(ត្បូងឃ្មុំ)៖ «សូមប្អូនៗក្មួយៗខិតខំសិក្សាប្រលងជាប់ ជាសិស្សពូកែនិទ្ទេស A នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងអាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានា ចំណែកសិស្សក្រីក្រពិតប្រាកដ នឹងទទួលបានអាហារូបករណ៍ដូចគ្នាពី ស.ស.យ.ក ពីសម្តេចតេជោ គឺលោកតាហ៊ុនសែន»។ នេះជាការលើកឡើងរបស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
លោកថ្លែងលើកទឹកចិត្ត ផ្តល់កាដូជំរុញដល់ការសិក្សាបែបនេះ ក្នុងឱកាសលោកបន្តចុះសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង ៣០០នាក់ ក្នុងវគ្គបំប៉នត្រៀមប្រលងបាក់ឌុប នៅវិទ្យាល័យទាំង៣ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានវិទ្យាល័យ ហេងសំរិន ចក, វិទ្យាល័យ ហ៊ុនសែន អូររាំងឪ និងវិទ្យាល័យ ហ៊ុនសែន ពាមជាំង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។
លោក ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យក្មួយៗត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ប្រឹងប្រែងសង្វាតក្រេបយកចំណេះដឹង ដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល ពិសេសទឹកចិត្តឪពុកម្តាយ ដែលលោកខិតខំទំនុកបំរុងឲ្យមកសិក្សា ព្រោះចង់ឃើញកូនមានអនាគតល្អ ដោយវិនិយោគលើការសិក្សារបស់កូន។ លោកថ្លែងថា កុំឲ្យឪពុកម្តាយអស់សង្ឃឹម ត្រូវខំប្រលងឲ្យជាប់ ដោយឡែកបន្ទាប់ពីជាប់ទី១២ ត្រូវបន្តការសិក្សាចាប់យកជំនាញ ដែលខ្លួនពេញចិត្តពិតប្រាកដ កុំរៀនតាមគ្នា ដែលមិនមែនជាអ្វីដែលខ្លួនចូលចិត្ត នឹងត្រូវមាន៣ចំនុច ជាសំខាន់ នោះគឺចំណេះជំនាញ កុំព្យូទ័រ និងភាសា។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ជំរុញឲ្យសិស្សានុសិស្សទាំងអស់ កុំបោះបង់ចោលការសិក្សា ព្រោះថាក្មួយៗទាំងនេះហើយ ជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនពីលោក ក៏ដូចជាជាអ្នកដឹកនាំប្រទេស នៅថ្ងៃអនាគត។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ឲ្យតែក្មួយៗជាសិស្សក្រីក្រ នឹងស្រលាញ់ការសិក្សាពិតប្រាកដ លោកនឹងជួយទំនុកបំរ៉ុង ទោះបីត្រូវលក់ឡាន លក់ដីក៏ដោយ ព្រោះលោកក៍ជាអ្នកស្រលាញ់ការសិក្សា និងជាបញ្ញវ័នមួយរូបផងដែរ ពិសេសជូនពរឲ្យប្រលងជាប់គ្រប់ៗគ្នា។
បន្ថែមលើសពីនេះ លោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូដែលជាមាតាបិតាទី២ របស់សិស្ស ដែលមានមនសិការជាតិខ្ពស់ មានឆន្ទៈជាអ្នកបណ្តុះទំពាំង ដ៏មានគុណភាព ដែលចំណាយពេលវេលា មកបង្រៀន ពិសេសបង្រៀនបន្ថែមក្នុងវគ្គបំប៉ននេះ។ លោបានផ្តល់ជូនថវិកាមួយចំនួន ដល់លោកគ្រូអ្នកគ្រូ ដើម្បីជាការលើកទឹកចិត្ត ឧបត្ថម្ភដោយ ស.ស.យ.កខេត្ត ដែលមានលោក ម៉ៅ ឌុង ជាប្រធាន និងជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដែលជួយលើកិច្ចការនេះ ជាបន្តបន្ទាប់រហូតមកផងដែរ៕