(វ៉ាស៊ីនតោន)៖ ចំនួនអ្នកស្លាប់ នៅក្នុងការបាញ់ប្រហារមួយនៅឯទីក្រុង Dayton នៃរដ្ឋ Ohio សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអាទិត្យនេះ បានកើនដល់១០នាក់ រួមទាំងខ្មាន់កាំភ្លើង និង១៦នាក់ ផ្សេងទៀតរងរបួស។ នេះបើតាមប៉ូលិសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។
ប៉ូលិសអាមេរិក បានទទួលស្គាល់ថា មនុស្ស៩នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារ ក្បែរក្លឹបរាត្រី មួយកន្លែងនៅតំបន់ Oregon នៃទីក្រុង Dayton។ ចំណែកឯ ខ្មាន់កាំភ្លើងក៏ត្រូវបានប៉ូលិសបាញ់ សម្លាប់ផងដែរ។
គួរជម្រាបថា ការបាញ់ប្រហារនៅព្រឹកថ្ងៃអាទិត្យនេះ កើតមានឡើងតិចជាង២៤ម៉ោង តែប៉ុណ្ណោះ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានសម្លាប់ និង២៦នាក់រងរបួស នៅក្នុងការបាញ់ ប្រហារដ៏រង្គាលមួយរបស់ខ្មាន់កាំភ្លើងម្នាក់ ក្នុងទីក្រុង El Paso នៃរដ្ឋតិចសាស់។
ការបាញ់ប្រហារនេះបានកើតឡើងនៅផ្សារទំនើប Walmart មួយកន្លែងស្ថិតនៃទីក្រុង El Paso ខណៈបុរសអាយុ២១ឆ្នាំ ម្នាក់ឈ្មោះ Patrick Crusius ត្រូវបានចាប់ខ្លួន។ ប៉ុន្តែគេមិនទាន់ដឹងពី មូលហេតុនៃ ការបាញ់ប្រហារនេះនៅឡើយទេ៕