(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែសីហានេះ បានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោកបានលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹង ចំណេះធ្វើ និងជំនាញផ្សេងៗ ដែលធ្វើឲ្យប្រទេសជាតិមានធនធានមនុស្សកាន់តែច្រើនឡើងៗ និងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងកែទម្រង់ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលឿន នាពេលអនាគត។
លោកក៏បានរំលឹកឡើងវិញខ្លះៗថា ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ដែលបង្កឡើងដោយពួក លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិក មាតុភូមិកម្ពុជាត្រូវបានធ្លាក់ទៅក្នុងសង្រ្គាមរុំារ៉ៃ និងរងការបំផ្លេចបំផ្លាញ ក្រោមការទំលាក់គ្រាប់បែកជាងបីលានតោន។ ក្រោយទឹកដីត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បនប្រល័យពូជសាសន៍ប៉ុលពត បានឆក់ដណ្តើមយកជ័យជំន្នះនេះពីប្រជាជន ហើយបង្កើតឡើងនូវរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ដោយបានប្រែក្លាយទឹកដីកម្ពុជា ជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏ឃោឃៅ ជាទឹកដីដែលគ្របដណ្តប់ដោយឈាម ទឹកភ្នែក និងគំនរសាកសព របស់ប្រជាជនកម្ពុជា។ ក្រោមទង់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ដោយមាន ចលនាចូលរួមពីអ្នកស្នេហាជាតិមកពីគ្រប់ទីតំបន់នៃប្រទេសកម្ពុជា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ចលនាអ្នកតស៊ូនេះ បានទទួលជោគជ័យ ដោយបានផ្តួលរំលំរបបបនប្រល័យពូជសាសន៍ប៉ុលពតជាស្ថាពរ។
លោកបានបន្តទៀតថា បច្ចុប្បន្នប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ ដោយសារមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជូនជាតិមាតុភូមិកម្ពុជាវិញ នូវសុខសន្តិភាព ស្ថិរភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមមាគ៌ានយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
លោកបានបន្ថែមថា សូមលោកគ្រូអ្នកគ្រូទាំងអស់ត្រូវចេះសហការគ្នាការពារ យោបគយល់ និងអធ្យាស្រ័យ ថែរក្សាស្ថានភាពផ្ទៃក្នុង និងស្ថេរភាពនយោបាយឲ្យបានល្អ ជៀសវាងមានការបែកបាក់សាមគ្គី។
លោកក៏បាននាំយកថវិកា ដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ចំនួន៥០០ដុល្លារ ជូនសិស្សនិស្សិតកំពុងស្នាក់នៅក្នុងអន្តេវាសិដ្ឋាន ដែលរងគ្រោះថ្នាក់ដោយសាររលំដើមឈើសង្កត់រអាគារចំនួន៣នាក់ ក្នុងមួយនាក់ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល និងផ្តល់ដល់វិទ្យាស្ថានចំនួន៥០ម៉ឺនរៀល មិនតែប៉ុណ្ណោះលោកក៏បានបន្ថែមថវិកាផ្ទាល់ខ្លួនចំនួន ២០០ ដុល្លារ សម្រាប់ជួសជុលអគារស្នាក់នៅរបស់សិស្សដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងបានជូនលោកគ្រូអ្នកគ្រូដែលបានចូលរួមក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕