(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ ស្របពេលកីឡាករកម្ពុជា Takizaki Kuniaki ទទួលបានជើងឯកលើវិញ្ញាសារត់ចម្ងាយ ៤២គីឡម៉ែត្របុរស ក្រោយប្រើថិរវេលា ២ម៉ោង ៤៣នាទី និង ០៧វិនាទី ។
ក្រោយបញ្ចប់ពិធីបំពាក់មេដាយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាម៉ារ៉ាតុង នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោយទទួលបានកំណើនអ្នកចូលរួមពីកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ពិសេសការទទួលបានការកោតសរសើរពីអ្នករត់អន្ដរជាតិតែម្ដង ។
លោករដ្ឋមន្ដ្រីមានប្រសាសន៍ថា «អ្វីដែលយើងសប្បាយចិត្ត គឺមានកំណើនកីឡាករបរទេសចូលរួម ១៥% មកពី ៥០ប្រទេស ហើយមានការចូលរួមច្រើនពីប្រជាពលរដ្ឋខ្មែរ ។ មិនតែប៉ុណ្ណោះ បានធ្វើឲ្យយើងកាន់តែមានបទពិសោធន៍ក្នុងការរៀបចំ ហើយការផ្ដល់ចំណាត់ថ្នាក់ក៏យុត្តិធម៌បំផុត តាមរយៈការរៀបចំដោយបច្ចេកទេសទាំងអស់ ដែលផ្ដល់នូវភាពកក់ក្ដៅ ចំពោះការចូលរួមទាំងសុវត្ថិភាព និងលទ្ធផល» ។
ចំពោះលទ្ធផលវិញ្ញាសារត់ ៤២គីឡូម៉ែត្របុរស បន្ទាប់ពីកីឡាករលេខ ១ របស់កម្ពុជា លេខ២ បានទៅកីឡាករជប៉ុន Yoneda michiyo និងលេខ៣ កីឡាករអាមេរិក Gruber Tim។ រីឯរត់ចម្ងាយ ៤២គីឡូម៉ែត្រផ្នែកនារី លេខ១ បានទៅកីឡាការិនីចិន SHN Hong xia លេខ២ បានទៅកីឡាការិនីជប៉ុន YamAMOTO Mari និងលេខ៣ កីឡាការិនីជប៉ុនYamamoto Eri ។
ដោយឡែកលទ្ធផលរត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកបុរសលេខ១ បានទៅកីឡាករជប៉ុន Yamauchi Daisuke លេខ២ បានទៅកីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករអង់គ្លេស David George ខណៈផ្នែកកនារី បានទៅកីឡាការិនីជប៉ុនទាំងអស់ លេខ១ កីឡាការិនី Tanimara Yuko លេខ២ កីឡាការិនី SASAKI Natsuke និងលេខ៣ កីឡាការិនី Mashita Mieko។
ចំណែកលទ្ធផលរត់ចម្ងាយ ១០គីឡូម៉ែត្រផ្នែកនារីលេខ១ បានទៅលើកីឡាការនីសហរដ្ធអាមេរិក Gernin Michlle លេខ២ កីឡាការិនីជប៉ុន Konishi Mosako និងលេខ៣ កីឡាការិនីអង់គ្លេស Vogel Sophie។ ឯផ្នែកបុរស លេខ១ បានទៅលើកីឡាករកម្ពុជា ឡៃ តេរ៉ង់ លេខ២ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា និងលេខ៣ បានទៅលើកីឡាករសហរដ្ធអាមេរិកVishnevsky Mark ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា គោលបំណងព្រឹត្តិការណ៍នេះ ផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវធ្លាក់ភ្លៀង ហើយក៏ផ្សារភ្ជាប់នូវសកម្មភាព មនុស្សធម៌ ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារ កិច្ចការសង្គម មនុស្សធម៌នានា ជាពិសេសគឺបន្ថែមនូវប្រធានបទថ្មីមួយគឺ “យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា” ស្របតាមការចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន តែម្ដង៕