(ភ្នំពេញ)៖ ដើម្បីលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលប្រកបការងារលើវិស័យសំណង់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) បានសហការជាមួយក្រុមហ៊ុនអគារខុនដូ SKY TREE រៀបចំពិធីពិនិត្យសុខភាព ជូនកម្មករសំណង់របស់ក្រុមហ៊ុន។
ការពិនិត្យសុខភាពនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ នៅទីតាំងក្រុមហ៊ុនផ្ទាល់ ដែលមានអាស័យដ្ឋានផ្ទះលេខ KH1+KH2 ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តំណាងឲ្យក្រុមហ៊ុន SKY TREE លោក ឃួន ស៉ីណាម៉ាខេន បានថ្លែងថា ការគិតគូរពីសុខភាពរបស់កម្មករសំណង់ តែងតែត្រូវបានលើកស្ទួយជានិច្ច។ លោកបន្តថា ជាក់ស្តែងថ្ងៃនេះ ដើម្បីលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលប្រកបការងារលើវិស័យសំណង់ ស.ស.យ.ក រាជធានីភ្នំពេញ និងក្រុមហ៊ុន SKY TREE បានរៀបចំពិធីពិនិត្យសុខភាព ជូនកម្មករសំណង់របស់ក្រុមហ៊ុនតែម្តង។
លោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោក សាយ សំអាល់ ដែលជាប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ដោយលោកបានជំរុញឲ្យកម្មករសំណង់ទាំងអស់ ត្រូវចេះការពារសុខភាពខ្លួន និងការពារសុវត្ថិភាព នៅការដ្ឋានសំណង់ផងដែរ។ លោកថ្លែងបន្តថា ក្នុងឱកាសសំណេះសំណាល និងពិនិត្យសុខភាពនេះ ក៏មានការចែកអង្ករ សម្រាប់កម្មករសំណង់ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអគារខុនដូ SKY TREE មានកម្ពស់រហូតដល់ជាង១០០ម៉ែត្រ ក្រោមការវិនិយោគ រួមគ្នាជាមួយក្រុមហ៊ុន UP KEEN VENTURES LIMITED និងក្រុមហ៊ុន J&L PROPERTY DEVELOPMENT ជាមួយនឹងរចនាបែបធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល នៅកណ្ដាលរាជ ធានីភ្នំពេញ។ អគារខុនដូដ៏ទំនើប និងរៀបចំបទដ្ឋានរស់នៅ ដូចទៅនឹងប្រទេសសិង្ហបុរីនេះ មានផ្ទៃដីសរុបទំហំ ៨២៤៨.៩៣ ម៉ែត្រការរ៉េ មានចំនួន៣អាគារ និងមានកម្ពស់៣២ជាន់ រួមមានបន្ទប់សរុបចំនួន ១,១០៤យូនីតបន្ទប់ ដែលមានប្រភេទបន្ទប់គេង១, ២ និងបន្ទប់គេង៣៕