(ភ្នំពេញ)៖ ផលិតផលគ្រឿងសំអាងជាច្រើនមុខ ផលិតដោយក្រុមហ៊ុន Shimizu lndusrial ដែលល្បីល្បាញនៅប្រទេសជប៉ុន ត្រូវបានក្រុមហ៊ុន Mananita សហការនាំយកមកលក់ចែកចាយនៅក្នុងប្រទេសកម្ពុជាហើយ។
គ្រឿងសំអាងខាងលើត្រូវបានក្រុមហ៊ុនទាំងពីរធ្វើពិធីបង្ហាញដល់អតិថិជន និងបើកលក់ជាផ្លូវការ នៅភោជនីដ្ឋានទំនើបនៅជាន់ទី៣៩ នៃអាគារវឌ្ឍនៈ នៅថ្ងៃសុក្រកន្លងទៅនេះ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងតារាបង្ហាញម៉ូត អ្នកសិល្បៈជាច្រើន។
លោក យិន សុតាបញ្ញា ប្រធានក្រុមហ៊ុន Mananita ដែលនាំយកផលិតផលគ្រឿងសំអាងខាងលើយកមកលក់ចែកចាយ នៅក្នុងប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា បន្ទាប់ពីលោកទៅទស្សនកិច្ច នៅប្រទេសជប៉ុនជាច្រើនលើកច្រើនសារ បានមើលឃើញថា ផលិតផលគ្រឿងសំអាងដែលលោកសម្រេចនាំចូលមកពេលនេះ ពិតជាល្បីល្បាញនៅប្រទេសជប៉ុនប្រាកដមែន ដោយមានប្រជាជនជប៉ុន ជាពិសេសស្ត្រីតែម្ដងនិយមប្រើ ដើម្បីតុបតែងខ្លួន និងថែរក្សាសម្ផស្ស។
ចំណែកលោក Kouichi Shimizu ដែលតំណាងឲ្យក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានថ្លែងឲ្យដឹងថា ផលិតផលគ្រឿងសំអាង និងថែរក្សាសម្ផស្ស ដែលក្រុមហ៊ុនរបស់លោកនាំយកមកលក់ចែកចាយ នៅក្នុងប្រទេសកម្ពុជានេះ រួមមានផលិតផលម៉ាក Surreal គឺជាប្រភេទម្សៅទ្រនាប់ការពារកំដៅថ្ងៃ, ផលិតផលម៉ាក Beauty label គីជាម្សៅហ៊ុយ ដែលធុននឹងទឹក និងការពារកំដៅថ្ងៃ។
ចំណែកផលិតផលម៉ាក Gold Repairing Jelly គឺជាប្រភេទចាហួយលាបឲ្យស្បែកមុខតឹងណែន និងក្មេងជាងវៃ ដោយមានសារធាតុមាសសុទ្ធនៅក្នុងផលិតផល៕