(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា ដើម្បីពង្រឹងលើកស្ទួយបច្ចេកទេសជាប្រចាំ និងផ្តល់សេវាព្យាបាល និងថែទាំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាជន មន្ទីរពេទ្យបានពង្រឹងចំណេះជំនាញ ផ្នែកព្យាបាលបាក់បែកឆ្អឹង និងប្រព័ន្ធប្រាសាទ ជាពិសេសគ្រោះថ្នាក់ដោយវិស័យកីឡា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យ ងី ម៉េង ក្នុងសិក្ខាសាលាស្ដីពីការព្យាបាលវេជ្ជសាស្ដ្រ សល្យសាស្ដ្រ វិស័យកីឡាលើកទី៣ ដែលប្រារព្ធធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យរុស្ស៊ី ដែលមានការអញ្ជើញចូលរួមពីក្រុមគ្រូពេទ្យជំនាញដែលមកពីប្រទេសអូស្ត្រាលី, សមាគមលោកគ្រូពេទ្យជំនាញផ្នែកបាក់បែកឆ្អឹង និងប្រព័ន្ធប្រសាទ និងគ្រូពេទ្យ នៅក្លឹបបាល់ទាត់ផងដែរ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកសាស្ដ្រាចារ្យ ងី ម៉េង បន្ដថា «ដោយអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា ចាប់តាំងពីឆ្នាំ២០១៧មក មនី្ទរពេទ្យបានរៀបចំសិក្ខាសាលា អំពីការព្យាបាលវេជ្ជសាស្រ្ត សល្យសាស្រ្ត វិស័យកីឡា ដោយប្រមូលផ្តុំប្រធានបទដ៏ល្អៗ ពីវាគ្មិនមកពីប្រទេសអូស្រ្តាលី មកបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ ទៅលើការបាក់បែកឆ្អឹង និងសរសៃ Ligament ដែលកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសគោលដៅរបស់យើង ដើម្បីព្យាបាលអ្នកគ្រោះថ្នាក់ដោយសារលេងកីឡា អាចឱ្យពួកគាត់លេងកីឡាបានវិញដូចដើម»។
លោកសាស្ដ្រាចារ្យ ស៊ា ហួង បានថ្លែងផងដែរថា «នៅឆ្នាំ២០២៣ យើងនឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ដូច្នេះមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត មានសមាគមគ្រូពេទ្យជំនាញព្យាបាល ផ្នែកបែកបាក់ឆ្អឹង ប្រព័ន្ធប្រសាទ ក្រិច ថ្លោះ សសៃកែង ឬជង្គង់ មានរយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះទទួលបានការបណ្ដុះបណ្ដាល ពីគ្រូពេទ្យជំនាញៗពីអូស្ដ្រាលី។ ដូចនេះយើងសង្ឃឹមថា ដល់ឆ្នាំ២០២៣នោះ គ្រូពេទ្យនៅកម្ពុជា គឺកាន់តែមានចំណេះជំនាញ លើការវះកាត់ជំនាញទាំងនេះកាន់តែប្រសើរ ដើម្បីត្រៀមខ្លួនសង្គ្រោះកីឡាករណាមួយ ដែលអាចមានគ្រោះថ្នាក់ ដោយសារប្រកួតកីឡានេះ មុននិងក្នុងពេលប្រកួត»។
លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា កន្លងមកនេះមន្ទីរពេទ្យរុស្ស៊ី ទទួលព្យាបាលអ្នកគ្រោះថ្នាក់ដោយបាក់បែកឆ្អឹង ប្រព័ន្ធប្រសាទ ដោយមកសម្រាកព្យាបាល ក្នុងមួយថ្ងៃប្រមាណ១០០នាក់ និងអ្នកជំងឺថ្មីប្រមាណ១០នាក់ក្នុងមួយថ្ងៃៗ។ ក្នុងនោះមានអ្នកជំងឺ ដោយគ្រោះថា្នក់ចរាចរណ៍ និងលេងកីឡាករ៕