(ភ្នំពេញ)៖ លោកស្រី អេង លីគង់ ប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជា បានថ្លែងឲ្យដឹងថា កញ្ចប់ហិរញ្ញប្បទានចំនួន២០លានដុល្លារ របស់ធនាគារកាណាឌីយ៉ា ក.អ សម្រាប់គម្រោង «ស្រ្ដីវៃឆ្លាត» ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ នឹងជួយសម្រួលដល់ស្រ្ដីកម្ពុជាដែលមានអាជីវកម្មតូចៗ មានលទ្ធភាពក្នុងការទទួលកម្ចី ទៅពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងអត្រាការប្រាក់ទាប។
លើកឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោកស្រី អេង លីគង់ បានបញ្ជាក់ថា ហិរញ្ញប្បទាន២០លានដុល្លារនេះ ពិតជាផ្ដល់ភាពងាយស្រួលដល់ស្រ្ដី ដែលមានអាជីវកម្មខ្នាតតូច ជាមួយអត្រាការប្រាក់ទាបត្រឹមតែ៧.៨ប៉ុណ្ណោះ ដែលពីមុនអត្រាការប្រាក់ទាបបែបនេះ អាចផ្ដល់ជូនដល់សហគ្រិន ឬក្រុមហ៊ុនរបស់ស្រ្ដីណាដែលមានអាជីវកម្មធំក្នុងដៃប៉ុណ្ណោះ។
លោកស្រីបន្ថែមថា គម្រោងស្រ្ដីវៃឆ្លាតនេះ ធនាគារកាណាឌីយ៉ាបានសម្រេចបញ្ចេញថវិកា២០លានដុល្លារ សម្រាប់កម្ចីដល់ស្រ្ដីដែលមានខ្នាត SME ឬសហគ្រិនដែលមានអាជីវកម្មខ្នាតតូច អាចកម្ចីយកទៅប្រើប្រាស់ក្នុងការពង្រីកមុខរបររបស់ខ្លួន។
លោកស្រីបន្តថា ធនាគារមានលក្ខខណ្ឌមួយចំនួន សម្រាប់ផ្ដល់កម្ចីមានន័យថា អ្នកដែលអាចកម្ចីបានទល់តែជាស្រ្ដី មានអាជីវកម្មក្នុងដៃ ឬមួយជាម្ចាស់ភាគហ៊ុនជាស្រ្ដី មានជាង៥១%ទើបអាចខ្ចីបាន។ សម្រាប់លក្ខខណ្ឌនៃការខ្ចីជាមួយធនាគារ មានដូចគេដូចឯង ប៉ុន្ដែមានលក្ខខណ្ឌពិសេសមួយគឺ កម្ចីតូចតែទទួលបានអត្រាការប្រាក់ទាប កត្តាទាំងនេះធ្វើឲ្យស្រ្ដី មានកំលាំងចិត្តក្នុងការឈានឆ្ពោះទៅរកការបើកអាជីវកម្ម។
លោកស្រីបន្ថែមថា «គម្រោងហិរញ្ញប្បទាន២០លានដុល្លារនេះ ពិតជាអាចសម្រួលច្រើនដល់ស្រ្ដី។ ដោយឡែកស្រ្ដីគួរតែត្រៀមខ្លួនជាស្រេច សម្រាប់ផែនការអាជីវកម្ម គឺអាជីវកម្មរបស់គាត់ដំណើរការបាន១ឆ្នាំ ឬ២ឆ្នាំទើបអាចទទួលបានកម្ចីនេះបាន»៕