជនសង្ស័យតែងតែស្រវឹង ហើយធ្វើឡើងនៅផ្ទះរបស់ឈ្មោះ ប៉ាត ស៊ីណា ដដែលៗ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញនីតិវិធី ចាត់ការតាមច្បាប់៕