(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តប៉ៃលិន នៃគណបក្សប្រជាជនកម្ពុជាបានថ្លែងថា បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជា កំពុងមានភាពល្អប្រសើរ និងសុខសន្តិភាពពេញលេញបរិបូរណ៌ ដូច្នេះសូមប្រជាពលរដ្ឋ កុំចាញ់បោកពាក្យញុះញង់ ពីជនអគតិមួយចំនួន ដែលមានបំណងអាក្រក់លើរាជរដ្ឋាភិបាល។
លោក អ៉ី ឈាន ថ្លែងបែបនេះនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសចុះសួរសុខទុក្ខ និងបានឧបត្ថម្ភជូន ប្រហុក សំលៀកបំពាក់ មុងជ្រលក់ថ្នាំ វ៉ែនតា និងកាត់សក់ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៥០គ្រួសារ នៅតំបន់ដាច់ស្រយ៉ាល ស្ថិតក្នុងភូមិភ្នំដំបង និងភូមិអូរស្លេវ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល អភិបាលខេត្ត និងលោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្ត ព្រមទាំងក្រុមការងារ ក៏បានអមដំណើរ លោក អ៉ី ឈាន ផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សផងនោះ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងបានកសាងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន លើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាយើង កំពុងមានភាពល្អប្រសើរ និងសុខសន្តិភាពពេញលេញបរិបូរណ៌ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង កុំចាញ់បោកពាក្យញុះញង់ ពីជនអគតិមួយចំនួន ដែលមានបំណងអាក្រក់ លើរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត គាំទ្រពីប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ហើយសុខសន្តិភាព គឺកើតចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ សែន ដោយយកជីវិតធ្វើជាដើមទុន ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត»។
នៅក្នុងឱកាសនោះផងដែរ លោក អ៉ី ឈាន ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលនៅក្បែរនឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈ នានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយ បញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស ជាពិសេសចូលរួមអនុវត្តន៍ នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព៕