(កណ្តាល)៖ រថយន្តសង្គ្រោះបន្ទាន់ ចំនួន១គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក សេង ស៉ីណារិន តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រគល់ជូនដល់មណ្ឌលសុខភាពឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីដឹកជញ្ជូនសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។
លោក នប់ ណាន់ មេឃុំអំពៅព្រៃបានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៦មក ដោយបានការជ្រោមជ្រែងពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី និងបានការផ្តួចផ្តើម យកចិត្តទុកដាក់ទាំងស្មារតី និងថវិកាពីលោក សេង ស៉ីណារិន និងក្រុមការងារចុះជួយឃុំអំពៅព្រៃ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសពីប៉ុស្តិ៍សុខភាព ឲ្យក្លាយជាមណ្ឌលសុខភាព មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដើម្បីបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋកាន់តែជិត ទាំងយប់ទាំងថ្ងៃ បានទាន់ពេលវេលា និងមានសេវាទាប ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ។
លោក សុច ដារ៉ា ប្រធានមណ្ឌលសុខភាពឃុំអំពៅព្រៃ បានឲ្យដឹងដែរថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មណ្ឌលសុខភាព បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងនោះពិនិត្យ និងព្យាបាលជំងឺកុមារបាន ១៨,៦៦១ករណី, មនុស្សចាស់បាន១៩,៩៦៥ករណី, ពិនិត្យផ្ទៃពោះបាន ២,១៦៣លើក, ពិនិត្យក្រោយសម្រាលបាន២៩៨នាក់, អ្នកជំងឺប.ស.ស បាន ៥.៩៨១នាក់, អ្នកជំងឺមូលនិធិសមធម៌ បាន ៣៣១នាក់, អ្នកជំងឺលើកលែងបង់ថ្លៃបាន ៨៣នាក់ (ព្រះសង្ឃ, ជនពិការ, ចាស់ជរាគ្មានទីពឹង និងប្រជាការពារក្នុងឃុំអំពៅព្រៃ) និងបានបញ្ជូនជំងឺអ្នកមានចំនួន ៣១០នាក់។
លោកបន្តថា កន្លងមកមណ្ឌលសុខភាពជួបផលវិបាក និងបញ្ហាប្រឈមខ្វះឡដុតសម្រាម និងខ្វះរថយន្តគិលានសង្គ្រោះ ដឹកអ្នកជំងឺធ្ងន់ធ្ងរ មិនអាចព្យាបាលបាននៅមណ្ឌលសុខភាព និងអ្នកសម្រាលកូន មានឈាមហូរត្រូវបញ្ជូន ទៅមន្ទីរពេទ្យភ្នំពេញ កន្លងមកដោយពឹងទៅលើ រថយន្តមណ្ឌលសុខភាពសៀមរាប បឹងខ្យាង និងមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង ដែលធ្វើឲ្យការសង្គ្រោះ មានការឈឺចាប់ធ្វើឱ្យអ្នកជំងឺ និងសាច់ញាតិមានការព្រួយបារម្ភ។
លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានថ្លែងថា នៅទូទាំងស្រុកកណ្ដាលស្ទឹងមាន១៨ឃុំ ហើយមានមណ្ឌលសុខភាពមានចំនួន ៦ឃុំតែប៉ុណ្ណោះ។ ក្នុងនោះឃុំអំពៅព្រៃឃុំ ជាឃុំមួយដែលមានវាសនាខ្ពស់ជាងគេ ដោយមានប្រព័ន្ធធារាសាស្ត្រ ផ្លូវលំផ្លូវថ្នល់សាលារៀន និងវត្តអារាមកើតឡើងយ៉ាងស្គុះស្គាយ បានធ្វើឲ្យឃុំមួយនេះកែប្រែមុខមាត់ជាថ្មី និងផ្លាស់ប្ដូរជីវភាពប្រជារស់នៅ របស់ប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។
លោកបន្តថា ក្នុងនោះវិស័យសុខាភិបាល ត្រូវបានលោកប្រធានគណៈពង្រឹង សេង ស៉ីណារិន យកចិត្តទុកដាក់កសាងមណ្ឌលសុខភាព១ នៅក្នុងឃុំ ហើយថ្ងៃនេះ ក៏បាននាំយករថយន្តសង្គ្រោះ ដែលជាអំណោយសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនដល់មណ្ឌលសុខភាពឃុំអំពៅព្រៃ ជាចំណងដៃដល់ប្រជាពលរដ្ឋ។
លោក សេង ស៉ីណារិន បានថ្លែងថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ ពិសេសនៅលើវិស័យសុខាភិបាលផងដែរ។ នៅក្រោមដំបូលនៃសុខសន្តិភាព ទើបមានអ្វីៗដូចសព្វថ្ងៃនេះ ហើយថ្ងៃនេះការទទួលបាន រថយន្តសង្គ្រោះដើម្បីដឹកជញ្ជូន និងបម្រើសេវាជួយសង្គ្រោះ ប្រជាពលរដ្ឋនៅក្នុងឃុំ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែរ ឲ្យបានទាន់ពេលវេលា។ លោកបានជំរុញឲ្យប្រជាពលរដ្ឋ ណែនាំកូនចៅកុំឲ្យជឿឧបាយកល និងការញុះញង់របស់ពួកជនខិលខូច និងពួកបរទេសមួយចំនួនដែលនាំឲ្យប្រទេសជាតិបែកបាក់គ្នា។
លោក សេង ស៉ីណារិន ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព ឃុំអំពៅព្រៃ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពរដ្ឋ ប្រកបដោយការគោរពនូវក្រមសីលធម៌ មិនរើសអើងប្រជាពលរដ្ឋ និងថែរក្សាអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ ព្រមទាំងថែរក្សានូវសម្ភារ ដែលបានបំពាក់នៅពេលនេះ សម្រាប់ជាប្រយោជន៍រួម តទៅថ្ងៃខាងមុខ៕