(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញផ្សាយវីដេអូអប់រំខ្លីមួយ ដើម្បីគាំទ្រសកម្មភាព «យុទ្ធនាការភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមក្រោមតុ» ដើម្បីលើកស្ទួយដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាអនាម័យ ដល់បរិស្ថានទាំងអស់គ្នា។
ក្នុងវីដេអូខ្លីមានរយៈពេល ២នាទីនេះ ក្រសួងទេសចរណ៍ បានបង្ហាញពីសកម្មភាព នៅក្នុងភោជនីយដ្ឋានមួយ ហើយអ្វីដែលគេចង់ផ្តោតសំខាន់នោះ គឺភ្ញៀវដែលចូលបរិភោគអាហារ មានសកម្មភាពផ្សេងៗគ្នា ដែលក្នុងនោះមានបុរស២នាក់ បានយកក្រដាសជូតមាត់ បោះចោលពាសវាលពាលកាលក្រៅធុងសំរាម។ ផ្ទុយទៅវិញ មានស្រ្តីម្នាក់មានកូន២នាក់ បានប្រើប្រាស់កន្សែងជូតមាត់ផ្ទាល់ខ្លួន គ្មានការពង្រាយសំរាម ដែលជាឥរិយាបទល្អ គួរឱ្យគោរពកោតសរសើរ។
វីដេអូដដែលនេះ បានបង្កប់អត្ថន័យថា ការប្រើក្រណាត់ជំនួសក្រដាសជូតមាត់ផ្ទាល់ខ្លួន ធ្វើឱ្យបរិស្ថានស្អាតមិនមានសំរាម ជាងការប្រើក្រដាសជូតមាត់ នៅតាមភោជនីយដ្ឋាននានា ហើយអនាម័យល្អ បរិស្ថានស្អាត គឺត្រូវផ្តើមចេញពីខ្លួនបុគ្គលម្នាក់ៗ។ បន្ថែមលើនេះ នៅនាទីចុងក្រោយនៃវីដេអូ មានស្ត្រីម្នាក់បាននិយាយណែនាំ ដោយប្រើពាក្យមួយឃ្លាថា «ប្រើក្រណាត់ជំនួសក្រដាស ដើម្បីកម្ពុជាស្អាត និងបៃតង»៕
ខាងក្រោមនេះ ជាវីដេអូរបស់ក្រសួងទេសចរណ៍៖