(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលនឹងទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៨០នាក់ នារី ០៧នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ៣១៩នាក់ នារី ៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន ៩៦៦នាក់ នារី ៥៥នាក់។
សូមបញ្ជាក់ថា បណ្ឌិត្យសភានរគបាលកម្ពុជា គឺជាស្ថាប័នចំណុះឱ្យក្រសួងមហាផ្ទៃដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេស ស្របតាមតម្រូវការរបស់សង្គមជាតិ និងស្តង់ដាគុណភាពដែលបានកំណត់។
គិតចាប់ពីឆ្នាំ២០០៧ ដល់ឆមាសទី១ ឆ្នាំ២០១៩នេះ និស្សិតនាយនគរបាលបន្តវេន សិក្ខាកាម និងសិស្សនគរបាល បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជាមានចំនួនសរុប ៤៤,៩២០នាក់ ក្នុងនោះនារី ២,៤៤១នាក់។
របាយការណ៍បង្ហាញថា ជាមធ្យមបណ្ឌិត្យសភានគរបាលកម្ពុជាបានបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងវគ្គវែង និងវគ្គខ្លី ជិត ៤ពាន់នាក់ក្នុងមួយឆ្នាំៗ។ ចំពោះសិស្សនគរបាលវគ្គបឋមវិជ្ជាជីវៈនគរបាលក្របខ័ណ្ឌថ្មី និងមន្ត្រីនគរបាលប៉ុស្តិ៍នានា បានបញ្ចប់ការសិក្សានៅតាមសាលានគរបាលជាតិភូមិភាគទាំង៦ គិតចាប់ពីឆ្នាំ២០០៧ ដល់ឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប ១៤,៤៩១នាក់ ក្នុងនោះនារី ១,៧៧៨នាក់៕