(ភ្នំពេញ)៖ លោក នួន ជា អតីតមេដឹកនាំរបបខ្មែរក្រហម បានទទួលមរណភាព នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងជន្មាយុ៩៣ឆ្នាំ នៅក្នុងមន្ទីរពេទ្យរុស្ស៉ី។ លោកត្រូវបានគេស្គាល់ថា ជាបងធំទី២ នៃកម្មាភិបាលខ្មែរក្រហម បន្ទាប់ពី ប៉ុល ពត។
តើ នួន ជា ជានរណា? ខាងក្រោមនេះជាជីវៈប្រវត្តិលម្អិតរបស់ លោក នួន ជា ដែលបង្ហាញដោយមជ្ឈមណ្ឌលឯកសារកម្ពុជា៖
នួន ជា មានឈ្មោះដើម ឡៅ គឹម រ៉ន ក្រោយមកបានប្តូរទៅជា ឡៅឌី ដែលប្រជាជនស្គាល់ជាទូទៅថា នួន ជា ប៉ុន្តែគាត់មានឈ្មោះហៅម្យ៉ាងទៀតហៅថា ខ្នុច គឺជាឈ្មោះដែលម្តាយរបស់គាត់ស្រឡាញ់បំផុត។ នួន ជា កើតថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ នួន ជា គឺជាកូនទី៣ក្នុងចំណោមបងប្អូន៩នាក់។
នួន ជា គឺជាអ្នកទោសប្រវត្តិសាស្រ្ត ដែលបានចូលរួមចំណែកបង្កឲ្យប្រជាជនកម្ពុជាជាង២លាននាក់បាត់បង់ជីវិតនិងបំផ្លាញប្រទេសកម្ពុជាស្ទើរតែទាំងស្រុង។ មនុស្សភាគច្រើនស្គាល់ នួន ជា ថាគឺជាបងធំទី២ ឬជាមេដឹកនាំទី២បន្ទាប់ពី ប៉ុល ពត នៅក្នុងអំឡុងនៃរបបខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។ នួន ជា គឺជាថ្នាក់ដឹកនាំស្ថាប័នកំពូលមួយរូបបានដឹកនាំប្រទេសឲ្យធ្លាក់ចូលក្នុងភាពអន្តរាយ ថែមទាំងបានចូលរួមប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនមកលើប្រជាជនស្លូតត្រង់ និងបានបន្សល់ទុកនូវភាពឈឺចាប់រាប់មិនអស់ដល់ជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់បច្ចុប្បន្ន។
នួន ជា ស្ថិតក្នុងវ័យ ៩៣ ឆ្នាំ មានសម្បុរស និងជាប់ខ្សែស្រឡាយជាជនជាតិចិន ដែលជារឿយៗ គាត់បានបង្ហាញវត្តមាននៅក្នុងបន្ទប់សាវនាការនៃតុលាការខ្មែរក្រហម ដោយស្លៀកសម្លៀកបំពាក់សមរម្យនិងពាក់វែនតាពណ៌ខ្មៅ ហើយអង្គុយនៅចំពីខាងមុខកុំព្យូរទ័រនិងឧបករណ៍បំពងសម្លេង ថែមទាំងមានសន្តិសុខអង្គុយក្បែរដើម្បីជួយសម្រួលដល់ការធ្វើកាយវិការដោយសារតែគាត់ស្ថិតក្នុងភាពជរា។ រូបភាពរបស់ នួន ជា ភាគច្រើនត្រូវបានបង្ហាញនៅក្នុងទូរទស្សន៍ ប្រព័ន្ធអ៊ីនធឺណែត ថែមទាំងមាននៅលើការសែតទាំងក្នុងប្រទេសនិងអន្តរជាតិដែរ។
តុលាការខ្មែរក្រហមបានសម្រេចចាប់ឃុំខ្លួន នួន ជា ជាបណ្តោះអាសន្ននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ដោយសារតែគាត់គឺជាអតីតមេដឹកនាំកំពូលម្នាក់នៅក្នុងរបបខ្មែរក្រហមដែលមានតួនាទីជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់មក នួន ជា ត្រូវបានក្លាយជាជនជាប់ចោទក្នុងសំណុំរឿង០០២ ជាមួយនឹងមេដឹកនាំខ្មែរក្រហម៣រូបផ្សេងទៀតគឺ ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ ដោយត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងវៀតណាម។ ប៉ុន្តែដោយសារតែជនជាប់ចោទ ២នាក់គឺ អៀង សារី និង អៀង ធីរិទ្ធ បានស្លាប់មុនពេលសម្រេចទោស ទើបសំណុំរឿង០០២នេះនៅសល់តែជនជាប់ចោទតែ២នាក់ប៉ុណ្ណោះគឺ នួន ជា និងខៀវ សំផន។
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបើកសវនាការជាបឋមនៅខែមិថុនា ឆ្នាំ២០១១ ហើយមិនយូរប៉ុន្មានសំណុំរឿង០០២ក៏ត្រូវបានបំបែកជាសំណុំរឿងពីរផ្សេងគ្នាគឺសំណុំរឿង០០២/០១ និង០០២/០២។ ការបំបែកសំណុំរឿង០០២នេះ ពីព្រោះតែទំហំនិងបញ្ហាស្មុគស្មាញនៃដីកាដំណោះស្រាយ និងវ័យចាស់ជរារបស់ជនជាប់ចោទ។
សំណុំរឿង០០២/០១ ត្រូវបានចាប់ផ្តើមបើកសវនាការនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ដោយមានជនជាប់ចោទតែ២រូបគឺ នួន ជា និង ខៀវ សំផន។ សំណុំរឿងនេះផ្តោតទៅលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីលំនៅដំណាក់កាលទី២ ក្នុងតំបន់ផ្សេងៗទៀតចាប់ពីខែកញ្ញា ឆ្នាំ១៩៧៥។ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៤ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជម្រះសាលាដំបូងរកឃើញថា មានពិរុទ្ធភាពចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ចំណែកឯសវនាការជំនុំជម្រះលើសំណុំរឿង០០២/០២ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។ សំណុំរឿង ០០២/០២ គឺសំដៅលើការជំនុំជម្រះដំណាក់កាលទី២ប្រឆាំងនឹង នួន ជា និង ខៀវ សំផន ដែលត្រូវជំនុំជម្រះទៅលើបទចោទចំនួន៨ករណីផ្សេងបន្ថែមទៀតលើសំណុំរឿង ០០២/០២ ដូចជា៖ ១៖ អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ២៖ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ (នៅទូទាំងប្រទេស) ៣៖ ការបោសសម្អាតផ្ទៃក្នុង ៤៖ មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និង មន្ទីរសន្តិសុខភ្នំក្រោល ៥៖ ការដ្ឋានសាងសង់ទំនប់ ១ មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង និងការដ្ឋានលើកទំនប់ត្រពាំងថ្ម ៦៖ សហករណ៍ត្រាំកក់ ៧៖ ការប្រព្រឹត្តមកលើពុទ្ធសាសនិកជន (កម្រិតត្រឹមតែសហករណ៍ត្រាំកក់) និង ៨៖ ការកំណត់គោលដៅមកលើអតីតមន្រ្តីរបបសាធារណរដ្ឋខ្មែរ (ការអនុវត្តនេះត្រូវបានកម្រិតត្រឹមតែសហករណ៍ត្រាំកក់ ការដ្ឋានសាងសង់ទំនប់ ១ មករា មន្ទីរសន្តិសុខ ស-២១ និងមន្ទីរសន្តិសុខក្រាំងតាចាន់ ប៉ុណ្ណោះ)។
បន្ទាប់ពីចំណាយអស់រយៈពេលប្រហែល៤ឆ្នាំ ក្នុងការជំនុំជម្រះចំពោះសំណុំរឿង០០២/០២ ដែលសំដៅទៅលើការជំនុំជំម្រះលើដំណាក់កាលទី២ប្រឆាំងនឹងជនជាប់ចោទ២រូបគឺនួន ជា និងខៀវ សំផន អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហមបានសម្រេចកំណត់យកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាថ្ងៃប្រកាសសាលក្រមសម្រាប់សំណុំរឿង០០២/០២។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាយល់ឃើញថា នួន ជា ត្រូវតែទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំម្នាក់នៅក្នុងរបបខ្មែរក្រហម ដែលបានប្រព្រឹត្តតាមគោលនយោបាយឧក្រិដ្ឋកម្មរបស់បក្សកុម្មុយនីស្ត ដែលស្ថិតនៅក្នុងវិសាលភាពនៃសំណុំរឿង០០២/០២។
នួន ជា ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហមរកឃើញថាមានពិរុទ្ធចំពោះបទចោទចំនួន៣ក្នុងចំណោមបទចោទទាំង៨ គឺ ១)ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ២)ការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ និង៣)ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ជាចុងក្រោយ អង្គជំនុំជម្រះសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា ដោយសម្រេចរួមបញ្ចូលគ្នានូវការផ្តន្ទាទោសទាំងពីរក្នុងករណី០០២/០១ និង០០២/០២ ដោយដាក់ពន្ធធនាគារអស់មួយជីវិតតែមួយ ក្រោយពិចារណាទៅលើការផ្តន្ទាទោសដាក់គុកអស់មួយជីវិតចំពោះគាត់នៅក្នុងសំណុំរឿង០០២/០១។
ទោះបីជា នួន ជា គឺជាឧក្រិដ្ឋជនក៏ដោយ ប៉ុន្តែគាត់ត្រូវបានមើលថែរក្សាយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញរហូតដល់គាត់បានស្លាប់ដោយសារជំងឺ នៅមន្ទីរពេទ្យរុស្ស៊ី នៅវេលាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។
* ខាងក្រោមនេះ គឺជារឿងរ៉ាវដែលទាក់ទងនឹងខ្សែជីវិតរបស់ នួន ជា រួមមានការសិក្សាអប់រំ ការងារ ក្រុមគ្រួសារ ការចូលរួមចំណែកក្នុងអំពើឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម៖
រឿងរ៉ាវរបស់ នួន ជា និងក្រុមគ្រួសារឪពុករបស់ នួន ជា ឈ្មោះ ឡៅ លីវ និងម្តាយឈ្មោះ ដុស ពាញ។ ឪពុករបស់គាត់គឺជាអាជីវករជួញដូរ ដាំពោត និងប្រកបអាជីវកម្មផ្សេងៗទៀត។ ចំណែកឯម្តាយរបស់គាត់វិញ គឺជាជាងកាត់ដេរ និងធ្វើជួយការងារឪពុករបស់គាត់ដែរ។ ក្រុមគ្រួសាររបស់ នួន ជា គឺជាក្រុមគ្រួសារដែលមានជីវភាពធូរធា ប៉ុន្តែក្រុមគ្រួសារគាត់ក៏បានធ្លាក់ខ្លួនជំពាក់បំណុលយ៉ាងច្រើនបន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ចុះក្រោយសង្រ្គាមលោកលើកទី១។
ជីតារបស់ នួន ជា គឺជាចិនទាជីវមកពីសានតូនៃប្រទេសចិន ចំណែកឯជីដូនរបស់គាត់វិញគឺជាជនជាតិខ្មែរ។ ដោយសារតែមានឈាមជ័រជាចិនផងនិងខ្មែរផង នួន ជា ត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគ្រួសារចម្រុះវប្បធម៌ និងប្រើប្រាស់ភាសាខ្មែរក្នុងការប្រាស្រ័យទាក់ទងគ្នា។ រាល់រដូវបុណ្យសាសនារបស់ប្រទេសទាំងពីរម្តងៗ ក្រុមគ្រួសាររបស់គាត់តែងតែរៀបចំសែនព្រេនទៅតាមប្រពៃណីទំនៀមទម្លាប់របស់ប្រទេសនីមួយៗ។ នៅពេលបុណ្យសំពះព្រះខែឬបុណ្យឆេងម៉េង ក្រុមគ្រួសាររបស់ នួន ជា បានបន់ស្រន់តាមបែបចិនថ្វាយដល់ដូនតារបស់គាត់ ហើយក្រុមគ្រួសាររបស់គាត់ក៏បានគោរពបូជាព្រះពុទ្ធសាសនា និងសែនព្រេនទៅតាមទំនៀមទម្លាប់ខ្មែរដែរ។ នួន ជា បានរៀនភាសាចិនតិចតួចបំផុត ទោះបីជាគាត់មានខ្សែស្រឡាយជាជនជនចិនក៏ដោយ។
នួន ជា បានរៀបការជាមួយ លី គីមសេង ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង និងជាប់ខ្សែស្រឡាយជាជនជាតិចិនដែរ។ គាត់មានកូនចំនួន៤នាក់ ដោយកូនចំនួន៣នាក់ជាកូនបង្កើត និង១នាក់ គឺជាកូនចិញ្ចឹម។
នៅក្នុងរបបខ្មែរក្រហម នួន ជា ត្រូវបានគេហៅឈ្មោះខុសៗគ្នាដោយប្រើនាមត្រកូលរបស់គាត់ នួន ហៅថា បង នួន ឬ អ៊ំនួន រីឯអ្នកខ្លះទៀតហៅគាត់ថា តាប្រហុក ព្រោះគាត់ចូលចិត្តហូបប្រហុក។
បន្ទាប់ពីរបបខ្មែរក្រហម នួន ជា ត្រូវបានគេស្គាល់ថា ជាបងធំទី២ ឬជាឧក្រិដ្ឋជននៅក្នុងរបបខ្មែរក្រហម។
* ប្រវត្តិនៃការសិក្សារបស់ នួន ជា៖
នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយប្រទេសថៃ។ ក្នុងចំណោមខេត្តទាំងនោះ ខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃដែរ។ ប្រជាជននៅក្នុងខេត្តបាត់ដំបងនាពេលនោះ ត្រូវបានរដ្ឋាភិបាលថៃផ្តល់សញ្ជាតិជាជនជាតិថៃឲ្យដោយស័្វយប្រវត្តិ។ នួន ជា ក៏បានទទួលសញ្ជាតិថៃដែរ។
ក្នុងកំឡុងពេលនោះ នួន ជា មានអាយុប្រហែល១៥ឆ្នាំតែប៉ុណ្ណោះ ហើយគាត់ក៏មិនសូវបានចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាដែរ។ បន្ទាប់ពី នួន ជា បានបញ្ចប់សាលាមធ្យមសិក្សានៅក្នុងខេត្តបាត់ដំបង គាត់ក៏បានចាកចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីរស់នៅនិងបន្តការសិក្សារបស់គាត់។
នៅពេលទៅដល់ប្រទេសថៃ នួន ជា បានរស់នៅជាមួយព្រះសង្ឃ នៅក្នុងវត្តបិនចាម៉ាបូភីត ដែលព្រះសង្ឃទាំងនោះក៏បានធ្វើដំណើរមកពីខេត្តបាត់ដំបងដូច នួន ជា ដែរ។ នួន ជា បានរស់នៅក្រោមការមើលថែរក្សារបស់ព្រះសង្ឃទាំង៣អង្គនោះ បន្ទាប់មកក៏បានចុះឈ្មោះចូលរៀននៅក្នុងសាលាមធ្យមសិក្សារបស់រដ្ឋាភិបាលថៃដែលមានឈ្មោះថាសាលាវត្តបិនចាម៉ាបូភីត ដែលស្ថិតនៅក្នុងបរិវេណវត្តដែលគាត់បានរស់នៅក្នុងកំឡុងពេលនោះ។
នួន ជាបានចាប់ផ្តើមការសិក្សារបស់គាត់ត្រឹមកម្រិតថ្នាក់មធ្យមឆ្នាំទី៥ និងទី៦ ដែលការសិក្សានេះជាជំហានទូទៅរបស់សិស្សនីមួយៗដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួនសម្រាប់ថ្នាក់ត្រៀមចូលសាកលវិទ្យាល័យ។ នៅពេលចាប់ផ្តើមចូលសិក្សានៅសាលា នួន ជា បានប្រើឈ្មោះរបស់គាត់ជាភាសាថៃថា «រុងឡឺត ឡៅឌី»។ នួន ជាបានសិក្សានៅក្នុងសាលានោះអស់រយៈពេល២ឆ្នាំ គឺចន្លោះឆ្នាំ១៩៤២ ដល់១៩៤៣ ដោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅដើមឆ្នាំ១៩៤៤។ នួន ជា បានទទួលការឧបត្ថម្ភពីឪពុករបស់គាត់រាល់ការចំណាយលើការរស់នៅ និងការសិក្សានៅក្នុងប្រទេសថៃ។
មិនយូរប៉ុន្មាន នួន ជា ក៏បានចុះឈ្មោះចូលសិក្សាថ្នាក់ទី៧សម្រាប់វគ្គត្រៀមនៅសាកលវិទ្យាល័យធម្មាសាធ និងបញ្ចប់ការសិក្សាសម្រាប់វគ្គនេះនៅឆ្នាំ១៩៤៦ ជាមួយលទ្ធផលល្អប្រសើរ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៤៦ នួន ជា ក៏បានចុះឈ្មោះចូលរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មាសាធ។ ការសិក្សារបស់ នួន ជា លើមុខវិជ្ជាច្បាប់របស់គាត់មិនសូវទទួលបានលទ្ធផលល្អទេ ព្រោះគាត់តែងតែប្រឡងធ្លាក់មុខវិជ្ជាមួយចំនួន។
មូលហេតុនៃការធ្លាក់ចុះខ្សោយនៃការសិក្សារបស់គាត់ អាចថាគាត់មិនសូវមានពេលវេលាសម្រាប់ការសិក្សា ដោយសារតែគាត់បានចូលប្រលូកក្នុងកិច្ចការនយោបាយ និងបម្រើការងារផ្សេងៗនៅក្នុងប្រទេសថៃក្នុងកំឡុងពេលដែលគាត់កំពុងតែសិក្សា។ ចុងក្រោយ នួន ជា បានបោះបង់ទាំងការងារនៅក្នុងប្រទេសថៃ និងការសិក្សានៅសាកលវិទ្យាល័យធម្មាសាធ ហើយត្រឡប់មកចូលរួមធ្វើកិច្ចការនយោបាយនៅក្នុងប្រទេសកម្ពុជាវិញនៅកំឡុងឆ្នាំ១៩៥០។
* ប្រវត្តិការងាររបស់ នួន ជា៖
មុនឆ្នាំ១៩៧៥នួន ជា បានចាប់ផ្តើមចូលក្នុងកិច្ចការងារនយោបាយយ៉ាងសកម្មចាប់តាំងពីឆ្នាំ១៩៤០ នៅពេលដែលគាត់បានទៅរស់នៅក្នុងប្រទេសថៃ។ ក្នុងអំឡុងពេលរស់នៅទីនោះ នួន ជា បានចូលរួមក្នុងអង្គការយុវជនថៃ ដែលជាអង្គការមួយស្ថិតនៅក្រោមបក្សកុម្មុយនីស្ត និងជាទីកន្លែងមួយដែលបុរស និងស្រ្តីវ័យក្មេងៗប្រមូលផ្តុំគ្នាដើម្បីធ្វើសកម្មភាពសង្គមជួយគ្នាទៅវិញទៅមកព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនយោបល់។
រួម វង់ផាន គឺជាអតីតសិស្សនៃសាកលវិទ្យាល័យធម្មាសាធ និងជាអ្នកដែលធ្លាប់បានរស់នៅជាមួយ នួន ជា ក្នុងបន្ទប់ជួលជាមួយគ្នា គឺជាអ្នកអញ្ជើញ នួន ជា ឲ្យចូលរួមក្នុងអង្គការយុវជនថៃរហូតបានក្លាយជាសមាជិកបក្សកុម្មុយនីស្តថៃ។ ក្រៅពីការងារនេះ នួន ជា ក៏បានបម្រើការងារជាមន្រ្តីរដ្ឋាភិបាលថៃធម្មតាម្នាក់ ដែលមានតួនាទីជាស្មៀននៅក្នុងការិយាល័យគណនេយ្យក្នុងនាយកដ្ឋានជម្រះបញ្ជីទូទៅរបស់ក្រសួងហិរញ្ញវត្ថុថៃនៅចុងឆ្នាំ១៩៤៧។
ក្រោយមក នួន ជា បានប្រឡងជាប់ធ្វើការងារនៅក្នុងក្រសួងការបរទេសថៃ ហើយបានលាឈប់ពីការងារនៅក្នុងក្រសួងហិរញ្ញវត្ថុ។ រយៈពេលប្រហែល១ខែប៉ុណ្ណោះបន្ទាប់ពី នួន ជា បានបំពេញការងារនៅក្រសួងការបរទេសថៃ គាត់ក៏បានលាឈប់ ដែលនៅពេលនោះគាត់ក៏បានបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យធម្មាសាធដែរ។ ក្រោយមក នួន ជា បានផ្ទេរសមាជិកភាពរបស់គាត់ពីសមាជិកបក្សកុម្មុយនីស្តថៃ ទៅជាបក្សកុម្មុយនីស្តឥណ្ឌូចិនដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញសម្រាប់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងបារាំងដែលកំពុងតែដាក់អាណានិគមនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីប្រឡូកក្នុងវិស័យនយោបាយនៅក្នុងប្រទេសថៃ នួន ជា បានត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមក្នុងចលនាតស៊ូរបស់បក្សកុម្មុនីស្ត ដោយទទួលបន្ទុកខាងឃោសនាបក្សក្នុងឆ្នាំ១៩៥០។ នៅក្នុងឆ្នាំ១៩៥៩ ទូ សាមុត នួន ជា និង ប៉ុល ពត បានចាប់ផ្តើមដំណើរការបង្កើតបក្សកុម្មុយនីស្តថ្មីមួយដែលគោលការបក្សនេះគឺប្រជាធិបតេយ្យប្រមូលផ្តុំ និងម៉ាក្សលេនីននិយម។
នៅក្នុងពេលចូលរួមក្នុងចលនាតស៊ូរបស់បក្សកុម្មុយនីស្ត នួន ជា បានទាក់ទងយ៉ាងសកម្មជាមួយពួកកុម្មុយនីស្តវៀតណាម និងចលនាខ្មែរឥស្សរៈ។ នួន ជា ក៏បានទៅសិក្សាវគ្គនយោបាយនៅភាគខាងត្បូង និងភាគខាងជើងនៃប្រទេសវៀតណាមដែរ។ ទោះបីជាមានការបង្កើតបក្សប្រជាជនបដិវត្តន៍កម្ពុជា ក៏ នួន ជា នៅតែជាសមាជិកក្នុងចលនាកុម្មុនីស្តដដែល។
នៅក្នុងខែកញ្ញា ឆ្នាំ១៩៦០ នួន ជា ត្រូវបានជ្រើសរើសជាអនុលេខាបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលក្រោយមកបានប្តូរឈ្មោះថា បក្សពលករកម្ពុជា និងបន្ទាប់មកទៀតប្តូរទៅជាឈ្មោះបក្សកុម្មុនីស្តកម្ពុជាជាមួយ សាឡុត ស និង ទូ សាមុត។ ប៉ុន្តែបន្ទាប់ពីបាត់ខ្លួន ទូ សាមុត នៅក្នុងឆ្នាំ១៩៦២ នួន ជា នៅតែកាន់តំណែងជាអនុលេខាបក្ស ដែលនៅពេលនោះ ប៉ុល ពត បានក្លាយជាលេខាបក្ស និងប្រលូកក្នុងវិស័យនយោបាយរហូតដល់ដណ្តើមបានជ័យជម្នះពី លន់ នល់ និងឡើងកាន់កាប់អំណាចនៅក្នុងឆ្នាំ១៩៧៥។
បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ នួន ជា បានចាកចេញពីទីក្រុងភ្នំពេញដើម្បីចូលរួមចលនាព្រៃម៉ាគីជាមួយមេដឹកនាំបក្សបក្សកុម្មុយនីស្តកម្ពុជា ដូចជា ប៉ុល ពត សុន សេន តា ម៉ុក និង សោ ភឹម ដោយបានបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅតាមខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។
នៅរវាងឆ្នាំ១៩៧០ ដល់១៩៧៥ នួន ជា បានក្លាយជាអនុបញ្ជាការយោធាជាន់ខ្ពស់កងទ័ពប្រជាជននៃចលនារំដោះជាតិកម្ពុជា និងជាប្រធានផ្នែកនយោបាយរបស់កងទ័ព ហើយថែមទាំងទទួលបន្ទុកក្នុងការទំនាក់ទំនងជាមួយវៀតណាម។
* នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)៖
នៅកំឡុងខែមេសា ឆ្នាំ១៩៧៥ នួន ជា នៅជាមួយ ប៉ុល ពត និងមេដឹកនាំយោធា និងនយោបាយសំខាន់ៗមួយចំនួនទៀតរបស់បក្សកុម្មុយនីស្តកម្ពុជា ដូចជា កុយ ធួន សោភឹម តាម៉ុក និង សុន សេន ដើម្បីដឹកនាំកម្លាំងវាយកាន់កាប់ទីក្រុងភ្នំពេញ។
បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ និងកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីផ្ទះសម្បែងដោយបង្ខំ។ ប្រជាជនខ្លះបានស្លាប់នៅតាមផ្លូវ រីឯអ្នកខ្លះទៀតត្រូវបានបែកពីក្រុមគ្រួសាររបស់ខ្លួន។ នួន ជា ត្រូវបានប្រជាជនស្គាល់ថា ជាបងធំទី២ បន្ទាប់ពី ប៉ុល ពត ដែលមានតួនាទីជាអនុលេខាបក្សនៃបក្សកុម្មុយនីស្តកម្ពុជា ជាសមាជិកពេញសិទ្ធិនៃគណកម្មាធិការមជ្ឈិម និងជាគណកម្មាធិការអចិន្រ្តៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ជាសភាតំណាងឲ្យប្រជាជន ថែមទាំងពេលខ្លះជានាយករដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។
ក្នុងឋានៈជាអនុលេខាមជ្ឈិមបក្ស នួន ជា គឺជាមនុស្សទី២នៅក្នុងឋានានុក្រមបក្ស និងត្រូវបានស្គាល់ថា ជាបងធំទី២ និងជាដៃស្តាំរបស់ ប៉ុល ពត។ ក្នុងនាមជាសមាជិកពេញសិទ្ធិ នួន ជា អាចពិគ្រោះយោបល់ និងរួមមតិសម្រេចពាក់ព័ន្ធនឹងបញ្ហាទាំងអស់។ ចំពោះតួនាទីជាសមាជិកគណអចិន្ត្រៃយ៍ និងជាសមាជិកគណមជ្ឈិម នួន ជា បានចូលរួមប្រជុំកម្រិតខ្ពស់នានារបស់បក្សកុម្មុយនីស្តកម្ពុជាជាទៀងទាត់ ដែលធ្វើជាប្រចាំនៅមន្ទីរក-១និងមន្ទីរក-៣ និងថែមទាំងបានជួបប្រជុំប្រចាំខែនៅមន្ទីរក-១ ជាមួយនឹងកម្មាភិបាល ថ្នាក់ដឹកនាំមកពីបណ្តាភូមិភាគតំបន់ ព្រមទាំងគណស្រុកដែរ។ នួន ជា ក៏បានជួបជាញឹកញាប់នៅក្រៅទីក្រុងភ្នំពេញជាមួយមេដឹកនាំស្វយ័តនិងមេដឹកនាំភូមិភាគជាពិសេសនៅពេលសន្និបាតតាមតំបន់ និងភូមិភាគ៕
ដោយ៖ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត