(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចស​ហការរវាងអង្គភាពសារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើក​យក​ប្រធាន​បទទាក់​ទង​នឹង «សិទ្ធិអ្នកនិពន្ធ (ភាគ ១)» ដែលបកស្រាយអំពីប្រភេទនៃ​ស្នាដៃរប​ស់អ្នកនិពន្ធ មកធ្វើការបង្ហាញ​ជូនបងប្អូន​ប្រជាពលរដ្ឋរួច​មកហើយ។

សម្រាប់សប្តាហ៍នេះ យើងខ្ញុំនឹងលើកយ​​កប្រធានប​ទទាក់ទងនឹង «សិទ្ធិ​អ្នកនិពន្ធ (ភាគ ២)» ដែ​លបក​ស្រាយ​អំ​ពីវិ​សាលភាព​​នៃសិទ្ធិ លក្ខខណ្ឌ និងនីតិវិធី​ដើម្បីទទួលបា​នកិច្ចការពារពីច្បាប់លើស្នា​ដៃ​អ្នកនិពន្ធដូច​ខាងក្រោម៖

I. សិទ្ធិរបស់អ្នកនិពន្ធ៖

អ្នកនិពន្ធទទួលបានសិទ្ធិផ្តាច់មុខលើស្នាដៃ។ សិទ្ធិនេះត្រូវបានទទួលស្គាល់ដោយច្បាប់ជាតិ ។ សិទ្ធិអ្នកនិពន្ធមានពីរប្រភេទ គឺសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ។

១. សិទ្ធិបេតិកភណ្ឌ

សិទ្ធិបេតិកភណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់​អ្នកនិពន្ធ​លើទ្រព្យជា​ស្នាដៃរប​ស់ខ្លួន​តាមរយៈ​ការផលិត​ឡើងវិញ ការផ្សព្វផ្សាយ​ជាសារធារណៈ និងការ​បង្កើតស្នាដៃបន្ត ។
អ្នកនិពន្ធមាន​​សិទ្ធិផ្តាច់មុខ​​ធ្វើដោ​យ​ខ្លួនឯង ឬអនុញ្ញាត​ឲ្យ​គេធ្វើកិច្ចការ​ដូចតទៅ៖

ក. ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន ។
ខ. ការយកលំនំាតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ ។
គ. ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃសោតទស្សន៍ ឬស្នាដៃថតបញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូទ័រ ប្រព័ន្ធទិន្នន័យ ឬស្នាដៃតូរ្យតន្ត្រីជាអក្សរភ្លេង ។
ឃ. ការចែកចាយជាសាធារណៈតាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀតនូវច្បាប់ដើម ឬច្បាប់ចម្លងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទ្ធិ ។
ង. ការនំាចូលក្នុង​ប្រទេស​នូវស្នា​ដៃចម្លងចេ​ញពីស្នា​ដៃរបស់​សាមីខ្លួន​ដែលជា​អ្នកនិពន្ធ ។
ច. ការសម្តែ​ងស្នាដៃ​ជាសាធារណៈ ។
ជ. ការផ្សាយស្នា​ដៃជា​សាធារណៈ ។
ឈ. ការផ្សាយ​ស្នាដៃតា​មទូរផ្សាយ ។
ញ. ការផ្សាយ​ស្នាដៃជា​សាធារណៈ​តាមវិធីផ្សេង​ៗទៀត ។
សិទ្ធិដាក់ជួលក្នុងចំនុច គ មិនត្រូវអនុវត្ត​ចំពោះ​ការជួល​កម្មវិធី​កុំព្យូទ័រឡើយ ក្នុងករ​ណីដែលកម្មវិធីកុំ​ព្យូទ័រនោះ​មិនមែន​ជាកម្មវត្ថុ​ដ៏សំខាន់ស​ម្រាប់​ការ​ដាក់ជួល ។

២. សិទ្ធិសីលធម៌

សិទ្ធិសីលធម៌របស់អ្នកនិពន្ធមានបីចំនុចដូចខាងក្រោម៖

ក. អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចអំពីរបៀប និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ ។
ខ. អ្នកនិពន្ធមានសិទ្ធិកំណត់ឲ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសំរាប់ទាក់ទងជាមួយសាធារណជន ។
គ. អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែរប្រែខ្លឹមសារជាហេតុធ្វើឲ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន ។
សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្រ្តៃយ៍មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល ។

II. លក្ខខណ្ឌការពារស្នាដៃតាមរយៈសិទ្ធិអ្នកនិពន្ធ៖

ច្បាប់ស្តីពីអ្នកនិពន្ធ បានបង្កើត​នូវលក្ខខណ្ឌ​មួយចំនួន ដើម្បី​ឲ្យស្នាដៃ​ដែលត្រូវបាន បង្កើតរួចរាល់​ហើយអាចទ​ទួលបាននូវកិច្ចការ​ពារពីច្បាប់ ឬអាចនិយាយ​ម្យ៉ាងទៀត​ថានឹងអា​ចបង្កើ​តសិទ្ធិ ឲ្យដល់អ្នកដែលខំប្រឹងប្រែ​ងបង្កើតស្នាដៃនោះ ។ ក្នុងប្រព័ន្ធនី​តិកម្មសិទ្ធិប​ញ្ញានៃប្រ​ទេសកម្ពុជា​ស្នាដៃអ្នកនិ​ពន្ធត្រូវបាន​ការពារ​ដោយស្វ័យប្រវត្តិ មានន័យថា ស្នាដៃអាច​ទទួលបាន​កិច្ចការពារតាមរយៈ​សិទ្ធិអ្នកនិ​ពន្ធ ទោះបីជាបានចុះបញ្ជី ឬមិនបានចុះ​បញ្ជីក៏​ដោយ ។

ពោលគឺការចុះ​បញ្ជីដើម្បីការពារ​ស្នាដៃអ្នក​និពន្ធគឺជា សិទ្ធិរ​បស់​ម្ចាស់ស្នាដៃ ពុំមែន​ជាកាតព្វកិច្ច​​តម្រូវដោ​យច្បាប់ ដូចកម្មសិ​ទ្ធិបញ្ញាផ្សេងទៀត​នោះឡើយ ។ ប៉ុន្តែក្នុង​ករណី​ដែល​អ្នកនិពន្ធ ឬម្ចា​ស់សិទ្ធិ ចង់ចុះបញ្ជី​ដើម្បីទ​ទួលបានកិច្ចការពារ​លើស្នាដៃ​របស់ខ្លួន គឺដាក់ពា​ក្យស្នើសុំ​ចុះបញ្ជី​ស្នាដៃសិទ្ធិអ្នកនិពន្ធ​នៅក្រ​សួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ។

ក. លក្ខខណ្ឌភាពដើមនៃស្នាដៃអ្នកនិពន្ធ

ស្នាដៃដែលអា​ចត្រូវបាន​ការពារតាមរយៈសិទ្ធិអ្នកនិពន្ធ ត្រូវបំពេញលក្ខខណ្ឌ «ស្នាដៃដើម» ។ ស្នាដៃដើម ជាស្នាដៃដែលត្រូវបានបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធនៃស្នាដៃនោះ ។ ស្នាដៃដើម ជាស្នាដៃដែលមិនចម្លងពីស្នាដៃតតិយជន ។

ប៉ុន្តែភាពដើមនៃស្នាដៃពុំតម្រូវឲ្យស្នាដៃមួយត្រូវតែមានភាពថ្មីដាច់ខាត ឬភាពបង្កើត​បានមុនគេនៃស្នា​ដៃ​នោះទេ មានន័យថាស្នា​ដៃថ្មីទោះបីមា​នល​ក្ខណៈដូច ឬស្រដៀង​ទៅនឹងស្នាដៃ​ពីមុនក៏ដោយ ឲ្យតែមិនត្រូវ​បានច​ម្លងទាំងស្រុងពីស្នាដៃមុន អាចត្រូវបា​នការ​ពារតាមរ​យៈសិទ្ធិអ្នក​និពន្ធដែរ ។ ភាពដើម​អាចនឹង​ប្រែប្រួល​ផងដែរ ទៅតាមលក្ខណៈនៃការ​ប្រើប្រាស់ គំនិត​ប្រាជ្ញា​របស់អ្នក​និពន្ធ​ម្នាក់ទៅបង្កើត​ស្នាដៃមួយ ។

នៅក្នុងច្បាប់ក៏​បានបែងចែក​ពីភាពខុសប្លែក​គ្នារវាង​ស្នាដៃមុន និងស្នា​ដៃថ្មី ដោយផ្អែ​កលើការកម្រិត​នៃភាពខុសគ្នា ដោយ​ត្រូវពិចារ​ណាលើ​កម្រិតនៃ ការខិតខំ​ប្រឹងប្រែង​នៃស្នាដៃទាំងពីរ ។ កម្រិតនៃ​ភាពខុស​គ្នា នៃស្នា​ដៃទាំងពីរ គឺគេពិ​និត្យទៅលើសណ្ឋាននៃស្នាដៃ ដូចជារូ​បភាព អត្ថន័យ ពណ៌ ។ល។ ថាតើវា​មានភាពដូចគ្នាច្រើនរវា​ងស្នាដៃមុន និងស្នាដៃ​ថ្មីឬទេ ។ រីឯក​ម្រិតនៃកិច្ចខិតខំ​ប្រឹងប្រែង គឺសំដៅទៅ​លើការចំណា​យពេលវេលា ហិរញ្ញវត្ថុ និងកិច្ចខិតខំផ្សេងទៀតនៅក្នុងការ បង្កើ​តស្នាដៃរបស់​ម្ចាស់​ស្នាដៃ ។

ខ. លក្ខខណ្ឌនីត្យានុកូលភាពនៃស្នាដៃ

ស្នាដៃរ​បស់អ្នកនិពន្ធដែលអាច​ទទួលបាន​នូវកិច្ចការពារ ត្រូវតែ​ជាប្រភេទ​ស្នាដៃ​ដែលមា​នចែងនៅក្នុងច្បាប់​សិទ្ធិអ្នកនិពន្ធ ។ ច្បាប់នេះ​កំណត់ប្រភេទ​ស្នាដៃដែលអាចត្រូវ​បាន​ការពារ និងមិនអាច​ការ​ពារនៅក្នុង​​ប្រទេស​កម្ពុជា ។ លើសពីនេះទៅទៀត ច្បាប់សិទ្ធិអ្នក​និពន្ធផ្តល់កិច្ចការពារ​លើស្នាដៃដែត្រូវ​បាន បង្កើត​ឡើងនៅ​ក្នុងប្រទេស​កម្ពុជា និងនៅ​ឯបរទេស ដោយកំ​ណត់លក្ខខណ្ឌ​ពិសេស​ដោយឡែ​កផ្សេង​ទៀត ។

ស្នាដៃដែល​ត្រូវបង្កើតឡើង​នៅក្នុងប្រទេសកម្ពុជា គឺជាស្នា​ដៃដែលត្រូវបានបង្កើតឡើង ​ស្របតាមច្បាប់នៃប្រទេស​កម្ពុជា​ដោយ ជន​ដែល​មានសញ្ជាតិខ្មែរ ឬដោយជនប​រទេសដែលមានលំនៅក្នុងប្រទេ​សកម្ពុជា ឬ ស្នាដៃរបស់​នីតិបុគ្គលដែ​លមានទីតាំង​ចុះបញ្ជី​ស្រប​ច្បាប់​ក្នុងប្រទេសកម្ពុជា ។

ស្នាដៃដែលត្រូវបានបង្កើត​ឡើងនៅឯបរទេសដោយជនជាតិខ្មែរ ឬជនបរទេស ត្រូវចាត់​ទុក​ថា​ជាស្នា​ដៃបរទេស ហើយ​មិនស្ថិតក្រោម​ការអនុវ​ត្តច្បាប់នៃ​ប្រទេស​កម្ពុជា​ឡើយ ។ ប៉ុន្តែ​ស្នាដៃ​បរទេ​ស​នេះក៏​នឹងទ​ទួលបាន នូវកិច្ចការពារ​ស្របច្បា​ប់ក្នុងប្រទេសក​ម្ពុជាដែរ ប្រសិន​បើស្នា​ដៃ​នោះត្រូវបាន​យកម​កបោះពុម្ពផ្សាយ​លើក​ដំបូងនៅ​ប្រទេសកម្ពុជា ឬត្រូវបាន​យកបោះពុម្ពផ្សាយក្នុងរយៈពេល ៣០ ថ្ងៃ នៅប្រទេសក​ម្ពុជាចា​ប់ពីថ្ងៃបោះពុម្ពផ្សាយលើកដំបូង នៅ​ប្រទេសសញ្ជាតិ​ដើមស្នា​ដៃនោះ ។

III. ការកម្រិតសិទ្ធិអ្នកនិពន្ធ៖

ទោះបីជាអ្នកនិពន្ធ​ត្រូវបា​ន​ផ្តល់សិទ្ធិ​ឲ្យក្នុ​ងការកាពា​រស្នាដៃ​របស់ខ្លួ​នតាមរ​យៈច្បាប់​ក៏ដោយ ប៉ុន្តែច្បាប់ក៏​បានចែងអំ​ពីការ​កម្រិត​សិទ្ធិអ្នកនិពន្ធ​ផងដែរ ដែលអ្ន​កនិពន្ធមិនអាចធ្វើការ​ហាម​ឃាត់បានចំ​ពោះ៖

ក. ការសម្តែងស្នា​ដៃជាឯកជនដោយមិនគិ​តជាកម្រៃ ជាការសម្តែង​ក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត ។
ខ. ការរៀបចំទុកក្នុងបណ្ណាល័យ​នូវសំណៅ​ស្នាដៃណា​មួយ ដើម្បីរក្សា​ទុកឲ្យបានគង់​វង្ស ឬដើម្បីទុកស​ម្រាប់ធ្វើការស្រាវជ្រាវ ។
គ. ការប្រើប្រាស់ស្នា​ដៃសម្រាប់ការសិ​ក្សា​ដោយគ្មានរកប្រាក់កម្រៃ ។
ឃ. ការបកប្រែ​ស្នាដៃពីភាសាខ្មែ​រទៅជាភាសាជនជាតិភាគតិច ឬ​បកប្រែពីភា​សាជនជា​តិភាគតិចមកជា​ភាសាខ្មែរ ។

IV. រយៈពេលនៃកិច្ចការពារសិទ្ធិបេតិកភណ្ឌ៖

សិទ្ធិបេតិកភណ្ឌត្រូវបានការពា​រចា​ប់តាំងពីថ្ងៃដែលបានបង្កើ​តស្នាដៃ ។ រយៈពេលកិច្ចការ​ពារសិទ្ធិនេះត្រូវប្រ​ព្រឹត្ត​ទៅអស់​មួយជី​វិតអ្នកនិពន្ធ ព្រមទាំង​ប្រព្រឹត្តទៅ ៥០ ឆ្នាំ ក្រោយថ្ងៃ​ទទួល​មរណភាពរបស់អ្នកនិពន្ធ ។ កិច្ចការពារសិទ្ធិ​បេតិកភណ្ឌ​លើស្នាដៃ​សហការ​ប្រព្រឹត្តទៅអ​ស់មួយជីវិត​អ្នកនិពន្ធ​ ដែលរស់នៅចុង​ក្រោយគេ ព្រមទាំ​ងប្រព្រឹត្តទៅរយៈ​ពេល ៥០ (ហាសិប) ឆ្នាំ ក្រោយថ្ងៃទទួ​លមរណភាពរបស់អ្នកនិពន្ធចុងក្រោ​យនេះ ។ (មាត្រា ៣០)

សិទ្ធិបេតិកភណ្ឌលើស្នាដៃមួយដែលត្រូវបានបោះផ្សាយជាអានាមិកក្តី ឬជារហស្សនាមក្តី ត្រូវទទួលបានកិច្ចការពារពីច្បាប់នេះ ក្នុងរយៈពេល ៧៥ ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃឆ្នាំ ដែលស្នាដៃនោះបានបោះពុម្ពផ្សាយជាលើកដំបូង ដោយមានការអនុញ្ញាពីម្ចាស់កម្មសិទ្ធិ ។ (មាត្រា ៣១ កថាខណ្ឌទី១)

សិទ្ធិបេតិកភណ្ឌលើ​ស្នាដៃ​សមូហ​ភាព ឬស្នាដៃសោតទ​ស្សន៍ ឬស្នាដៃប​ច្ឆាមរណៈត្រូ​វទទួល​បាននូ​វកិច្ច​ការពារក្នុងរ​យៈពេល ៧៥ ឆ្នាំ គិតចាប់ពី​ដំណាច់ឆ្នាំ​ប្រតិទិននៃ​ឆ្នាំដែល​ស្នា​ដៃនោះ​បានផ្សព្វផ្សាយលើ​កដំបូងត្រឹ​មត្រូវតាម​ច្បាប់ ។ (មាត្រា ៣១ កថាខណ្ឌទី៤)

សរុបជារួម រាល់ស្នា​ដៃទាំងអស់​ត្រូវទទួលបាននូវ​កិច្ចការពារពីច្បាប់ស្តីពីសិទ្ធិអ្នកនិ​ពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយស្វ័យប្រវត្តិ ។ អ្នកនិពន្ធ ឬ​ម្ចាស់កម្ម​សិទ្ធិអាចតម្កល់ទុកស្នា​ដៃនៅក្រសួ​ងវប្បធម៌ និងវិចិត្រសិល្បៈ ។ ម្យ៉ាងវិ​ញទៀតច្បាប់​នេះទទួលស្គា​ល់ជនដែ​លបង្កើតស្នាដៃ​វប្បធម៌ ហើយជន​នោះមា​នសិទ្ធិ​ផ្តាច់មុខ​លើស្នា​ដៃ និងធានា​ទទួលបាននូវផលប្រយោជន៍ ពេលណា​មាន​អ្នកផ្សេងធ្វើ​អាជីកម្មលើ​ស្នាដៃរបស់ខ្លួ​ន ។

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ មាន​អាសយដ្ឋាន​នៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.