(ភ្នំពេញ)៖ យុវជនប្រមាណ១៣,០០០នាក់ បានចូលរួមបង្កើតអាជីកម្មទីផ្សារបណ្ដាញ ដើម្បីលក់ផលិតផលរបស់ក្រុមហ៊ុន NSZ World ដែលជាផលិតផលថែរក្សាសុខភាព និងសម្ផស្ស ដែលនេះហាក់បង្ហាញថា យុវជនកម្ពុជាបាន និងកំពុងសម្របខ្លួនទៅក្នុងការធ្វើអាជីវកម្មតាមប្រព័ន្ធ Online ប៉ុន្តែក៏មានស្នើឱ្យមានការឆ្លងកាត់ការបណ្ដុះបណ្ដាល ឱ្យច្បាស់លាស់ផងដែរ។
ពួកគេខាងលើនេះបានចូលរួមក្នុងពិធី Super BOS ប្រចាំខែសីហា ឆ្នាំ២០១៩ របស់ក្រុមហ៊ុន NSZ World នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារតារាអ៊ែរផត ដែលធ្វើឡើងក្រោមអធិបតីភាពលោកសហមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកទីផ្សារបណ្ដាញកម្ពុជា ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ លោក លី សីហនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World កញ្ញា ធី សុវណ្ណថា ប្រធានក្រុមហ៊ុនធីសុវណ្ណថា អគ្គនាយិកាក្រុមហ៊ុន Elite Media និងជាអគ្គនាយិកាសារព័ត៌មាន TV Online។
យុវជនទាំងនេះ កំពុងស្ថិតក្រោមការគ្រប់គ្រង និងបណ្ដុះបណ្ដាលរបស់សមាគមអ្នកទីផ្សារបណ្ដាញកម្ពុជា ហើយមួយចំនួនក៏បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជាច្រើនហើយដែរ។
លោក លី សីហនន្ទ បានឱ្យដឹងថា ក្រុមហ៊ុន NSZ World របស់លោក ជាក្រុមហ៊ុនស្របច្បាប់មួយដែលមានការនាំចូល និងចែកចាយផលិតផលថែទាំសុខភាព និងសម្ផស្សជាប្រភេទឡេលាប និងជាក្រុមហ៊ុនមួយដែលជួយបណ្ដុះបណ្ដាលយុវជនឲ្យចេះធ្វើអាជីវកម្មទីផ្សារបណ្តាញ ដើម្បីឲ្យពួកគេមានការងារ និងមុខរបរច្បាស់លាស់។
លោកបានបន្តថា ក្រុមហ៊ុនលោកបាននាំចូលផលិតផលថែរក្សាសុខភាព និងសម្ផស្សមួយប្រភេទ ដែលមានឈ្មោះថា Q nano-X កាលពីអំលុងខែមេសា ឆ្នាំ២០១៩។ រហូតដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកសាខាការិយាល័យស្តុកផលិតផលចំនួន ១៤រាជធានី-ខេត្ត៖ មានរាជធានីភ្នំពេញ កណ្ដាល កំពង់ចាម ក្រចេះ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង តាកែវ កំពត ព្រះសីហនុ កោះកុង និងខេត្តព្រៃវែង។ ក្រុមហ៊ុនក៏បានពង្រីកទីផ្សារទៅក្រៅប្រទេសបានចំនួន ៦ប្រទេសទៀតផងដែរ មានដូចជាប្រទេសវៀតណាម កូរ៉េខាងត្បូង ឥណ្ឌា ហ្វីលីពីន ឡាវ និងប្រទេសថៃ។
អគ្គនាយកក្រុមហ៊ុនរូបនេះ បានប្ដេជ្ញានៅតែខិតខំយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលសមាជិករបស់ខ្លួន ឱ្យមានជំនាញពិតប្រាកដក្នុងការធ្វើអាជីវកម្មទីផ្សារបណ្ដាញ។
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន NSZ World របស់លោក លី សីហនន្ទ ដែលបាននាំមកនូវផលិតផល Q nano-X នេះ ដើម្បីជួយថែបំប៉នសុខភាព និងសម្ផស្សរបស់ប្រជាពលរដ្ឋនៅកម្ពុជា ពីព្រោះកាលណាយើងមានផលិតផលល្អសុទ្ធ និងអនុវត្តស្របទៅនឹងច្បាប់ហើយ គឺប្រៀបបីដូចជាជួយថែរក្សាសុខភាព គាំពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៀតផង។
លោកឧត្តមសេនីយ៍ឯកបានបន្តថា ការកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ ក៏ប្រៀបបីដូចជាចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយការងារសង្គមបានច្រើន ដែលជាការគាំទ្រគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។
ក្រៅពីនេះ ការនាំចូលនូវផលិតផលដ៏ពិសេសនេះ ក៏ជាការបង្កើតឱកាសការងារដ៏ច្រើន និងបង្កើនប្រាក់ចំណូលដល់យុវជន តាមរយៈការបង្កើតទីផ្សារបណ្ដាញខាងនេះ។ ពិសេសលើសពីនេះ គឺបានចូលរួមបង្កើនចំណូលពន្ធដារជូនរដ្ឋទៀតផង។
ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល ក៏បានអំពាវនាវដល់សមាជិកទីផ្សារបណ្ដាញទាំងអស់ សូមអនុវត្តការធ្វើអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងត្រូវពន្យល់ប្រាប់អថិតិជនឱ្យបានច្បាស់អំពីការប្រើប្រាស់ផលិតផលនេះ ជៀសវាងការកើតមានបញ្ហាភាន់ច្រឡំដោយប្រការណាមួយ។
ជាមួយគ្នានោះ លោកបណ្ឌិត ឡី សុភាព បានស្នើយ៉ាងទទូចដល់សមាជិកទីផ្សារបណ្ដាញរបស់ក្រុមហ៊ុន ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ដើម្បីទទួលបានវិញ្ញាបនបត្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្របតាមទស្សនទានថា «យុវជនម្នាក់ ជំនាញមួយ» «អាជីវកម្មមួយ ស្ដង់ដាមួយ» «សេវាកម្មមួយ ស្ដង់ដាមួយ» និង «បុគ្គលម្នាក់ ជំនាញមួយ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចមកហើយនោះ។
មិនតែប៉ុណ្ណោះ លោកបណ្ឌិតបានប្រកាសប្ដេជ្ញាគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយឥតងាករេ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជាដ៏កម្សត់មួយនេះឱ្យមានការជឿនលឿនទៅមុន ក្រោមម្លប់សុខសន្តិភាពដែលបានពីការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងកម្មវិធីដដែលនោះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នាស្ដីពី ការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន NSZ World រវាងលោក លី សីហនន្ទ ជាមួយកញ្ញា ធី សុវណ្ណថា ផងដែរ ដើម្បីប្រគល់ភារកិច្ចឱ្យក្រុមហ៊ុន Elite Media របស់កញ្ញា ធី សុវណ្ណថា ក្នុងការផ្សព្វផ្សាយពីផលិតផលរបស់ក្រុមហ៊ុន NSZ World ទៅកាន់បណ្ដាញសង្គម៕