(បន្ទាយមានជ័យ)៖ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានចេញមកបញ្ជាក់ថា ខ្លួនមិនបានប្រឆាំងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មិនកាត់ដីឱ្យប្រជាពលរដ្ឋដូចការផ្សព្វផ្សាយនៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមមួយចំនួននោះឡើយ។
ការចេញមកបញ្ជាក់របស់លោក ប្រាក់ ប៉ូលី បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្តាញពត៌មាន និងបណ្តាញសង្គមមួយចំនួនថា រូបលោកបានប្រឆាំងនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មិនព្រមកាត់ដីជូនប្រជាពលរដ្ឋតាមការណែនាំរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ បានចេញអនុក្រឹត្យសម្រេចឱ្យកាត់ផ្ទៃដីទំហំ ២០ម៉ែត្រ គុណនឹង ៥៦ម៉ែត្រ នៅខាងលិចសាលាបឋមសិក្សាអូរជ្រៅថ្មី ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់សាលាបឋមសិក្សាអូរជ្រៅថ្មី និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ០៥គ្រួសារ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តែរហូតមកដល់ពេលនេះដីនេះមិនទាន់បានកាត់ជូនប្រជាពលរដ្ឋទាំង៥គ្រួសារនេះនៅឡើយនោះទេ ជាហេតុនាំឱ្យមានការចោទប្រកាន់លោក ប្រាក់ ប៉ូលី ថា មិនព្រមអនុវត្តន៍តាមអនុក្រឹត្យ។
លោក ប្រាក់ ប៉ូលី បានប្រាប់អង្គភាពព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះថា លោកមិនបានប្រឆាំងនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនោះឡើយ។ មូលហេតុនាំឱ្យមិនទាន់មានការកាត់ដីជូនប្រជាពលរដ្ឋទាំង៥គ្រួសារ ដោយសារតែប្រជាពលរដ្ឋទាំង៥គ្រួសារ បានទៅចង្អុលដីខុសពីតាំងដែលអនុក្រឹត្យបានចេញ។
បើតាមលោក ប្រាក់ ប៉ូលី ដែលដែលអនុក្រឹត្យចេញឱ្យកាត់ជូនប្រជាពលរដ្ឋស្ថិតនៅ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយឡែកដីប្រជាពលរដ្ឋទៅចង្អុលថាជាដីរបស់ខ្លួនបែរជាស្ថិតនៅភូមិបាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតទៅវិញ ពោលទីតាំងដីដែលអនុក្រឹត្យឱ្យកាត់ចែកប្រជាពលរដ្ឋ និងដីដែលប្រជាពលរដ្ឋចង្អុលខុសគ្នាចម្ងាយប្រមាណមួយគីឡូម៉ែត្រ។ លើសពីនោះដីដែលប្រជាពលរដ្ឋចង្អុលនោះស្ថិតនៅក្នុងកម្មសិទ្ធិរបស់វិទ្យាល័យអូរជ្រៅថែមទៀតផង។
លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ដោយសារតែដីក្នុងអនុក្រឹត្យ និងទីតាំងដីដែលប្រជាពលរដ្ឋទាំង៥គ្រួសារចង្អុលមានទីតាំងខុសគ្នាហើយ ទើបលោកមិនទាន់សម្រេចកាត់ជូនប្រជាពលរដ្ឋ ហើយបានធ្វើលិខិតសុំសេចក្តីសម្រេចពីថ្នាក់ក្រសួង។ មកដល់ពេលនេះក្រសួងមិនទាន់សម្រេចយ៉ាងណានៅឡើយនោះទេ។
លោក ប្រាក់ ប៉ូលី បានសុំការយោគយល់ពីប្រជាពលរដ្ឋទាំង៥គ្រួសារ៕