(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមថែរក្សាសុខសន្តិភាព ឲ្យបាននៅគង់វង្សស្ថិតស្ថិរយូរអង្វែង ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍ រីកចម្រើនតទៅមុខទៀត។
លោកអភិបាលខេត្តព្រះវិហារថ្លែងបែបនេះ ក្នុងឱកាសដែលលោករួមជាមួយ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ តាមមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា (១២+២) ជំនាន់ទី៣៦ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩។
លោក ប្រាក់ សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យបងប្អូនយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យនៅស្ថិតស្ថិរគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍ រីកចម្រើនជាងនេះ សម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយៗទៀត»។
លោកបន្តថា ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ គឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអភិវឌ្ឍនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ល្អប្រសើរផងដែរ។
ជាមួយគ្នានោះផងដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានមានប្រសាសន៍ផ្តល់នូវអនុសាសន៍ មួយចំនួនសម្រាប់លោកគ្រូ អ្នកគ្រូ យកទៅអនុវត្តន៍ជាក់ស្តែង ឲ្យមានប្រសិទ្ធិភាព ដូចខាងក្រោម៖
១៖ ត្រូវពង្រឹងចំណេះដឹងវិជ្ជាជីវៈ ជាគ្រូបង្រៀនរបស់ខ្លួនឲ្យរឹងមាំ តាមរយៈការស្រាវជ្រាវជាប្រចាំ (ស្វ័យពង្រឹងវិជ្ជាជីវៈ)។
២៖ ត្រូវតែស្រឡាញ់នូវអាជីពរបស់ខ្លួន ជាគ្រូបង្រៀន។
៣៖ ត្រូវមានសីលធម៌ គុណធម៌ និងចេះរួមរស់ជាមួយអ្នកដ៏ទៃ។
៤៖ ត្រូវមានទំនាក់ទំនងល្អជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍អ្នកពាក់ព័ន្ធនានា ក្នុងវិស័យអប់រំ ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ។
៥៖ ត្រូវមានស្មារតីទទួលខុសត្រូវ ក្នុងការបង្ហាត់បង្រៀនកុមារ គ្រប់ស្រទាប់វណ្ណៈ ដោយមិនរើសអើង ដើម្បីឲ្យពួកគេក្លាយជាយុវជន ដែលមានសមត្ថភាពមានសីលធម៌ និងគុណធម៌៕