(កណ្ដាល)៖ ប្រជាពលរដ្ឋឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បានចូលរួមប្តេជ្ញាឲ្យឃុំរបស់ខ្លួននឹងក្លាយជាទី ដែលមានសក្ដានុពលទេសចរណ៍ ដោយសារការមិនពង្រាយសំរាមជាសាធារណៈ ក្នុងគ្រាដែលចាប់ផ្តើមយុទ្ធនាការ៣ថ្ងៃ សំរាមជាង២តោន ក្នុងឃុំស្អាងភ្នំ ត្រូវបានប្រមូលវេចខ្ចប់ទុកដាក់ឲ្យត្រឹមត្រូវ។

ការប្តេជ្ញានេះធ្វើឡើងក្នុងគ្រា ដែលមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ដែលមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ ប្រធាន និងអនុប្រធានពង្រឹងឃុំ មេឃុំ និងមេភូមិ យុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាការពារ នគរបាលប៉ុស្តិ៍ អាជីវករផ្សារ អាជីវករនៅតាមរម្មណីយដ្ឋាន ប្រមាណ៦០០នាក់ បែងចែកតាមក្រុម ចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាត ធ្វើអនាម័យក្នុងទីលំនៅ ចេះទុកដាក់សំរាមវេចខ្ចប់ បញ្ឈប់ការបោះចោលពាសវាលពាសកាល បំផុសការដាំកូនឈើ និងដើមផ្កាតាមដងផ្លូវ និងខ្លះទៀតដាំបង្គោលសារអប់រំ និងបិទស្លាកសារអប់រំផងដែរ។

សូមជម្រាបថា នេះជាការរៀបចំយុទ្ធនាការ «ស្អាងភ្នំខ្ញុំស្អាត» ស្របតាមទិសស្លោក «ស្អាងយើងស្អាត» ដែលដាក់ចេញដោយ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ប្រធានគណៈអចិន្ត្រៃយ៍ គណ:ពង្រឹងស្រុកស្អាង ខេត្ដកណ្ដាល។

អាជីវករនៅតាមរម្មណីយដ្ឋាននានា ក្នុងវត្តស្អាងភ្នំ បានរិះគន់ភ្ញៀវទេសចរខ្លះ ដាក់ធុងសំរាមឲ្យចោលសំរាម តែមិនដាក់ទេបែជាបោះពង្រាយ ដោយគ្មានអារម្មណ៍ខ្មាស់ខ្លួនឯង ឬទឹកចិត្តស្រលាញ់បរិស្ថាននោះទេ និងខ្លះក៏បានទុកដាក់ត្រឹមត្រូវផងដែរ។ អាជីវករខ្លួនឯងបានប្តេជ្ញាថា នឹងចូលរួមឲ្យស្អាងភ្នំ ជាតំបន់មានសក្តានុពលទេសចរណ៍ តាមរយៈការចូលរួមថែរក្សាបរិស្ថាននេះ។

ចំណែកព្រះចៅអធិការវត្តស្អាងភ្នំ ព្រះតេជគុណ អ៊ុក ប៊ុនធឿន បានមានសង្ឃដីកា សូមឲ្យព្រះសង្ឃនៅពេលសម្តែងធម្មទេសនា តាមកម្មវិធីសូមបញ្ជ្រាបការអប់រំឲ្យចូលរួមថែទាំបរិស្ថានផង។

សូមជម្រាបថា យុទ្ធនាការនេះ ចាប់ផ្តើមអនុវត្តនៅឃុំស្អាងភ្នំ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះតទៅ ក្នុងអត្ថន័យ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ៕