(ហុងកុង)៖ ជើងហោះហើរច្រើនជាង១០០ ត្រូវបានលុបចោលនៅក្នុងទីក្រុងហុងកុង នៅព្រឹកថ្ងៃចន្ទនេះ ដោយក្រុមអាជ្ញាធរព្រមានពីការរំខានទ្រង់ទ្រាយដល់អ្នកដំណើរ ខណៈក្រុមបាតុករកំពុងដឹកនាំបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហុងកុង។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរអាកាសយានដ្ឋានក្រុងហុងកុង ជើងហោះហើរចំនួន១០៥ ត្រូវបាន លុបចោល ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីមូលហេតុឡើយ ដោយគ្រាន់តែជូនដំណឹងឱ្យ អ្នកដំណើរទាំងអស់ត្រួតពិនិត្យជើងហោះហើរ របស់ពួកគេឡើងវិញ។

គួរជម្រាបថា នៅព្រឹកថ្ងៃចន្ទនេះដែរ ក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មីប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងហុងកុងរបស់លោកស្រី Carrie Lam ដែលពួកគេកំពុងទាមទារ ឱ្យចុះចេញតំណែង។ បាតុកម្មតវ៉ានេះបង្កការរំខានយ៉ាងខ្លាំងដល់សេវាកម្មដឹកជញ្ជូន នានាជាពិសេសនៅឯស្ថានីយរថភ្លើង តែម្ដង៕