(ភ្នំពេញ)៖ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាធ្វើបានល្អ ក្នុងគម្រោងការកសាងសមត្ថភាពនៅកម្រិតឧត្តមសិក្សា និងការចល័តផ្លាស់ប្ដូរនិស្សិតអន្តរជាតិទៅវិញទៅមក រវាងសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា និងសាកលវិទ្យាល័យនៅបណ្ដាប្រទេសអឺរ៉ុប។
លោក George EDGAR បានលើកឡើងយ៉ាងដូចនេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពី អាហារូបករណ៍សិក្សានៅសហភាពអឺរ៉ុប ក្រោមកម្មវិធី Erasmus+ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានការចូលរួមពីវាគ្មិនកិត្ដិយស៥រូប ដែលជានិស្សិត ជ័យលាភី អាហារូបករណ៍ដែលទើបតែបានបញ្ចប់ការសិក្សា និងត្រៀមចេញទៅបន្តការសិក្សាមកចែករំលែកជាមួយអ្នកចូលរួមនូវ គន្លឹះ សំខាន់ៗជាច្រើន រួមទាំងមាននិស្សិតជាច្រើនរូបទៀតផងដែរ។
លោក George EDGAR បានលើកឡើងថា Erasmus Mundus Joint Master Degree គឺជាកម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ដែលជាការរួមបញ្ចូលគ្នានៃកម្មវិធីសិក្សាលក្ខណៈអន្តរជាតិកម្រិតខ្ពស់ ហើយមានរយៈពេលពី១២ ទៅដល់២៤ខែ។ កម្មវិធីអាហារូបករណ៍នេះជាការផ្ដល់ជូនរួមដោយសម្ព័ន្ធគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិមកពីបណ្ដាប្រទេសជាច្រើន។
កម្មវិធីអាហារូបករណ៍នេះ គឺបើកសម្រាប់ការប្រកួតប្រជែងជាអន្តរជាតិ ហើយមិនមានកូតាកំណត់ចំពោះប្រទេស ឬតំបន់ណាមួយនោះទេ។ វគ្គសម្រាប់សិក្សា គឺអាចស្វែងរកបាននៅលើការផ្សព្វផ្សាយ ហើយក៏ជាកន្លែង ដែលអាចស្វែងរកព័ត៌មានស្ដីពីទំនាក់ទំនងរបស់សម្ព័ន្ធសាកលវិទ្យាល័យដែលផ្ដល់អាហារូបករណ៍ Erasmus។
លោកបានបន្ថែមទៀតថា កម្ពុជាមានចំនួនអ្នកចូលរួមដាក់ពាក្យនៅតិចនៅឡើយ ដែលធ្វើឱ្យចំនួនអ្នកដែលជាប់សម្រាប់អាហារូបករណ៍ក៏មានចំនួនតិចដូចគ្នាដែរ បើប្រៀបធៀបជាមួយប្រទេសជិតខាង។ ទោះជាយ៉ាងនេះក្ដី កិច្ចខិតខំប្រឹងប្រែងជាច្រើន បាននឹងកំពុងធ្វើដើម្បីលើកកម្ពស់កម្មវិធីអាហារូបករណ៍ Erasmus នេះ។ ប្រតិភូសហភាពអឺរ៉ុប ធ្វើការជាមួយ ANUSSA ដើម្បីបន្តចែករំលែកព័ត៌មាន ដែលរំពឹងនឹងធ្វើឱ្យចំនួននិស្សិត ទទួលបានអាហារូបករណ៍ Erasmus កើនឡើងនៅក្នុងឆ្នាំបន្ទាប់។
សូមបញ្ជាក់ដែរថា សិក្ខាសាលាស្ដីពី «អាហារូបករណ៍សិក្សានៅសហភាពអឺរ៉ុប» នេះជាកម្មវិធីមួយ ដែលធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសដ៏ល្អមួយ សម្រាប់អ្នកកំពុងស្វែងរកអាហារូបករណ៍ ទៅបន្តការសិក្សានៅក្រៅប្រទេស បានទទួលព័ត៌មាន និងគន្លឹះសំខាន់ៗ អំពីដំណើរនៃការស្នើសុំអាហារូបករណ៍ទៅសហភាពអឺរ៉ុប។
កម្មវិធីនេះ គឺជាគំរោងដែលត្រូវបានធ្វើឡើងដោយសហភាពអឺរ៉ុប និង EMA-Cambodia រួមជាមួយការរៀបចំដោយក្រុមហ៊ុនអនុស្សា ដើម្បីផ្ដល់ព័ត៌មានសំខាន់ៗទៅកាន់អ្នកចូលរួម ដើម្បីយល់ដឹងបន្ថែមពីការជ្រើសរើសមុខវិជ្ជា និងសាកលវិទ្យាល័យ ស្វែងយល់ពីរបៀបបំពេញបែបបទ តាមអនឡាញ តិចនិកក្នុងការសរសេរសំណេរផ្ទាល់ខ្លួន គំរោងសិក្សា និងការត្រៀមខ្លួនទុកជាមុនឲ្យមានប្រសិទ្ធិភាព៕