(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា ដោយបញ្ជាក់ថា នៅរយៈពេលនេះ កម្ពុជារងនូវឥទ្ធិពលសម្ពាធទាបនៃព្យុះចំនួន៣ បង្កឲ្យមានភ្លៀងធ្លាក់ច្រើន ពិសេសខេត្តជាប់សមុទ្រមានភ្លៀងធ្លាក់ខ្លាំង ខណៈខេត្តកោះកុង ព្រះសីហនុ និងផ្លូវជាតិលេខ៤ ប្រឈមនឹងជំនន់ទឹកភ្លៀង។
ក្រសួងបានបញ្ជាក់ថា ឥទ្ធិពលសម្ពោធទាបនៃខ្យល់ព្យុះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តជាប់សមុទ្រ ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណពីបង្គួរទៅខ្លាំង។
២៖ បណ្តាខេត្ត៖ កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល មណ្ឌលគិរី និងរាជធានីភ្នំពេញ ភ្ញៀងធ្លាក់ក្នុងកម្រិតពីខ្យោយទៅមធ្យម។
៣៖ បណ្តាខេត្ត៖ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងព្រះវិហារ ភ្លៀងធ្លាក់ក្នុងកម្រិតពីធម្យមទៅបង្គួរ។
៤៖ ចាប់ពីថ្ងៃទី៤-៨ ខែសីហា បណ្តាខេត្តមាន៖ ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ តែចាប់ពីថ្ងៃទី៩ ដល់ ១០ ខែសីហាទៅកម្រិតទឹកភ្លៀងនឹងអាចកើនឡើងពីមធ្យមទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យសាធារណជន យកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នចំពោះ៖
* ឥទ្ធិពលនៃល្បឿនខ្យល់ខ្លាំងក្នុងកម្រិតពី ១៥-២០ម៉ែត្រក្នុង១វិនាទី។
* រលកសមុទ្រធំ ដែលកម្ពស់អាចពី ១-២ម៉ែត្រ ។
* ជំនន់ទឹកភ្លៀង ពិសេសក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ៤៕