Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋ និងព្រះសង្ឃសាទរចំពោះការយកចិត្តទុករបស់អាជ្ញាធរក្នុងការជុសជុសផ្លូវ១ខ្សែ នៅស្រុករំដួល ដែលជួបការលំបាកនៅរដូវវស្សានេះ

04-08-2019 14:50

(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ និងព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ ចុះអន្តរាគមន៍ចាក់ខ្សាច់ភ្នំ និងថ្មមិចបណ្តោះអាសន្ន នៅលើមួយខ្សែ ប្រវែងជាង៩គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួនពីរ គឺឃុំកំពង់ចក និងឃុំពងទឹក ស្រុករំដួល ដើម្បីសម្រួលនូវការធ្វើដំណើរ របស់ពលរដ្ឋខណៈដែលរដូវវស្សា ចូលមកដល់មានទឹកដក់ និងគ្រលុកធំៗ ជាហេតុនាំឲ្យពិបាកធ្វើដំណើរ។

លោក រស់ ផារិទ្ធ បានថ្លែងថា ចំពោះការលំបាកធ្វើដំណើររបស់ពលរដ្ឋ ដោយមានការគិតគូរ និងណែនាំពីលោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង បានចាត់ឲ្យលោកចុះពិនិត្យមើល ស្ថានភាពជាក់ស្តែងនៅផ្លូវ១ខ្សែ ដែលមានប្រវែងជាង៩គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំពីរ គឺឃុំកំពង់ចក និងឃុំពងទឹក នៃស្រុករំដួល ដែលជាការសំណូមពរ ពីព្រះសង្ឃនិងប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវនេះ ក៏ដូចជាពលរដ្ឋធ្វើដំណើរ លើផ្លូវផ្ទាល់មកអាជ្ញាធរស្រុក ខេត្ត និងក្រុមការងារចុះជួយស្រុករំដួល ឲ្យជួយជុសជុលកែលម្អ ហើយនៅថ្ងៃនេះរូបលោក បានចុះមកផ្ទាល់ជាមន្ត្រីជំនាញ ព្រមទាំងមានការចូលរួម យ៉ាងសស្រាក់សស្រាំពីព្រះសង្ឃ ប្រជាពលរដ្ឋដើម្បីជុសជុលចាក់ខ្សាច់ភ្នំ និងចាក់ថ្មមិច ជាបណ្តោះអាសន្នក្នុងការសម្រួល ដល់ការធ្វើដំណើររបស់ពលរដ្ឋ នៅតំបន់នេះ ខណៈដែលផ្លូវនេះ និងមានការចាក់កៅស៊ូនាពេលខាងមុខ ព្រោះលោកអភិបាលខេត្ត បានដាក់សំណើរទៅក្រសួង ដែលពាក់ពន្ធ័រួចហើយ។

លោកបានបន្តថា ក្នុងនោះមន្ទីរអភិវឌ្ឍន៍ជនបទ អាចនឹងប្រើគ្រឿងចក្រ ចុះគៀរសម្រួលការធ្វើដំណើរ បើគ្មានភ្លៀងធ្លាក់។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានផ្តោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាព គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ហើយវិស័យនីមួយៗ កំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីជំរុញដល់ការងារសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើន៕