(កំពង់ចាម)៖ នៅព្រឹកថ្ងៃ០៣ ខែសីហា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំរៀបចំពិធីក្រុងពាលី សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាលើ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ ដោយមានការចូលរួមពីគណៈស្នងការ លោកអធិការ-អធិការរង រហូតដល់មន្រ្តី និងលោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង៨ មេឃុំ ក្រុមប្រឹក្សាឃុំ និងតាជី-យាយជី។
ក្នុងគម្រោងសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ មានទំហំ១១ម៉ែត្រ គុណ៩ម៉ែត្រ (ស្របតាមប្លង់ស្តង់ដារក្រសួង) ក្រោមការផ្តួចផ្តើមកសាងដោយ លោក ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អភិបាលខេត្ត លោក អ៊ុន ចាន់ដា និងលោកផ្ទាល់ ដែលមានការចូលរួមឧបត្ថម្ភគាំទ្រ ពីសប្បុរសជននាៗនៅក្នុងមូលដ្ឋាន ជាពិសេសក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកចំការលើ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បាននាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបត្ថម្ភដល់លោកមេឃុំ, ក្រុមប្រឹក្សឃុំ, តាអាចារ្យ និងតាជីយាយជី សរុបជាថវិកាចំនួន៩៥ម៉ឺនរៀល៕