(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានរិះគន់ទៅលើឪពុកម្តាយ ដែលហ៊ានអនុញ្ញាតឱ្យកូនខ្លួនអាយុក្រោម១០ឆ្នាំ ធ្វើការបើកបរម៉ូតូ ដោយមិនខ្លាចគ្រោះថ្នាក់។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួន ភ្ជាប់នឹងរូបភាពមួយសន្លឹកបង្ហាញអំពីកុមារ៣នាក់ ជិះម៉ូតូលើផ្លូវជាតិ ដោយគ្មានពាក់មួកសុវត្ថិភាព, លោក ជុំ កុសល ក៏បានស្នើដល់នគរបាលចរាចរណ៍ ឃាត់យកទៅណែនាំ ប្រសិនឃើញមានករណីនេះ កើតឡើងបន្តទៀត។

ទីប្រឹក្សានាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្មេងៗណាស់ក្មួយៗ អាយុមិនទាន់លើស១០ឆ្នាំនៅឡើយទេ ហេតុអីក៏ក្មួយហ៊ានបើកម៉ូតូ ហើយឪពុកម្តាយទៀតសោត ម្តេចក៏ឱ្យបណ្តែតបណ្តោយម្ល៉េះ? នគរបាលចរាចរណ៍ ឃើញបែបនេះគួរឃាត់ណែនាំគាត់ផងទៅ»

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកកម្ពុជា អ្នកដែលអាចបើកបរយាន្តយន្ត បានត្រូវមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ៕