(កណ្តាល)៖ ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក បានសាទរជាខ្លាំងចំពោះអាជ្ញាធរ ដែលបានធ្វើការអភិវឌ្ឍវិស័យកសិកម្ម លើផ្ទៃដីទំហំប្រមាណ ៤០០ហិកតា។
ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ការដាំដុះដំណាំស្រូវ និងបន្លែផ្សេងៗទទួលបានភោគផលច្រើន ដោយសារអាជ្ញាធរបានជីកស្តារប្រឡាយមេ និងប្រឡាយកូនជាច្រើន រៀបចំប្រព័ន្ធធារាសាស្ត្រ នាំទឹកទៅដល់ដីស្រែរបស់ពួកគាត់ ដោយមិនខ្វះខាតទឹកស្រោចស្រព ផលដំណាំដូចកាលពីមុនទៀតហើយ។ ប្រជាពលរដ្ឋ បន្តថា កាលពីមុនការធ្វើស្រែជួនបានជួនអត់ ដោយឆ្នាំខ្លះជួបគ្រោះរាំងស្ងួត មិនមានប្រភពទឹកសម្រាប់ស្រចស្រព។
ម្យ៉ាងទៀតជួបបញ្ហាសត្វចង្រៃ មកយាយីបំផ្លិចបំផ្លាញ ដោយសារមានប្រជាពលរដ្ឋភាគច្រើន បានទុកដីស្រែចោល វាបណ្តាលឲ្យដីស្រែដុះព្រៃ បង្កជាជម្រកសត្វកណ្តុរ និងសត្វល្អិតគ្រប់ប្រភេទ បានសម្ងំខ្លួនពេលថ្ងៃ លុះពេលយប់វាចេញមកបំផ្លិចបំផ្លាញ ផលដំណាំពួកគាត់។ ប៉ុន្តែឥឡូវបន្ទាប់ពីអាជ្ញាធរ ជីកស្តារប្រឡាយនាំប្រភពទឹក ទៅដល់ដីស្រែរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ទើបប្រជាពលរដ្ឋនៅក្នុងឃុំភាគច្រើន ដែលទុកដីស្រែចោលរាប់សិបឆ្នាំនោះ នាំគ្នាផុះផុលមកកាប់ឆ្ការព្រៃ បង្កបង្កើនផលគ្រប់ៗគ្នា។
ប្រជាពលរដ្ឋ បានអះអាងទៀតថា បើនិយាយតែចំពោះអ្នកធ្វើស្រែ ក្នុងមួយឆ្នាំពួកគាត់អាចធ្វើស្រែប្រាំង បានពីរដងដោយប្រមូលទិន្នផល គិតមធ្យមបានពី៦ទៅ៧តោន ក្នុង១ហិកតា។ រឿងដែលពួកគាត់កាន់តែសប្បាយចិត្តនោះ នូវពេលដែលពួកគាត់ ប្រមូលផលបានហើយ គឺមិនពិបាកដឹកជញ្ជូន ដូចកាលពីមុនទេ។
កាលពីមុនពេលប្រមូលផលបានហើយ នៅមានការលំបាកក្នុងការដឹកជញ្ជូន ដោយសារកាលណោះ មិនមានផ្លូវស្រួលធ្វើដំណើរដូចបច្ចុប្បន្នទេ គឺជាផ្លូវរទេះ ពេលភ្លៀងធ្លាក់ម្តងៗ ការដឹកជញ្ជូនមិនត្រឹមតែធ្វើដំណើរ ដោយកង់ម៉ូតូមិនរួចទេ មានពេលខ្លះរអិលក្រឡាប់គោយន្តទៀតផង។ ទន្ទឹមនឹងការសាទរប្រជាពលរដ្ឋ នៅបានស្នើសុំឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍបន្ថែមទៀត ដូចជាចាក់ក្រាលគ្រួសក្រហម លើប្រព័ន្ធផ្លូវលំដើម្បីពួកគាត់ កាន់តែងាយស្រួលក្នុងការដឹកជញ្ជូនកសិផល ។
លោក ងី សារី មេឃុំព្រែកទន្លាប់បានឲ្យដឹងថា ការជីកប្រឡាយ ប្រព័ន្ធធារាសាស្ត្រនេះ លោកធ្វើដោយសារមានការស្នើសុំ ពីប្រជាពលរដ្ឋនៅក្នុងឃុំ ដែលដីស្រោចស្រព ប្រមាណ៤០០ហិកតា។ ក្នុងនោះការស្តារ ការជីកប្រឡាយនេះ ធ្វើជាតំណាក់កាលតាមឆ្នាំនីមួយៗ។ តាមរយៈការគាំទ្រគម្រោងអភិវឌ្ឍ ប្រព័ន្ធធារាសាស្ត្រក្នុងឃុំនេះ ធ្វើក្នុងនាមសប្បុរសជន ជាការគាំទ្រនូវសមាហរណកម្ម ផែនការរបស់ស្រុក។ នៅឆ្នាំនេះ បានបន្តអនុវត្តគម្រោងនេះឱ្យបានចប់ ក្នុងការជីកស្តា ដើម្បីបម្រើឱ្យការស្រោចស្រព ដំណាំទៅលើផ្ទះដៃទាំងអស់នេះ។
លោកបន្តថា ក្រៅពីគម្រោងប្រព័ន្ធធារាសាស្ត្រ នៅមានគម្រោងរបស់ ASD ជាគម្រោងដៃគូរអភិវឌ្ឍ របស់បារាំងតាមរយៈរាជរដ្ឋាភិបាល ដែលមានក្រសួង, មន្ទីរ និងការិយាល័យធនធានទឹក ធ្វើនៅក្នុងឃុំនេះ មានចំនួន២ព្រែក ហើយនៅក្នុងឃុំនេះ មានស្ថានីយ៍បូមទឹកចំនួន៣ ក្នុងនោះរបស់បារាំងចំនួន២ និងរបស់សប្បុរសជនចំនួន១។
«ក្នុងការអនុវត្តគោលនយោបាយទៅលើវិស័យកសិកម្មនេះ យើងឃើញថា សម្រាប់ឆ្នាំក្រោយប្រភពទឹកស្រោចស្រព ផ្ទៃដីកសិកម្មគឺលែងខ្វះទៀតហើយ។ ក្នុងនេះយើងពនិត្យឃើញថា ប្រជាពលរដ្ឋគាត់បានចូលរួមក្នុងការបង្កបង្កើនផល ពិសេសដំណាំស្រូវ និងដំណាំរួមផ្សំទៀត ដូចជាដាំណាំពោត និងដំណាំបន្លែ។ ទន្ទឹមនោះ យើងបានបង្កើតសហគមន៍ ដាំបន្លែនៅក្នុងឃុំដែលប្រើប្រាស់ជីសរីរាង្គ»។ លោក ងី សារី បានបញ្ជាក់បែបនេះ។
លោកបន្តទៀតថា ចំពោះប្រព័ន្ធធារាសាស្ត្រនៅក្នុងឃុំ ពិសេសប្រព័ន្ធធារាសាស្ត្រ ដែលគាំទ្រដោយសប្បុរសជន ឆ្នាំនេះបានស្តារប្រឡាយមេ រហូតទៅដល់បឹង ដែលក្នុងនោះប្រជាពលរដ្ឋ ធ្វើស្រូវចំនួន២ដងក្នុង១ឆ្នាំ ហើយសាលទី១ ប្រើប្រាស់ទឹកបឹងនេះឯង ចំណែកសាលទី២ ឆ្នាំខ្លះប្រើប្រាស់ទឹកនេះគ្រប់ ឆ្នាំខ្លះទៀតមិនគ្រប់ អញ្ចឹងនឹងរៀបចំស្ថានីយ៍បូមទឹកពីទន្លេមកវិញ ព្រោះកន្លងទៅប្រើប្រាស់ម៉ាស៊ីន អន្តរាគមន៍តាមរយៈមន្ទីរធនធានទឹកខេត្ត តែសម្រាប់ឆ្នាំនេះ បានលើកគម្រោងធារាសាស្ត្រប្រើប្រាស់ដោយអគ្គិសនី ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់អគ្គិសនីបូមដោយម៉ូទ័រ ហើយប្រើនៅពេលយប់ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងតម្លៃថោក គឺតម្លៃជាង៤០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង អញ្ចឹងការអនុវត្តសម្រាប់ឆ្នាំក្រោយ រដូវទី១យកទឹកបឹងមកប្រើ រដូវទី២ បើសិនទឹកបឹងរីង អាចយកទឹកពីទន្លេមកប្រើ។
លោកមេឃុំព្រែកទន្លាប់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមក្នុងការរៀបចំផ្ទៃដីបង្កបង្កើនផល ទាំងដំណាំស្រូវ ដំណាំពោត និងដំណាំបន្លែ រួមទាំងដំណាំគួបផ្សំផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាអាចឱ្យប្រព័ន្ធស្រោចស្រពនេះ ជួយស្រោចស្រពឱ្យពួកគាត់បានគ្រប់ភូមិ នៅក្នុងឃុំព្រែកទន្លាប់។ ចំណែកការស្នើសុំរបស់ប្រជាពលរដ្ឋ សុំឲ្យធ្វើការអភិវឌ្ឍបន្ថែម ជាពិសេសសុំឲ្យអាជ្ញាធរ ចាក់ក្រាលគ្រួសក្រហមលើផ្លូវ ដែលទើបនឹងស្ថាបនានេះ លោកថាកំពុងរកសប្បុរសជន ហើយបច្ចុប្បន្នមានសប្បុរសជនខ្លះ បានជួយនិងខ្លួនលោកផ្ទាល់ឲ្យ គេយកដីខ្សាច់ភ្នំមកចាក់ក្រាលបណ្តើរៗហើយ៕