(ភ្នំពេញ)៖ សំណុំរឿងអយុត្តិធម៌ស្ត្រីម្នាក់ត្រូវឧកញ៉ា លឹម ទាឡេង ប្តឹងឲ្យចាប់ខ្លួន និងបានធ្វើទារុណកម្មយ៉ាងសាហាវក្នុងជម្លោះដីធ្លីជាង១០ឆ្នាំមុន ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ចាត់ឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះដោះស្រាយ ឡើងវិញដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ លេខ១០៩០ ស.ជ.ណ របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានឯកភាពឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យ និងដោះស្រាយករណីទំនាស់ដីធ្លីខាងលើនេះ។
លិខិតរបស់គណៈរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីទំនាស់ដីធ្លីជាមួយនឹងការបំភ្លៃអង្គហេតុ ដើម្បីឃុំខ្លួន និងការធ្វើទារុណកម្មលើបុគ្គល ស្ថិតនៅភូមិសាស្ដ្រ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាលឯកភាពប្រគល់ជូនអាជ្ញាធរជាតិ ដើម្បីដោះស្រាយទំនាស់ដីធ្លីពិនិត្យដោះស្រាយ»។
តាមសេចក្ដីរាយការណ៍មួយចំនួន បានលើកឡើងថា ជនរងគ្រោះក្នុងករណីនេះ ឈ្មោះ ចាន់ ហឿ ត្រូវបានលោកឧកញ៉ា លឹម ទាឡេង ប្ដឹងចាប់ដាក់ពន្ធនាគារ២ដង ហើយអំឡុងជាប់ពន្ធនាគារទៀតសោត មន្ត្រីអនុវត្តន៍ច្បាប់ដាក់ច្រវ៉ាក់ដូចតិរច្ឆាន កាលពី១០ឆ្នាំមុន ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថា បំផ្លាញដំណាំ។
លោកស្រី ចាន់ ហឿ ដែលរស់នៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡរ ខេត្តបាត់ដំបង បានអះអាងថា គាត់មានវិវាទដីធ្លីរាំរ៉ៃជាមួយ ឧកញ៉ា លឹម ទាឡេង ឈានដល់ការជាប់គុកច្រវ៉ាក់ ទទួលបានការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តជាង១០ឆ្នាំគ្មានយុត្តិធម៌ ហើយក្រុមឧកញ៉ានោះមានប្រព័ន្ធឃុបឃិតជាមួយ មន្ត្រីមានអំណាចថ្នាក់ខេត្តតែងមកបំផ្លាញដំណាំគាត់ ហើយចោទគាត់ថាបំផ្លាញដំណាំរបស់គេទៅវិញ និងចាប់គាត់ដាក់ឃុំខ្លួន ជាបន្តបន្ទាប់ អស់ជាងឆ្នាំមកហើយ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះ អភិបាលស្រុកគាស់ក្រឡ លោក ម៉ៅ សុចាន់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រដ្ឋបាលស្រុក បានទទួលលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីហើយ ហើយរហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសខេត្ដ និងមូលដ្ឋាន ពិសេសសុរិយោដី កំពុងតែហៅភាគីទាំងសង្ខាងមកធ្វើការសួរនាំ។
លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា គិតមកទល់ថ្ងៃនេះ ភាគីទាំងពីរហាក់កំពុងតឹងសរសៃកដាក់គ្នានៅឡើយ ដោយពួកគាត់អះអាងរៀងៗខ្លួនថា ជាកម្មសិទ្ធិរបស់ពួកគាត់ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
ដោយឡែកពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា ធ្វើទារុណកម្មទៅលើឈ្មោះ ចាន់ ហឿ លោកក្ដាប់ព័ត៌មាននេះមិនទាន់ជុំនៅឡើយទេ ដោយហេតុថា លោកទើបឡើងកាន់តំណែងជាអភិបាលស្រុកទើបតែ២ឆ្នាំប៉ុណ្ណោះ ខណៈរឿងនេះកើតឡើងតាំងពីជាង១០ឆ្នាំមុន ពោលតាំងតែពីលោកនៅធ្វើជាស្មៀនឃុំម្ល៉េះ។
សម្រាប់ករណីនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេ ពីភាគីឧកញ៉ា លឹម ទាឡេង គិតត្រឹមរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ ចំពោះការចោទប្រកាន់ថាបានធ្វើទារុណកម្មទៅលើ ភាគីជម្លោះឈ្មោះ ចាន់ ហឿ៕