(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ដ សហការជាមួយនគរបាល, រដ្ឋបាលព្រៃឈើបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យរោងសិប្បកម្មកែច្នៃឈើក្នុងក្រុងស្ទឹងត្រែង ចំនួន១៧កន្លែង។

ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ដោយដកស្រង់សម្ដីរបស់សមត្ថកិច្ចថា ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើទាំង១៧កន្លែងនេះ សមត្ថកិច្ចរកឃើញថា ទីតាំងទាំងអស់នេះ គ្មានច្បាប់អនុញ្ញាតនោះឡើយ។

បើតាមសេចក្ដីរាយការណ៍ វិធានការភ្លាមៗ សមត្ថកិច្ចបានសម្រេចបិទអាជីវកម្ម និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាព។ ក្នុងនោះកម្លាំងចម្រុះក៏បានដកហូតឈើក្នុងសិប្បកម្មដែល គ្មានច្បាប់បានមួយចំនួន (មិនទាន់វាស់វែង) យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ៕