(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមដាំកូនឈើ ដើម្បីលម្អរនៅតាមដងផ្លូវសាធារណៈ ស្ថិតនៅភូមិសាស្រ្តឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមពី អាជ្ញាធរស្រុក ក្រុង យុវជន ស.ស.យ.ក. យុវជន (១២) និងអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
លោកស្រី មិថុនា ភូថង បានថ្លែងថា ដើម្បីសោភណ្ឌភាពហេដ្ឋារចនា ក្នុងស្រុក ឬក្រុង និងតាមដងផ្លូវសារណៈ ឲ្យមានសក្តានុពលក្នុងការ រំលិចចេញស្រស់ដ៏ឆើតឆាយ ដើម្បីធ្វើការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលកម្សាន្ត នៅតាមរមណីយដ្ឋាននានា ត្រូវរួមគ្នាដាំកូនឈើ ឲ្យបានគ្រប់គ្នាព្រោះការដាំដើមឈើ ទទួលអត្ថប្រយោជន៍ច្រើន និងជួយសង្រ្គោះជីវិតសត្វ។
លោកស្រីបានថ្លែងបន្តថា ការដាំកូនឈើថ្ងៃនេះមានចំនួន ៣០០ដើម ជាប្រភេទដើមត្របែកព្រៃ និងធ្វើការដាំនៅតាមបណ្តោយដងផ្លូវ ទៅរមណីដ្ឋានឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងឱកាសនោះដែរ លោកស្រីបានក្រោនរំឭក ដល់សិស្សានុសិស្សដែលក្នុងវ័យសិក្សា ឲ្យយកចិត្តទុកដាក់ ក្នុងការសិក្សាដើម្បីអនាគត និងបង្កើនធនធានមនុស្ស ព្រោះយុវជនជំនាន់ក្រោយ គឺជាទំពាងស្នងឬស្សី សម្រាប់អនាគតប្រទេសជាតិ។
លោកស្រីបានបញ្ជាក់ថា សិស្សថ្នាក់ទី១២ត្រៀមខ្លួនប្រឡងនេះ បើយកបាននិទ្ទេស A នឹងទទួលរង្វាន់ការឧបត្ថម្ភចំនួន ៤លានរៀល កុំព្យួទ័រ១គ្រឿង៕