Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីនគរបាលម្នាក់ រងការចោទប្រកាន់ថា យកកាំភ្លើងគំរាមអ្នកជិតខាង នៅក្រុងកំពង់ចាម តែសាច់ញាតិចេញមកបដិសេធ ហើយអះអាងថា ជាការយល់ច្រឡំ

04-08-2019 04:39

(ភ្នំពេញ)៖ មន្ដ្រីនគរបាលពាក់ស័ក្ដិម្នាក់ ដែលបម្រើការនៅក្រសួងមហាផ្ទៃ កំពុងតែរងការចោទប្រកាន់ថា បានយកកាំភ្លើងទៅគំរាមអ្នកជិតខាង ព្រោះតែរឿងជម្លោះបន្ដិចបន្ដួច នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប៉ុន្ដែត្រូវភរិយា និងសាច់ញាតិ ចេញមកច្រានចោលទាំងស្រុង​ ចំពោះការចោទប្រកាន់នេះ ហើយបានអះអាងថា រឿងហេតុនេះគ្រាន់តែជាការយល់ច្រឡំគ្នាតែប៉ុណ្ណោះ។

លោកស្រី អ៊ាន ធីតា ដែលជាភរិយារបស់លោក សោភ័ណ្ឌ សិលា ជាមន្ដ្រីនគរបាលពាក់ស័ក្ដិ៤ បានធ្វើការឆ្លើយតបទៅកាន់ស្ដ្រីឈ្មោះ តាត ស៊ីណែត អាយុ៣២ឆ្នាំ មានមុខរបរលក់ដូរ រស់នៅក្នុងបុរីពិភពថ្មី លេខ៤ ភូមិទី៧ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាអ្នករស់នៅជិតខាងនោះ ដែលកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដោយបានចោទប្រកាន់ប្តីរបស់លោកស្រីថា អាងមានបុណ្យស័ក្តិ មានតួនាទីជានគរបាល បានប្រើអំពើហិង្សាបានយកកាំភ្លើង មកគំរាមកំហែង ថានឹងសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

លោកស្រី អ៊ាន ធីតា បានអះអាងថា ចំពោះការចោទពីសំណាក់ស្ត្រីឈ្មោះ តាត ស៊ីណែត ថាប្តីខ្លួនបានយកកាំភ្លើងទៅគំរាមកំហែង ក្នុងករណីជម្លោះបន្ដិចបន្តួចនោះ គឺជាការបំភ្លើសខុសពីការពិត ដោយហេតុថា ប្ដីរបស់មិនមានកាំភ្លើងនៅក្នុងផ្ទះនោះទេ។

ភរិយានគរបាលរូបនេះ បានបញ្ជាក់ថា រឿងហេតុជម្លោះនេះ ផ្ដើមចេញពីការធ្វើជញ្ចាំងផ្ទះ ដោយគ្រួសារលោកស្រី បានស្នើសុំភាគីខាងលោកស្រី តាត ស៊ីណែត ដែលរស់នៅជិតខាងគ្នា ធ្វើជញ្ជាំងផ្ទះ រួចលោកស្រីក៏បានព្រមព្រៀងឲ្យមានការសាងសង់ជញ្ជាំងផ្ទះជាប់គ្នា ក្រោយមកក៏ខាងភាគីលោកស្រី តាន ស៊ីណែត បានបដិសេធមិនឲ្យសាងសង់ និងហាមឃាត់ជាងមិនឲ្យសាងសង់ ប៉ះពាល់ជញ្ជាំងផ្ទះរបស់គាត់ទៅវិញ។

ក្រោយមកក៏កើតទំនាស់ពាក្យសម្ដីគ្នា ដែលធ្វើឲ្យគ្រួសារលោកស្រី ទាលុយជំពាក់ថ្លៃទូកញ្ចក់ពីឈ្មោះ តាន ស៊ីណែត តែផ្ទុយទៅវិញឈ្មោះ តាត ស៊ីណែត មិនព្រមឲ្យហើយឆ្លើយថា «ចង់ធ្វើអីធ្វើទៅ» ជាហេតុនាំឲ្យលោក សោភ័ណ សិលា ខឹង និងបានធ្វើឲ្យទូកញ្ចក់នោះបែកតែម្ដង។ ក្រោយពីបែកកញ្ចក់ទូនោះ ភាគីខាងឈ្មោះ តាត ស៊ីណែត បានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្ដកំពង់ចាម ពីបទប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្ដិ និងការយកអាវុធគំរាមកំហែង។ តែចំណុចនេះ ភាគីទាំងពីរ បានដោះស្រាយ និងសម្រុះសម្រួលគ្នាបញ្ចប់រឿងនៅតុលារួចម្ដងហើយ។

ប៉ុន្ដែក្រោយមក ភាគីខាងលោកស្រី តាត ស៊ីណែត នៅតែមានគំនិតមិនចង់បញ្ចប់រឿង ដោយលោកស្រី តាត ស៊ីណែត នៅតែមានភាពឌឺដង ហើយក៏មានការប៉ះទន្ដិចពាក្យសម្ដីគ្នាបន្ដិចបន្ដួចសារជាថ្មី ហើយលោកស្រី តាត ស៊ីណែត បានដាក់ពាក្យបណ្ដឹងទៅតុលាការសារជាថ្មី ពីបទប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្ដិ និងការយកអាវុធគំរាមកំហែង ដែលអះអាងថា លោកស្រីជាស្រ្ដីមេម៉ាយមានការភ័យខ្លាច។

ភរិយារបស់នគរបាលរូបនេះ បានអះអាងថា នៅក្នុងពាក្យបណ្ដឹងនោះ បានបំភ្លើសពីការពិត ហើយលោកស្រី តាត ស៊ីណែត មិនមែនស្រ្ដីមេម៉ាយនោះទេ។ លោកស្រីចាត់ទុកថា ការដាក់ពាក្យបណ្ដឹងម្ដងហើយម្ដងទៀតខុសពីការពិតនេះ ធ្វើឲ្យបាត់បង់កិត្ដិយសដល់គ្រួសារលោកស្រី ទើបក្រុមគ្រួសារលោកស្រីចេញមុខបកស្រាយការពិត និងចង់បញ្ចប់ជម្លោះរវាងភាគីទាំងពីរ។

ជាមួយគ្នានេះ លោកស្រី អ៊ាន ធីតា ក៏បានអំពាវនាវដល់មហាជន និងប្រព័ន្ធផ្សព្វផ្សាយកុំមានភ័ន្តច្រឡំ ហើយចំពោះសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយនាពេលកន្លងមក ដែលស្រង់តែពាក្យសម្ដីរបស់ភាគីម្ខាង យកមកផ្សព្វផ្សាយខុសពីការពិតទាំងស្រុង។

សូមបញ្ជាក់ថា ក្នុងករណីនេះគ្រួសារលោកស្រី អ៊ាន ធីដា នឹងចូលទៅឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមសាលាដំបូងខេត្ដកំពង់ចាម ដើម្បីបញ្ចប់រឿងនេះ កុំឲ្យមានការវែងបន្ដទៀត។ ប៉ុន្តែបើភាគីម្នាងទៀតនៅតែចង់មានធ្វើឲ្យរឿងកាន់ធំ ហើយគ្រួសារលោកស្រី នឹងធ្វើការប្ដឹងបកទៅវិញ ពីបទបរិហាកេរ្ដិ៍ខុសពីការពិត ខណៈដែលលោកស្រីមានសាក្សីគ្រប់គ្រាន់ក្នុងហេតុនេះ៕