(ត្បូងឃ្មុំ)៖ ដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាកពលរដ្ឋ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកស្រី ឡេង សុខា ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ រួមដំណើរដោយ អភិបាលរងខេត្ត នាយកសាខាកា សមាជិកគណ:កម្មាធិកាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុកពញាក្រែក ឃុំ ភូមិ បានចុះសំណេះសំណាល និងនាំយកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៥គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុង៥គ្រួសារ និងខូចខាតខ្លះៗ ២០គ្រួសារ និងប្រជាពលរដ្ឋក្រីក្រលំបាកចំនួន៣៦គ្រួសារ សរុប៦១គ្រួសារសារ ក្នុងឃុំកក់ និងឃុំមួយចំនួនទៀត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និងពលរដ្ឋក្រីក្រលំបាក ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។
លោកអភិបាលខេត្តបន្តថា ក្រោមការយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយមិនឲ្យនរណាម្នាក់ អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ គឺទីណាមានទុក្ខលំបាក មានកាកបាទក្រហមកម្ពុជា គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបញ្ជាកយ៉ាងដូច្នេះថា អំណោយចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន និងសូមឲ្យបងប្អូនរៀចចំផ្ទះសម្បែងឡើងវិញ និងខិតខំប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាដាំដំណាំផ្សេង ដើម្បីធ្វើឲ្យកម្រិតជីវភាព បានប្រសើរឡើងវិញ។ ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ។
បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំឲ្យដឹងថា ចំពោះអំណោយដែលចែកជូននាពេលនោះ សម្រាប់គ្រួសាររងការខូចខាតដោយខ្យល់កន្ត្រាក់២៥គ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន១០ម៉ឺនរៀល រងការខូចខាតតិចតួច និងថវិការ២០ម៉ឺនរៀល គ្រួសារដែលផ្ទះដួលរលំ ចំណែកប្រជាពលរដ្ឋ៣៦គ្រួសារ មានជីវភាពក្រីក្រលំបាក ក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន៥ម៉ឺនរៀល៕