Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម៖ គ្មានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ក្នុងខេត្តកំពង់ចាម សូមពលរដ្ឋបរិភោគសាច់ជ្រូកឡើងវិញ !

04-08-2019 14:54

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា គ្មានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងខេត្តកំពង់ចាមនោះទេ។

លោកអភិបាលខេត្ត បានអះអាងដូច្នេះ ខណៈពេលប្រារព្ធកម្មវិធី សាលារៀនខ្ញុំអនាគតខ្ញុំ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបរិវេណសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានថ្លែងបន្តថា កន្លងទៅថ្មីៗនេះ ក្រោយពីមានព័ត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយ អំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានការខ្លាចរអារ រហូតដល់មិនហ៊ានបរិភោគសាច់ជ្រូក។

តាមលោកអភិបាលខេត្ត ក្រោយពីមានហេតុការណ៍ដូច្នេះអាជ្ញាធរខេត្តកំពង់ចាម បានបើកបើកយុទ្ធនាការទ្រង់ទ្រាយធំ ដែលមានមន្ត្រីជំនាញខាងពេទ្យសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចុះត្រួតពិនិត្យ សុខភាពសត្វជ្រូក តាមបណ្ដាកសិដ្ឋានចិញ្ចឹមជ្រូក មួយចំនួនក្នុងខេត្ត និងសត្វជ្រូក ដែលដឹកឆ្លងកាត់ខេត្តកំពង់ចាម ពោលគឺមន្ត្រីជំនាញបានត្រួតពិនិត្យ យ៉ាងត្រឹមត្រូវ ថែមទាំងបានបាញ់ថ្នាំសម្លាប់មេរោគ នៃរថយន្តដឹកជ្រូក ទាំងនោះផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រសិនបើរកឃើញសត្វជ្រូកណា ដែលមានការសង្ស័យថាមានជំងឺ អាជ្ញាធរធ្វើការឃាត់ទុកភ្លាម មិនអនុញ្ញាតឲ្យដឹកជ្រូកឆ្លងកាត់ខេត្តកំពង់ចាមឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋ កុំមានការភ័យខ្លាចជាមួយ នឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ហើយងាកមកបរិភោគសាច់ជ្រូកទាំងអស់គ្នាវិញ។ ជាងនេះទៅទៀត រដូវនេះគឺជារដូវត្រីពងកូន ហាមឃាត់មិនឲ្យនេសាទត្រី ដូច្នេះបើមិនបរិភោគ សាច់ជ្រូកទេនោះសាច់មាន់ និងសាច់គោ អាចនឹងឡើងថ្លៃផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺឆ្លងតែចំពោះសត្វជ្រូកដូចគ្នាតែប៉ុណ្ណោះ មិនអាចឆ្លងមកមនុស្សបានទេ។ នៅចុងក្រោយកម្មវិធី សាលារៀនខ្ញុំអនាគតខ្ញុំនេះ ក៏បានរៀបចំពិធីទទួលទានអាហារ នំប៉័ងជាមួយនឹងសាច់ជ្រូកខ្វៃផងដែរ៕