(ប៉េកាំង, ចិន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (8th RCEP Intersessional Ministerial Meeting) ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី០២-០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក HU Chunhua ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់កិត្តិយសបើកកិច្ចប្រជុំ និងបានបញ្ជាក់ថាប្រទេសចិន គាំទ្រយ៉ាងពេញទំហឹងក្នុងការបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០១៩នេះ។
អន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP លើកទី៨នេះ ត្រូវបានដឹកនាំដោយលោក Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីពាណិជ្ជកម្មថៃ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងប្រតិភូមកពីប្រទេសចរចា RCEP ទាំង១៦ និងអគ្គលេខាធិការអាស៊ាន សំដៅត្រួតពិនិត្យវឌ្ឍនភាពនៃការចរចា ក៏ដូចជាដោះស្រាយបញ្ហាសេសសល់នានា ដែលមានលក្ខណៈនយោបាយ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងអាសិបនៅចុងឆ្នាំ២០១៩នេះ ស្របតាមអាណត្តិផ្តល់ឲ្យដោយប្រមុខដឹកនាំនៃប្រទេសចរចាអាសិបទាំង១៦ កាលពីកិច្ចប្រជុំកំពូល RCEP លើកទី២ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរីកន្លងទៅ។
នាឱកាសនៃកិច្ចប្រជុំនេះផងដែរ រដ្ឋមន្ត្រី RCEP នៃប្រទេសអាស៊ានទាំង១០ ក៏មានរៀបចំជំនួបប្រជុំទ្វេភាគីរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ាន រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េ ណូវែលហ្សេឡង់ និងឥណ្ឌា ដើម្បីពិភាក្សាលើចំណុចរស៊ើប និងរកដំណោះស្រាយសមស្របសម្រាប់ប្រទេសនីមួយៗ ដែលទទួលយកបានដោយប្រទេសអាសិបទាំង១៦ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ និងទទួលបានកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចរចាទាំងអស់។ ដោយឡែកកម្ពុជា បានទទួលលទ្ធផលល្អប្រសើរពីការចរចាបើកច្រកទីផ្សារ ដោយពុំចាំបាច់រៀបចំចរចាទ្វេភាគីបន្ថែមឡើយ។
អង្គប្រជុំ បានសម្តែងនូវការពេញចិត្តលើវឌ្ឍនភាពនៃការចរចាបើកច្រកទីផ្សារ និងការចរចាលើអត្ថបទកិច្ចព្រមព្រៀង គិតចាប់ពីអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាសិប លើកទី៧ កាលពីខែមីនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប មកដល់អន្តរកិច្ចប្រជុំលើកទី៨នេះ ដែលក្នុងនោះ អង្គប្រជុំ បានប្រកាសពីការព្រមព្រៀងគ្នាលើឧបសម្ព័ន្ធចំនួនបីបន្ថែមទៀត រួមមាន ឧបសម្ព័ន្ធស្តីពីសេវាទូរគមនាគមន៍ ឧបសម្ព័ន្ធស្តីពីសេវាហិរញ្ញវត្ថុ និងឧបសម្ព័ន្ធស្តីពីសេវាជំនាញ ដែលគិតមកទល់ពេលនេះ កិច្ចចរចាបានបញ្ចប់ជំពូក ជាសរុបចំនួន ៧ និងឧបសម្ព័ន្ធចំនួន៣ លើ ២០ជំពូកសរុប និង ៨ឧបសម្ព័ន្ធសរុប។
អង្គប្រជុំ ក៏បានពិភាក្សា និងឯកភាពលើផែនការបញ្ចប់ការចរចាបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះក្នុងឆ្នាំ២០១៩នេះ ដើម្បីជាមូលដ្ឋានសំខាន់សម្រាប់ជួយរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសាកល ព្រមទាំងផ្តល់សញ្ញាទៅកាន់ពិភពលោកថាយើងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយប្រឆាំងគោលនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។ អង្គប្រជុំ បានដាក់ទិសដៅដល់ក្រុមអ្នកចរចាឲ្យបញ្ចប់ទាំងស្រុងលើការបើកច្រកទីផ្សារសម្រាប់គ្រប់ប្រទេស ហើយបញ្ចប់នូវអត្ថបទកិច្ចព្រមព្រៀងឲ្យបានយ៉ាងហោច៨០%នៃអត្ថបទសរុប ដើម្បីដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខានៅក្នុងខែមិថុនា ឆ្នាំ២០២០នាពេលខាងមុខនេះ។
កិច្ចប្រជុំរដ្ឋមន្រ្តី RCEP បន្ទាប់ គ្រោងនឹងធ្វើនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅទីក្រុងបាងកក សំដៅត្រួតពិនិត្យវឌ្ឍនភាពការងារសម្រាប់រាយការណ៍ ជូនថ្នាក់ដឹកនាំកំពូលអាសិបក្នុងខែវិច្ឆិកាខាងមុខ៕